គណបក្ស សង្គ្រោះជាតិ ថ្កោលទោស ចំពោះ ការសម្លាប់មនុស្ស ក្រៅប្រព័ន្ធច្បាប់
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ ថ្កោលទោស ចំពោះការប្រើអំពើហិង្សា សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ តាមគ្រប់រូបភាព ខណៈវប្បធម៌នេះ កំពុងកើតឡើងស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ កត់សំគាល់ថា កម្ពុជាជួបបញ្ហាសោកនាដកម្មច្រើនរាប់មិនអស់មកហើយ ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល ដោយក្នុងនោះមានទាំងវាលពិឃាដ (នៅសម័យខ្មែរក្រហម) ថ្នល់ពិឃាដ (ការសម្លាប់មនុស្សដោយគ្រោះថ្នាក់ចរាចរណ៍ និងការបាញ់សម្លាប់តាមដងផ្លូវ) វាលពិឃាត (ការបាញ់សម្លាប់មនុស្សនៅក្នុងព្រៃ ដោយឆ្លងដែនទៅកាប់ព្រៃ តាមព្រំដែន) ជាដើម។
សេចក្តីថ្លែងការណ៍បន្តថា សោកនាដកម្មទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរនិរាសព្រាត់ប្រាស់ គ្រួសារ បងប្អូន ប្រពន្ធកូន ដោយសារទុក្ខវេទនា បន្សល់ទុកនូវវប្បធម៌នៃការប្រើហិង្សាក្នុងការដោះស្រាយបញ្ហាក្នុងសង្គមកន្លងមក។
សេចក្តីថ្លែងការណ៍ ដដែលបន្តថា ដើម្បីបញ្ចប់វប្បធម៌ ក្នុងសង្គមគ្រប់ប្រភេទ ហើយងាកមកប្រើវប្បធម៌ នៃការគោរពសិទ្ធិមនុស្ស ចេះស្រាលាញ់ អត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងការគោរពចំពោះអាយុជីវិត និងសេចក្តីថ្លៃថ្នូរដល់ជនគ្រប់រូប ដោយមិនប្រកាន់ជាតិសាសន៍។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា មានតែវប្បធម៌នៃការគោរពសិទ្ធិមនុស្ស និងការចេះយោគយល់គ្នា អធ្យាស្រ័យគ្នាទៅវិញទៅមកទេ ទើបបង្ហាញពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរជំនាន់ដើម និងនាំឲ្យខ្មែរ ចេះគោរព ស្រលាញ់ រួមសាមគ្គីគ្នា រកសុខសន្តិភាពពិតប្រាកដជូនសង្គមជាតិ។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ មិនបានលើកចំៗចំពោះករណីឃាតកម្មណាមួយមកបញ្ជាក់នោះទេ។ ប៉ុន្តែថ្មីៗនេះ សមត្ថកិច្ចបានបាញ់សម្លាប់អ្នកតវ៉ានៅតាមផ្លូវវ៉េងស្រេងយ៉ាងតិច៥នាក់ និង ជិត៤០នាក់ទៀតរងរបួស ហើយកាលពីថ្ងៃទី១៤ខែកុម្ភៈ ចំថ្ងៃមាឃបូជានោះ សន្តិសុខសាលារាជធានី បានវាយស្ត្រី អ្នកបុរីកីឡា របួសយ៉ាងតិច៩នាក់ រាប់ទាំងក្មេងប្រុសម្នាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងទើបសម្រាលកូនម្នាក់ផង៕
No comments:
Post a Comment