Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

ចៅ​ក្រម​ តុលាការ​ សាលា​ឧទ្ធរណ៍​ សម្រេច​ មិន​ដោះ​លែង​ បាតុករ​ ២១​ នាក់​ទេ​

សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ
សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ
RFI-ចាន់ណា

ចៅ​ក្រម​ តុលាការ​ សាលា​ឧទ្ធរណ៍​ សម្រេច​ មិន​ដោះ​លែង​ បាតុករ​ ២១​ នាក់​ទេ​

ដោយ លី ម៉េងហួរ / RFI | ១១ កុម្ភៈ ២០១៤
បន្ទាប់ពី​ សវនាការ​ អសាធារណៈ ដោយ​បិទទ្វារ​ រយៈពេល​ប្រហែល ៣ ម៉ោង នៅ​ព្រឹក​ថ្ងៃទី១១ កុម្ភៈ​នេះ ចៅក្រម​តុលាការ​ សាលាឧទ្ធរណ៍ បានសម្រេច​ មិន​ដោះលែង​ បាតុករ ចំនួន ២១ នាក់ ដែលជា​ សកម្មជន​ សិទ្ធិមនុស្ស លោក វន់ ពៅ សកម្មជន​ដីធ្លី និង​ក្រុមកម្មករ នោះទេ។ ចៅក្រម ៣ រូប របស់​ តុលាការ​សាលាឧទ្ធរណ៍ សំអាង​លើ​ នីតិវិធី​ របស់​ តុលាការ កំពុង​បន្ត​ស៊ើបអង្កេត លើ​ករណី​បាតុកម្ម របស់​ កម្មករ​រោងចក្រ​កាត់ដេរ  ដែល​ទាហាន ប៉ូលិស និង​ប៉េអឹម បង្ក្រាប នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥ នាក់ និង​របួស​ ជាច្រើន​នាក់ កាលពី​ថ្ងៃទី២ និង​ថ្ងៃទី៣ មករា។

សវនាការ​ដោយ​បិទទ្វារ នៅ​តុលាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១១កុម្ភៈ​នេះ មាន​វត្តមាន​ចៅក្រម​ជំនុំជម្រះ ៣ រូប តំណាង​អយ្យការ​ម្នាក់ ក្រឡាបញ្ជី​ម្នាក់ និង​មេធាវី ១០ នាក់ ការពារ​បាតុករ​ទាំង ២១ នាក់។ សាធារណៈជន មិនអាច​ចូល​ស្តាប់​សវនាការ​លើ​បណ្តឹង​នៅក្រៅ​ឃុំ​បានទេ។ រីឯ​បាតុករ​ទាំង ២១ នាក់ ក៏​មិន​ត្រូវបាន​នាំខ្លួន មក​ចូលរួម​សវនាការ​ឡើយ។

ក្រោយពី​សួរដេញដោល​អស់​ពេល​ប្រហែលជា ៣ ម៉ោង លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​ការសម្រេច​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ។ ចៅក្រម​សំអាង​លើ​ហេតុផល ៣ ចំណុច រួមមាន៖ បើ​ដោះលែង​បាតុករ​ទាំង ២១ នាក់ នោះ​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ធានា​វត្តមាន​របស់​ជ​ន​ជាប់ចោទ ចំពោះមុខ​តុលាការ ហើយ​ម្យ៉ាងទៀត សំណុំរឿង​ក្តី​នេះ តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត។
 

ប៉ុន្តែ​មេធាវី​ការពារ​បាតុករ​ទាំង ២១ នាក់ និង​សកម្មជន​សិទ្ធិមនុស្ស បាន​សម្តែង​ការសោកស្តាយ ហើយ​ចាត់ទុកថា ចៅក្រម​តុលាការ មិន​ឯករាជ្យ ហើយ​សម្រេច​ផ្នែក​លើ​ហេតុផល​នយោបាយ។

សកម្មជន​សិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បាន​លើកឡើងថា តុលាការ សម្រេច​ក្តី​នេះ មិន​ឈរលើ​មូលដ្ឋាន​ច្បាប់​ទេ។ ការបន្ត​ឃុំខ្លួន​លើ​បាតុករ​ទាំង ២១ នាក់ ជា​យុទ្ធសាស្ត្រ ក្នុង​ការយក​ជន​ទាំង ២១ នាក់ ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ។

ចំណែក​លោក សំ សុខ​គង់ មេធាវី​ការពារ​លោក​វន់​ពៅ និង​បាតុករ​ជាច្រើន​នាក់​ផ្សេងទៀត បានប្រកាសថា នឹងដាក់​ពាក្យ​ប្តឹង​បន្តទៅ​កាន់​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​បាតុករ​ទាំង ២១ នាក់ បាន​នៅក្រៅ​ពន្ធនាគារ។

ប្រពន្ធ​លោក វន់ ពៅ សកម្មជន​ដីធ្លី និង​អ្នកការពារ​សិទ្ធិមនុស្ស​រាប់រយ​នាក់ បាន​យំ​ស្រែក​បោក​ខ្លួន​នៅ​តុលាការ​សាលាឧទ្ធរណ៍ ខណៈដែល​ពួកគេ​លើក​បដា ស្រែក​តវ៉ា ទាមទារ​ឲ្យ​ដោះលែង បាតុករ​ទាំង ២១ នាក់។ បាតុករ ២៣ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ប្រមាថ​មន្ត្រីរាជការ​សាធារណៈ និង​បទ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ​កាលពី​ថ្ងៃទី៧កុម្ភៈ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​កម្មករ ២នាក់ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន៕


No comments:

Post a Comment