Paris Peace Accords 23 Oct. 1991

Tuesday, February 9, 2016

ពលរដ្ឋ ខ្មែរ-អាមេរិកកាំង ប្រកាន់ជំហរ​ ធ្វើបាតុកម្ម​ ប្រឆាំង​លោក ហ៊ុន សែន ទោះ​លោក សម រង្ស៊ី ព្រមាន​ | Cambodian-Americans announce its intention to demonstrate against Hun Sen despite Sam Rainsy's threat

ពលរដ្ឋ ខ្មែរ-អាមេរិកកាំង ប្រកាន់ជំហរ​ ធ្វើបាតុកម្ម​ ប្រឆាំង​លោក ហ៊ុន សែន ទោះ​លោក សម រង្ស៊ី ព្រមាន​

VOD / វីអូឌី | ៨ កុម្ភៈ ២០១៦


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ប្រជាពលរដ្ឋ ខ្មែរ​-អាមេរិកកាំង ប្រកាស ជាថ្មី​ ថា, ​ខ្លួន​ នឹង​ ធ្វើបាតុកម្ម នៅពេល លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​បំពេញ ទស្សនកិច្ច នៅសហ​រដ្ឋ អាមេរិក ដែលគ្រោងធ្វើឡើង​ នៅពាក់កណ្តាល ខែកុម្ភៈ ខាងមុខនេះ បើ ទោះ​ ជា​លោក សម រង្ស៊ី មេដឹកនាំ​ បក្សប្រឆាំង ​ព្រមាន កុំ ឲ្យធ្វើ បាតុកម្ម ក៏ដោយ។​


តាមគម្រោង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយ មេដឹកនាំ ប្រទេស ជាសមា​ជិក អាស៊ាន ក្នុងនោះ មានលោក ហ៊ុន សែន ផងដែរ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋ អាមេរិក នៅថ្ងៃ ទី១៥-១៦ ខែកុម្ភៈ។​


នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ចេញផ្សាយនៅថ្ងៃ​ចន្ទនេះ​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​ វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្កឧបសគ្គ​ឬរារាំង​និង​ បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ ប្រឆាំង​លោក ហ៊ុន សែន។​ លោក​បញ្ជាក់​ថា៖ “ការធ្វើបាតុកម្ម​នឹង​ ប្រព្រឹត្តទៅតាមការគ្រោង​ទុក​ដោយ​ពុំមានការអាក់ខានឡើយ ហើយ​សូមបញ្ជាក់​ថា​អង្គការ​យើងខ្ញុំ​ជាអង្គការ​ឯករាជ្យ​មិនពាក់ព័ន្ធ​គណបក្ស ​នយោបាយណាមួយឡើយ”។​ បើតាមសេចក្តីថ្លែងការណ៍នោះ អ្នកចូលរួម​ធ្វើបាតុកម្ម​នឹង​ដាក់​ញត្តិស្តីពី​ការរំលោភសិទ្ធិមនុស្ស​ នៅកម្ពុជា​និង​ការចាប់ដាក់គុក​នូវក្រុមសកម្មជនប្រជាធិបតេយ្យ។

លោក ទូច វិបុល បាន​លើក​ឡើង​ថា​៖ “ប្រាកដណាស់ ជាង​៣០ឆ្នាំ​ ក្រោមការគ្រប់គ្រងរបស់​លោក ហ៊ុន សែន បានធ្វើ​ខ្លួន​ជាជនមិនគួរ​ឲ្យ​ទុកចិត្ត​បាន សម្រាប់​ពលរដ្ឋខ្មែរ។ លោក ហ៊ុន សែន ជា​ជនគ្រោះ​ថ្នាក់បំផុត​​ដល់សង្គមកម្ពុជា ជាពិ​សេស​ជាជនរងគ្រោះដល់សន្តិសុខ​ក្នុងតំបន់ASEANដែលយើង​ទាំងអស់គ្នា​មិនត្រូ​វការមេដឹកនាំ​រូបនេះ​ទៀតឡើយ”

កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុង​គេចពីការចាប់ខ្លួន បាន​ថ្លែង​ពីសហរដ្ឋអាមេរិក​​មកថាលោកមិនគាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះទេ ហើយ​លោក​ប្រកាស​មិនទទួល​ស្គាល់​សកម្មភាព​អ្នក​ដែល​នៅ​តែ​ចូល​រួម​​ធ្វើ​ បាតុកម្មនេះ​។​ លោក​ថ្លែង​ថា​៖ “រឿងបាតុកម្ម​ គណបក្ស​សង្រ្គោះជាតិ​គឺ​សូម​ឲ្យ​បងប្អូន​ផ្អាក​ទាំងអស់ គម្រោងធ្វើបាតុកម្ម​នៅទីណា​ក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ​ វាអត់​មានចំណេញ​អ្វី ខាត។ អ្វីដែល​យើង​ចង់បានជា​អាទិភាព​ ការបោះឆ្នោត​ ហើយ​យើង​ចូល​ក្នុងអន្ទ្រាក់គេហើយ​ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា​ សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹង​វាមិនដឹងជា​ទៅណា…”។​

ជាការឆ្លើយ​តប លោក ទូច វិបុល ប្រាប់វីអូឌី​ថា៖ "នោះជាសិទ្ធិរបស់លោក(លោក សម រង្ស៊ី)។ ចំពោះការរៀបចំធ្វើនេះគឺក្នុងនាមយើងជាពលរដ្ឋខ្មែរអាមេរិកាំង ដូចបានថ្លែងក្នុងសេចក្តីថ្លែង​ការណ៍ស្រាប់"។​

​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណ​ បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិក។

នៅពេលសួរ​ថា​តើ​នឹង​មានបាតុកម្ម​ប្រឆាំង​ បាតុកម្មនៅកម្ពុជា ប្រសិន​បើ​បាតុកម្ម​កើតឡើង​នៅ​អាមេរិក អ្នកនាំពាក្យ​គណបក្សប្រជា​ជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាគណបក្សរង់ចាំ​មើល​បាតុកម្មនៅសហរដ្ឋអាមេរិកជាមុនសិន។​​

លោក ទូច វិបុល ធ្លាប់​ប្រាប់វីអូឌីថាលោកកំពុងតែអំពាវនា​ វឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើឡើងនៅទីក្រុង​SunderlandsនៅRacho Mirageនៃ​រដ្ឋកាលីហ្វញ៉ា។ លោកបន្ត​ថាតាមគម្រោងមានមនុស្សប្រមាណ​ពី៣០០ទៅ៥០០នាក់ចូលរួម។ នៅពេលសួរថាតើលោកមានតួនាទីនៅក្នុងគណបក្សសង្រ្គោះជាតិ លោក ទូច វិបុល មានប្រសាសន៍ថាលោកមិនមានតួនាទីផ្លូវការឬក៏សមាជិកផ្លូវការរបស់​ គណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែ​លោកបញ្ជាក់លោកគាំទ្រគោលនយោបាយរបស់គណបក្សប្រឆាំង​ ក្នុងនាមជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ។

គួរបញ្ជាក់​ថា​កាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕




No comments:

Post a Comment