Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

អ្នក​មាន​ ជម្លោះ​ដីធ្លី​៖ ​រដ្ឋាភិបាល​ កុហក​ សហគមន៍​អន្តរជាតិ​ រឿង​រំលោភ​ដីធ្លី​ ពលរដ្ឋ​​

អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែត កាលពីព្រឹកមិញ (រូបភាពដោយ ញឹម សុខន)


អ្នក​មាន​ ជម្លោះ​ដីធ្លី​៖ ​រដ្ឋាភិបាល​ កុហក​ សហគមន៍​អន្តរជាតិ​ រឿង​រំលោភ​ដីធ្លី​ ពលរដ្ឋ​​


ដោយ៖​ ញឹម សុខន​ ​​/ វីអូឌី | ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជា​១០០​នាក់ បង្ហាញ​ការខកចិត្ត ចំពោះតំណាង​រដ្ឋាភិបាល ដែល​អះអាង​ប្រាប់​សហគមន៍​អន្តរជាតិ​ ថាជម្លោះ​ដីធ្លី​នៅ​កម្ពុជា ដែល​អាជ្ញាធរ មិន​អាច​ដោះស្រាយ ដោយ​រលូន​បាន ដោយសារ​ពលរដ្ឋ​ខ្លួនឯង​ជាអ្នក​បំប៉ោង​ទិន្នន័យ។​
​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​តំបន់​បឹងកក់ ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣ ខែ​កុម្ភៈ​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី អតី​សហគមន៍​បុរី​កីឡា ថ្មគោល បឹងកក់ និង​សហគមន៍​មួយចំនួនទៀត សម្ដែង​នូវ​ប្រតិកម្ម​របស់​ពួក​គាត់​ចំពោះ​តំណាង​រដ្ឋាភិបាល ដែល​ទម្លាក់កំហុស​មក​លើ​ពួកគាត់ ដែល​ជា​ជនរងគ្រោះ​នៃ​បញ្ហា​វិវាទ​ដីធ្លី​។
ពួក​គេ​អះអាង​ថា ក្នុង​កិច្ចប្រជុំ របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២៨​ ខែ​មករា តំណាង​រដ្ឋាភិបាល លោក​ ម៉ក់ សម្បត្តិ បាន​អះអាង​ថា បញ្ហា​ដីធ្លី​ដែល​អាជ្ញាធរ ក៏​ដូច​រាជរដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន ដោយសារ​ពលរដ្ឋ​ចេះ​តែ​បង្កើន​ចំនួន​គ្រួសារ​ដោយ​ខ្លួនឯង ពី​៥០០​នាក់ ទៅ​១.០០០​នាក់ ឬ​ឡើងដល់​ ១.៥០០​នាក់​ជា​ដើម ដែល​ធ្វើឲ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ។​
ក្រុម​អ្នក​រងគ្រោះ​ដោយសា​ការបណ្តេញចេញ អះអាងថា អ្វី​ដែល​លោក ម៉ក់ សម្បត្តិ លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ បាន​បិទបាំង​មុខមាត់​មន្ត្រី​ខិលខូច របស់​រដ្ឋាភិបាល ដែល​បាន​លាភសក្ការៈ​ពី​ការបណ្តេញចេញ ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ «​ការអភិវឌ្ឍន៍​នេះ សូម ម៉ក់ សម្បត្តិ និយាយ​សារ​ឡើងវិញ អ្វី​ដែល​ពួក​លោក​និយាយ ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ សូមឲ្យ​លោក​និយាយ​ការពិតមក​។ ១០​អាគារ​ឲ្យ​ពួកយើងខ្ញុំ​មក យើងខ្ញុំ​មិន​ចង់បាន​អ្វី​ទេ ចង់​បាន​តែ​ដប់​អាគារឲ្យ​គ្រប់ ហើយ​បើ​សល់​ប្រជាពលរដ្ឋ ចាំ​លោក​ថា ពួកយើង​បំប៉ោង ព្រោះ​អី​ពួក​យើង​មិន​ចេះ​ធ្វើឯកសារ​ខ្លួនឯងបាន​ដូច​អាជ្ញាធរ​ទេ​»​។​
​តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ​ទេព វ​ន្នី ដែល​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ ​របស់​អង្គការសហប្រជាជាតិ​ដែរនោះ អះអាងថា អ្វី​ដែល​តំណាង​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ​ ព្យាយាម​លាក់បាំង​ការពិត ហើយ​ទម្លាក់កំហុស​ដាក់​ពលរដ្ឋ​ខ្លួនឯង​នោះ អ្នកស្រី​ចាត់ទុកថា វា​ជា​ភាពអាម៉ាស់របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ នៅពេលដែល​ប្រទេស​មហាអំណាច​មួយចំនួន ​គេ​ដឹង​ពី​ហេតុការណ៍​ពិត​នៅ​កម្ពុជា​នោះ «​កុហក​ប្រជាពលរដ្ឋ​របស់​ខ្លួនឯង​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ កុំទៅ​កុហក​អន្តរជាតិ​ទៀត កុំ​ឲ្យ​ខ្មែរ​អាម៉ាសមុខ​ដោយសារ​អស់លោក​ឯង ដែល​គ្មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​»​។
​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​ របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ បកស្រាយ​ថា ការលើកឡើង​របស់​គាត់ ​គឺ​ផ្អែក​ទៅតាម​ច្បាប់​ភូមិបាល​ «​អ្វី​ដែល​ខ្ញុំ​លើក​នៅ​អង្គការ​សហប្រជាជាតិ​នោះ បញ្ហាដីធ្លី អ្វីៗ​ដោះស្រាយ​តាម​ច្បាប់ ជាពិសេស​ច្បាប់​ភូមិបាល ២០០១​នោះ ដើម្បី​ឲ្យមាន​កំណត់​ទិន្ន​ន័យ​ច្បាស់លាស់​នូវ​ប្រជាពលរដ្ឋ​ប៉ុន្មាន មាន​រស់នៅ​ពិតប្រាកដ​ប៉ុន្មាន​នោះ អ៊ីចឹងឲ្យ​មាន​ការបង្កើ​ត​សហគមន៍ របស់​គាត់​នោះ ដើម្បី​យើង​គិត​គ្នា​មើល កុំ​ឲ្យ​ថា​ថ្ងៃនេះ​ប៉ុណ្នេះ ហើយ​រួច​ទៅ​ប៉ុណ្ណោះ មាន​ការពិបាក​»​។​
​ទោះជា​យ៉ាងណា​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ក់ សម្បត្តិ បាន​សន្យាថា រាជរដ្ឋាភិបាល នឹង​ទទួលយក​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ​នៅពេលនេះ ដើម្បី​សិក្សា​ធ្វើយ៉ាងណា ជំរុញ​ឲ្យ​ការគោរព​សិទ្ធិមនុស្ស ​នៅ​កម្ពុជា​មាន​លក្ខណ​ល្អប្រសើរ​នាពេល​អនាគត​។​
យ៉ាងហោច​ណាស់ ​មាន​ប្រទេស​ជា​សមាជិក​៧៦​ក្នុងចំណោម ជាង​១០០​ប្រទេស ដែល​បាន​ចូលប្រជុំ បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា ធ្វើកំណែទម្រង់ ពី​ការបោះឆ្នោត គោរព​សិទ្ធិមនុស្ស សិទ្ធិ​ប្រមូលផ្តុំ និង​សិទ្ធ​ដីធ្លី​ផងដែរ៕



No comments:

Post a Comment