Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

មន្ត្រី​ ក្រសួង​មហាផ្ទៃ​៖ សម្តេចម៉ែ​ អះអាង ថា​ ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ ដែល​បាន​ រកឃើញ ​ជា​វត្ថុ​ពិត​

លោក ម៉ក់ ជីតូ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរកឃើញព្រះសុវណ្ណកោដ្ឋ និងព្រះសារីរិកធាតុមកវិញ កាលពីព្រឹកមិញ (រូបភាព៖ សឿន)

ព្រះពុទ្ធបដិមា ធ្វើពីលង្ហិន ត្រូវបានរកឃើញនៅផ្ទះជនសង្ស័យឈ្មោះ កែវ រស្មី (រូបថត៖ សឿន)


មន្ត្រី​ ក្រសួង​មហាផ្ទៃ​៖ សម្តេចម៉ែ​ អះអាង ថា​ ព្រះ​សុវណ្ណកោដ្ឋ​ និង​ព្រះ​បរម​សារីរិកធាតុ ដែល​បាន​ រកឃើញ ​ជា​វត្ថុ​ពិត​


ដោយ៖​ សុទ្ធ គឹម​សឿន​ / វីអូឌី | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014

​មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យដឹងថា ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះពុទ្ធ ដែល​បាន​រកឃើញ​វិញ កាលពី​ថ្ងៃ​ទី​០៦​ខែ​កុម្ភៈ​នោះ ជា​វត្ថុ​ពិតប្រាកដ ព្រោះ​សម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់​ព្រះបរមរាជវាំង បាន​យាង​ទត និង​ពិនិត្យ​រួចហើយ ហើយ​នឹង​គ្រោង​ដង្ហែ​ទៅ​តម្កល់ទុក​នៅ​ព្រះ​សក្យមុនីចេតិយ​លើ​លើ​ភ្នំ​ឧត្តុង្គ​វិញ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
នាយកដ្ឋាន​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ លោក ​ម៉ក់ ជី​តូ មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បន្ទាប់ពី​បាន​រកឃើញ ព្រះ​សុវណ្ណ​កោដិ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះពុទ្ធ កាលពី​ថ្ងៃ​ទី​០៦​ខែ​កុម្ភៈ កន្លងទៅ ក្រសួង​បាន​នាំយក​វត្ថុ​ដ៏​មាន​តម្លៃ​មហាសាល​នេះ ទៅ​តម្កល់​ទុក​នៅ​ព្រះបរមរាជវាំង​បណ្តោះអាសន្ន ហើយ​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ លោក គង់ សំអុល និង​មន្ត្រី​ព្រះបរមរាជវាំង​ផ្សេងទៀត បាន​យាង​ទត និង​ពិនិត្យ​រួចហើយ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា ជា​របស់​ពិតប្រាកដ​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការសង្ស័យ និង​យល់ច្រឡំ​តទៅទៀត​ «​ពេល​ណា​មាន​រូបភាព​មួយ​ឈ្លោះ​គ្នា​បែប​នេះ វា​ប៉ះពាល់​ខ្លះ​ហើយ ប៉ះពាល់​ក្នុង​ការវិនិយោគ ប៉ះពាល់​ដល់​ការរកស៊ី ទេសចរ​ក៏​ប៉ះពាល់ ហើយ​ប្រសិន​ជា​យើង​នៅ​បន្ត​អត់​ជជែក​គ្នា ខ្ញុំ​មើល​ទៅ​វា​ប៉ះពាល់ ខាត​ចុងបញ្ចប់ ខាង​ប្រយោជន៍​ជាតិ ហើយ​ខាត​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ អញ្ចឹង​វា​ប៉ះពាល់​គ្រប់​វិស័យ​»​។​
លោក ​ម៉ក់ ជី​តូ ឲ្យដឹងទៀតថា ព្រះបរមរាជវាំង គ្រោង​នឹង​ដង្ហែ​ព្រះ​សុវណ្ណ​កោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​ព្រះពុទ្ធ ទៅ​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ៍​លើ​ភ្នំ​ព្រះ​រាជទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​វប្បធម៌ ពិភាក្សា​គ្នា​រួចរាល់​ពី​ការ​វិធានការ​បង្កើន​ការការពារ​វត្ថុ​ដ៏​មាន​តម្លៃ​មហា​សាស​នេះ ដូចជា បន្ថែម​កម្លាំង​សមត្ថកិច្ច និង​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវិត្ថភាព ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាដើម​។
ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធ និង​វត្ថុ​មានតម្លៃ​ផ្សេងទៀត ក្នុង​ព្រះ​សក្យមុនី​ចេតិយ នៅលើ​ភ្នំ​ឧត្តុង្គ បាន​បាត់​កាលពី​យប់​រំលង​អាធ្រាត​ថ្ងៃទី​៩ ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣​។  បន្ទាប់​ពី​បាត់​អស់​រយៈពេល​ជិត​ពីរ​ខែ នៅ​ថ្ងៃ​ទី​០៦​ខែ​កុម្ភៈ សប្តាហ៍​មុន​នេះ សមត្ថកិច្ច​ខេត្ត​កណ្តាល និង​តាកែវ សហការ​ជាមួយ​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​រកឃើញ​វត្ថុ​ដ៏​មាន​តម្លៃ​នេះ​វិញ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ រស្មី នៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​
​ពាក់​ពន្ធ​នឹង​ករណី​នេះ លោក ម៉ក់ ជី​តូ ឲ្យដឹងថា តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ កែវ រស្មី គឺ​ជន​រូប​នេះ បាន​សារភាព​ថា ខ្លួន​ធ្វើ​សកម្មភាព​លួច​តែម្នាក់ឯង ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ជន​ផ្សេង​ទៀត​ឡើយ​។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​ពុំ​ជឿ​លើ​ការ​ឆ្លើយ​សារភាព​នេះ​ទេ ហើយ​កំពុង​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ «​អញ្ចឹង​មិន​មែន​តែ​ផ្ទះ​គាត់ យើង​ឆែក​គ្រប់​ផ្ទះ ៥​នាក់​ហ្នឹង ហើយ​ក្នុងនោះ​មាន​ផ្ទះ​គាត់ រកឃើញ​ព្រះពុទ្ធ​បដិមាករ ដល់​សួរ​គាត់ គាត់​ថា​យក​ពី​ភ្នំ​មក គាត់​មិន​មែន​ថា​លួច​ទេ គាត់​ថា​យក តាមពិត​វា​លួច​ហើយ​»​។​
​ក្រោយ​មាន​ហេតុការណ៍​បាត់​ព្រះ​បរម​សារីរិកធាតុ​ព្រះពុទ្ធ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣ តុលាការខេត្ត​កណ្តាល ក៏បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៥​នាក់ ដែល​ម្នាក់​ជា​ប្រធាន​ក្រុម​ឆ្មាំ​ព្រះ​សក្យមុនីចេតិយ​។ បន្ទាប់ពី​បាន​នាំខ្លួន លោក ផា សុ​ខែម ប្រធាន​ឆ្មាំ ទៅ​ផ្ទះ​របស់​លោក​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ សមត្ថកិច្ច​បាន​រកឃើញ​ព្រះ​បដិមា និង​វត្ថុ​បុរាណ​មួយ​ចំនួន មាន​ច្រើន​ប្រភេទ​រហូតដល់​ទៅ​២៨​មុខ​បាន​លាក់​ក្នុង​ផ្ទះ និង​ក្នុង​រថយន្តរ​បស់​ជនសង្ស័យ​៕




No comments:

Post a Comment