Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

ពលរដ្ឋ​ កំពង់ចាម​ បារម្ភ​ ពី​ត្រី​ងាប់ ​ពាស​ពេញ​បឹង​ ដោយ​គ្មាន​មូលហេតុ

ពលរដ្ឋ​ កំពង់ចាម​ បារម្ភ​ ពី​ត្រី​ងាប់ ​ពាស​ពេញ​បឹង​ ដោយ​គ្មាន​មូលហេតុ


ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ២៥ កុម្ភៈ​ ២០១៤
ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម សម្ដែង​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង នៅ​ពេល​ឃើញ​នៅ​ក្នុង​បឹង​របស់​ពួក​គាត់​មាន​ត្រី​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​បឹង ដោយ​មិន​ដឹង​មូលហេតុ។ ប៉ុន្តែ ពួក​គាត់​សង្ស័យ​ថា អាច​មាន​ការ​ប្រើប្រាស់​ថ្នាំ​បំពុល​ត្រី​នៅ​ក្នុង​បឹង ពីព្រោះ​បឹង​នោះ​មិន​ដែល​ឃើញ​មាន​បញ្ហា​អ៊ីចឹង​ទេ ហើយ​លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ត្រី​នោះ​ងាប់​ក្នុង​បឹង​មាន​ចំនួន​ច្រើន​បែប​នេះ នឹង​អាច​ធ្វើ​ឱ្យ​ត្រី​បាត់​បង់​មិន​ខាន។
មន្ត្រី​ជំនាញ​ផ្នែក​ជលផល​បាន​បញ្ជាក់​ថា ករណី​ត្រី​ងាប់​នោះ គឺ​ដោយសារ​បឹង​កាន់​តែ​រាក់ នៅ​បាត​បឹង​មាន​មមោក​ច្រើន ខ្វះ​អុកស៊ីហ្សែន និង​មាន​អាកាសធាតុ​មិន​ល្អ​ទៀត​ផង។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ប្រាំយ៉ាម ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក ព្រំ សាន បាន​មាន​ប្រសាសន៍​ថា លោក​បាន​សង្កេត​ឃើញ​នៅ​ក្នុង​បឹង​មួយ​កន្លែង ដែល​លោក​រស់​នៅ​ឈ្មោះ​ថា បឹង​វៀម ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្រីសន្ធរ មាន​ត្រី​ងាប់​ប្រហែល​ជា​ពីរ ឬ​បី​ថ្ងៃ​មក​ហើយ ដោយ​មិន​ដឹង​ពី​មូលហេតុ​នោះ​ទេ។
លោក​បន្ត​ថា បឹង​នេះ​មិន​ដែល​ជួប​បញ្ហា​បែប​នេះ​ទេ​ពី​មុន​មក។ ដូច​នេះ លោក​យល់​ថា អាច​បណ្ដាល​មក​ពី​សកម្មភាព​មនុស្ស​ដែល​រក​ស៊ី​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​បឹង ហើយ​វា​អាច​នឹង​មាន​ករណី​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​ទឹក​បឹង ដើម្បី​ចាប់​ត្រី ទើប​បណ្ដាល​ឱ្យ​មាន​ត្រី​ងាប់​អណ្ដែត​ពេញ​បឹង​យ៉ាង​នេះ។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ឃើញ​មាន​ត្រី​ងាប់​ច្រើន​យ៉ាង​នេះ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​នាំ​គ្នា​ផ្អើល​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​រើស​យក​ត្រី​ដែល​ងាប់​ទាំង​នោះ​មក​បរិភោគ។
លោក ព្រំ សាន៖ «បាទ! ព្រួយ​បារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​ហូប​ទៅ​រាករូស ឬ​ក៏​មាន​អ្នក​គ្រោះ​ថ្នាក់​អ៊ីចឹង​បង។ ខ្ញុំ​បារម្ភ​អ៊ីចឹង ព្រោះ​នាំ​គ្នា​ទៅ​រើស​លាន់​ពេញ​ទឹក​ពេញ​ដី អ្នក​ស្រែ​ដឹង​ស្រាប់​ហើយ។ ពេល​ដែល​បច្ចុប្បន្ន​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ភូមិ​ហ្នឹង​មិន​អាច​រក​អី​ហូប​បាន​ទេ ដោយសារ​ត្រី​គេ​បំពុល​ងាប់​អស់​អ៊ីចឹង»
លោក ព្រំ សាន ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ចាត់​វិធាន​ការ​ចំពោះ​ករណី​ត្រី​ងាប់​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​ម្យ៉ាង អាជ្ញាធរ​ក៏​ត្រូវ​ចាត់​វិធាន​ការ​ចំពោះ​អ្នក​រក​ស៊ី​នេសាទ​ត្រី ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ផ្សេង​ទៀត ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ត្រី​នៅ​ក្នុង​បឹង ពីព្រោះ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​នៅ​ក្នុង​ស្រុក​ស្រីសន្ធរ ក៏​បាន​រស់​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​ក្នុង​បឹង​នោះ​ដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​បឹង​គ្មាន​ត្រី ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ដែល​ប្រកប​របរ​នេសាទ​ត្រី​គ្រាន់​លក់​ចិញ្ចឹម​ឆ្នាំង នឹង​ធ្វើ​ចំណាក​ស្រុក​មិន​ខាន។
មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រាំយ៉ាម លោក ញាណ ប៊ុនណាត បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ត្រី​ងាប់​អណ្ដែត​ពេញ​បឹង​មែន។ ការ​ងាប់​នេះ មាន​រយៈពេល​បី​ថ្ងៃ​មក​ហើយ ឃើញ​មាន​សភាពការណ៍​មិន​ស្រួល ខាង​អាជ្ញាធរ​លោក​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ខាង​ជលផល ពីព្រោះ​ខ្លាច​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា មាន​គេ​ដាក់​ថ្នាំ​បំពុល​នោះ ប៉ុន្តែ​ជា​លទ្ធផល ត្រី​ដែល​ងាប់​នោះ​មិន​មែន​ងាប់​ដោយ​ពុល​ថ្នាំ​នោះ​ឡើយ ហើយ​ប្រជាពលរដ្ឋ​ដែល​យក​ត្រី​ទាំង​នោះ​ទៅ​បរិភោគ ក៏​មិន​ទាន់​ឃើញ​មាន​បញ្ហា​អ្វី​ដែរ៖ «អត់​ទាន់​កើត​មាន​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទេ​បាទ! ខ្ញុំ​មើល​នៅ​ក្នុង​ឃុំ​ហ្នឹង គាត់​រក​មក​ខ្លះ​គាត់​ធ្វើ​ប្រហុក​ធ្វើ​អី​អ៊ីចឹង​ណាស់។ អា​ត្រី​ងាប់ៗ​ហើមៗ​ស្អុយៗ​ហ្នឹង គាត់​យក​ធ្វើ​ប្រហុក​ហូប ហើយ​រស់​ហ្នឹង​គាត់​យក​មក​ស្ល​ហូប»
នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក គង់ ពុទ្ធារិទ្ធ បាន​មាន​ប្រសាសន៍​ថា ខាង​មន្ត្រី​ជំនាញ​លោក​បាន​ចុះ​ទៅ​ដល់​ទីកន្លែង​ឃើញ​ថា ត្រី​ដែល​ងាប់​យ៉ាង​ច្រើន​នៅ​ស្រុក​ស្រីសន្ធរ គឺ​មិន​មែន​ងាប់​ដោយសារ​ការ​ដាក់​ថ្នាំ​បំពុល​ទេ ប៉ុន្តែ​វា​អាច​ងាប់​ដោយសារ​អាកាសធាតុ​មិន​ល្អ ពីព្រោះ​ទា​ជាច្រើន​ដែល​អ្នក​ភូមិ​ចិញ្ចឹម​ជាប់​បឹង រួម​នឹង​សត្វ​ស្លាប​នៅ​ទីនោះ បាន​ស៊ី​ត្រី​ដែល​ងាប់​ទៀត​ផង ប៉ុន្តែ​មិន​ឃើញ​មាន​បញ្ហា​អ្វី​ឡើយ៖ «បើ​យើង​ពិនិត្យ​ទៅ​លើ​អាកាសធាតុ មុន​នឹង​ត្រី​ពុល​ហ្នឹង គឺ​មាន​ភ្លៀង គួប​ផ្សំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​មួយ​ទៀត​ត្រី​ដែល​ពុល​ហ្នឹង ភាគ​ច្រើន​នៅ​ពេល​ជិត​ភ្លឺ ពេល​ហ្នឹង​តាម​បច្ចេកទេស គេ​និយាយ​ថា អុកស៊ីហ្សែន​នៅ​ក្នុង​ទឹក​ហ្នឹង​នៅ​ទាប​បំផុត គួប​ផ្សំ​ទៅ​នឹង​ពេល​មេឃ​ជិត​ភ្លឺ ភ្លាម​តាម​ធម្មតា មាន​បើក​ថ្ងៃ តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​វា​ហប់​ខ្យល់ៗ​ហើយ​មិន​មាន​ពន្លឺ​ទៀត»
លោក​បន្ត​ថា ប្រសិន​បើ​ត្រី​ងាប់​ដោយ​ពុល​ថ្នាំ គឺ​ភាគ​ច្រើន​ត្រី​ក្នុង​បឹង​នោះ​ងាប់​ចម្រុះ​តែ​ម្តង ហើយ​ពពួក​សត្វ​ផ្សេងៗ​ដែល​រស់​នៅ​ក្នុង​បឹង​នោះ ប្រាកដ​ជា​ងាប់​ដែរ។ ចំណែក​មនុស្ស​ដែល​ប្រើប្រាស់​ទឹក អាច​កើត​មាន​ជំងឺ​ផ្សេងៗ​មិន​ខាន ប៉ុន្តែ​ករណី​នេះ មាន​តែ​ពពួក​ត្រី​ស្រកា​ស និង​ត្រី​ល្អិតៗ​ប៉ុណ្ណោះ​ដែល​ងាប់ ចំណែក​ប្រជាពលរដ្ឋ​ដែល​បរិភោគ​ត្រី​ទាំង​នោះ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោក​បន្ថែម​ថា វិធាន​ការ​ចំពោះ​មុខ ខាង​លោក​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ទៅ​ដល់​ក្រសួង ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ត្រី​ដែល​ងាប់​ត្រូវ​ថយ​ចុះ និង​ស្នើសុំ​ដើម្បី​ធ្វើ​ការ​កែលំអ​បរិស្ថាន​បឹង​នោះ​ឡើង​វិញ ពីព្រោះ​បឹង​នោះ​កាន់​តែ​រាក់ ហើយ​មមោក​កាន់​តែ​ច្រើន ទើប​ធ្វើ​ឱ្យ​មាន​ត្រី​ងាប់​បែប​នេះ៕




No comments:

Post a Comment