Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

អ្នក​ភូមិ​បឹង​កក់​ ដាក់​ញត្តិ​ ទៅ​ក្រសួង​យុត្តិធម៌ ​និង​សាលា​ឧទ្ធរណ៍ ទាមទារ ​ឲ្យ​ដោះ​លែង​ អ្នក​​ជាប់​ឃុំ ​ទាំង​២១​នាក់

ស្ត្រី​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា តវ៉ានៅ​មុខ​សាលាឧទ្ធរណ៍ នា​ពេល​កន្លង​មក
ស្ត្រី​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា តវ៉ានៅ​មុខ​សាលាឧទ្ធរណ៍ នា​ពេល​កន្លង​មក
© ចាន់ណា/rfi

អ្នក​ភូមិ​បឹង​កក់​ ដាក់​ញត្តិ​ ទៅ​ក្រសួង​យុត្តិធម៌ ​និង​សាលា​ឧទ្ធរណ៍ ទាមទារ ​ឲ្យ​ដោះ​លែង​ អ្នក​​ជាប់​ឃុំ ​ទាំង​២១​នាក់

ដោយ អ៊ឹម រចនា / RFI | ១០ កុម្ភៈ ២០១៤
ប្រជា​សហគមន៍​បឹង​កក់ ដាក់​ញត្តិ​ ទៅ​ក្រសួង​យុត្តិធម៌ និង​សាលា​ឧទ្ធរណ៍ ទាមទារ​ ឲ្យ​ដោះ​លែង​ អ្នក​ដែល​ជាប់​ឃុំ​ ទាំង​២១​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ។ បន្ទាប់​ពី​ឈរ​ស្រែក​តវ៉ា​ នៅ​មុខ​ស្ថាប័ន​ទាំង​ពីរ​នេះ​ អស់​មួយ​រយៈ​ពេល តំណាង​៣​នាក់​ របស់​ ក្រុម​អ្នក​ភូមិ​បឹង​កក់ ត្រូវ​បាន​ អនុញ្ញាត​ ឲ្យ​ចូល​ទៅ​ ដាក់​ញត្តិ ទាំង​នៅ​ក្រសួង​យុត្តិធម៌ និង​សាលា​ឧទ្ធរណ៍។ ការ​ដាក់​ញត្តិ​ របស់​អ្នក​ភូមិ​បឹង​កក់ បាន​បញ្ចប់​ នៅ​ម៉ោង​៩​ និង​៤៥​ នាទី​ព្រឹក ​ដោយ​គ្មាន​ ការ​ប៉ះ​ទង្គិច​ ណាមួយ​​ កើត​ឡើង​ឡើយ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០​កុម្ភៈ​នេះ ប្រជាសហគមន៍​បឹង​កក់ ជាង​១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ ក្រសួង​យុត្តិធម៌ និង​​បន្ទាប់​មក​ នៅ​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​ដាក់​ញត្តិ ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់ លោក​ចាន់ ពុទ្ធិសក្តិ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​វ៉ន ពៅ និង​កម្មករ​ទាំង​១៩​​នាក់ ដែល​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ម៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម។

បន្ទាប់​ពី​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ទាំង​ពីរ​នេះ​រួច អ្នក​ស្រី​ទេព វណ្ណី តំណាង​អ្នក​ភូមិ​បឹង​កក់ បាន​បញ្ជាក់ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ជាប់​ឃុំ​ទាំង​​២១​នាក់ និង​កម្មករ​២​នាក់​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ មិន​មាន​កំហុស​ទេ។ អ្នក​ស្រី បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ និង​សាលាឧទ្ធរណ៍ ​បោះបង់​ចោល​​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​២៣នាក់ ព្រម​ទាំង​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​១១​កុម្ភៈ ស្អែក​នេះ​ត​ទៅ។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​១០​កុម្ភៈ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​វ៉ន ពៅ និង​កម្មករ​២០​នាក់​ទៀត ឲ្យ​មាន​សេរីភាព។ បើ​តាម​​សេចក្ដី​ថ្លែង​ការណ៍​ដដែល ការ​ចាប់​និង​ឃុំ​ខ្លួន មនុស្ស​ចំនួន​២៣​នាក់ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​កាល​ពី​ដើម​ខែ​មករា​នោះ គឺ​ជា​ការ​ចាប់ និង​ឃាត់​ខ្លួន ដោយ​រំលោភ​ច្បាប់ រំលោភ​នីតិវិធី និង​គ្មាន​មូលដ្ឋាន អង្គហេតុ និង​អង្គច្បាប់​ជា​មូលដ្ឋាន​ឡើយ។ និង​ថា វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

សូម​រំលឹក​ថា អាជ្ញាធរ​បាន​ឃុំ​ខ្លួន​មនុស្ស​ចំនួន​២៣​នាក់ ក្រោយ​ការ​ប៉ះ​ទង្គិច​នៅ​ថ្ងៃ​ទី​២ និង​ទី​៣​មករា​កន្លង​ទៅ។ ហើយ​ក្រោយ​មក នៅ​ថ្ងៃ​ទី​៧​កុម្ភៈ​ថ្មី​ៗ​នេះ អ្នក​ជាប់​ឃុំ​២​នាក់ ក្នុង​ចំណោម​អ្នក​ទាំង​២៣​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។​

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដី​ធ្លី និង​កម្មករ ទាំង​២១​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ។ ​តើ​អ្នក​ទាំង​២១​នាក់ នឹង​មាន​វត្តមាន​នៅ​ក្នុង​សវនាការ ​នៅ​ថ្ងៃ​ស្អែក​នេះ​ឬ​ក៏​ទេ? លោក​អំ សំអាត មន្ដ្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា រឿង​នេះ​​អាស្រ័យ​លើ​សាលា​ឧទ្ធរណ៍ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ។ ប៉ុន្តែ​ អង្គការ​សង្គម​ស៊ីវិល​បានស្នើសុំ​ឲ្យ​មាន​វត្តមាន​អ្នក​ទាំង​២១​នាក់ នៅ​ក្នុង​សវនាការ​រួច​ហើយ ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ជា​ធរមាន៕



No comments:

Post a Comment