Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

ក្រុមអ្នកកាសែត វ័យក្មេង ដាក់​សម្ពោធ​ស្នាដៃ របស់ខ្លួន “​ក្រឡេក​មើល​ កម្ពុជា​ ឆ្នាំ​២០១៣”​

ទស្សនាវដ្តី "ក្រឡេកមើលកម្ពុជាឆ្នាំ២០១៣" (រូបថត ស៊ុន ណារិន)


ក្រុមអ្នកកាសែត វ័យក្មេង ដាក់​សម្ពោធ​ស្នាដៃ របស់ខ្លួន “​ក្រឡេក​មើល​ កម្ពុជា​ ឆ្នាំ​២០១៣”​


ដោយ៖​ តាំង វីដា​ / វីអូឌី​ | ថ្ងៃសៅរ៍ ទី8 ខែកុម្ភៈ ឆ្នាំ2014

ក្រុម​និស្សិត​ជំនាន់​ទី​១១ នៃ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដាក់​សម្ពោធ​ទស្សនា​វ​ដ្តី ស្នាដៃ​ដំបូង​របស់​ខ្លួន ក្រោម​ចំណងជើង​ថា “​ក្រឡេក​មើល​កម្ពុជា​ឆ្នាំ​២០១៣”​។​
​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ ក្រុម​និស្សិត​ជំនាន់​ទី​១១ ឆ្នាំ​ទី​៣ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ គមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ដាក់​សម្ពោធ​ទស្សនា​វ​ដ្តី​របស់លោក នៅ​បរិវេណ សាកលវិទ្យាល័យ ចាប់ពី​ម៉ោង ៤ និង​៣០​នាទី ដល់​ម៉ោង ៧​ល្ងាច​។ ក្នុង​ទំព័រ​ទស្សនា​វ​ដ្តី​ថ្មី ក្រោម​ចំណងជើង​ថា “​ក្រឡេក​មើល​កម្ពុជា​ឆ្នាំ​២០១៣” នេះ ក្រុមនិស្សិត បាន​ផ្តោត​ការយកចិត្តទុកដាក់ ទៅ​លើ​ការ​វិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ដោយ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​ជាច្រើន នៅក្នុង​ឆ្នាំ​២០១៣ កន្លងទៅ​។​



លោក ហ៊ុន ម៉ានី (ដៃកាន់សៀវភៅ) ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា (រូបថត ស៊ុន ណារិន)
ក្រុមនិស្សិត ដែល​ជា​អ្នកសារព័ត៌មាន​វ័យក្មេង​ទាំងនេះ បាន​ដាក់​បញ្ចាំង​ពី​រឿងរ៉ាវ​ផ្សេងៗ ទាក់ទង​នឹង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និង​បែបផែន​នៃ​ជីវិត​នានា ដែល​កើតមាន ខណៈ​កម្ពុជា កំពុង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​លើ​គ្រប់​វិស័យ​។​
ទស្សនាវដ្តី ស្ថាបត្យកម្មកម្ពុជា និងតន្ត្រីខ្មែរដែលក្រុម​និស្សិតបានផលិតកាលពីឆ្នាំកន្លងទៅ (រូបថត ស៊ុន ណារិន)

ជា​រៀងរាល់ឆ្នាំ និស្សិត​នៃ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ តែងតែ​រៀបចំ​ពិធី​សម្ពោធ​ស្នាដៃ​របស់​ខ្លួន ដោយ មាន​ចូលរួម​ពី​និស្សិត​ជា​ច្រើន​ជំនាន់ រួម​នឹង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ជួប​សំណេះសំណាល និង​ចែករំលែក​បទពិសោធន៍​ក្នុង​វិស័យ​នេះ​។​
​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​ដំបូង ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០១​។ ដេ​ប៉ាតឺ​ម៉ង់​នេះ មាន​បរិក្ខា​សិក្សា​ប្រកប​ដោយ​វិជ្ជាជីវៈ និង​បណ្ណាល័យ​ប្រើប្រាស់ ៧​ថ្ងៃ​ក្នុង​១​សប្តាហ៍ រួម​ទាំង​ផ្តល់​លទ្ធភាព ដល់​និស្សិត ទទួលបាន​អាហារ​រូបករណ៍​ទៅ​បន្ត​ការសិក្សា និង​ទស្សនកិច្ច​សិក្សា​នៅ​បរទេស​ផង​ដែរ​៕




No comments:

Post a Comment