Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

សាលាឧទ្ធរណ៍​ បដិសេធ​ ការសុំ​ នៅ​ក្រៅ​ឃុំ​ របស់​ អ្នក​ទាំង​២១​នាក់​​


រូបថតសកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ដែល​ជាប់ឃុំ (រូបថត តាត ឧត្តម)

សាលាឧទ្ធរណ៍​ បដិសេធ​ ការសុំ​ នៅ​ក្រៅ​ឃុំ​ របស់​ អ្នក​ទាំង​២១​នាក់​​


ដោយ៖​ តាំង វីដា​ | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014

អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​ទុកជា​បានការ​។​
​ក្រោយ​សវនការ​រយៈពេល​ជាង ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង ដោយ​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដោយ​លើក​ហេតុផល​ថា ការដោះលែង​នៅ​ពេល​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះពាល់​ដំណើរការ​សវន​ការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​
ក្រោយ​ការសម្រេចសេចក្តី អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ភរិយា​លោក វ​ន់ ពៅ បាន​ស្រែក​ទ្រហោយំ​ជាមួយនឹង​កូនៗ ខាង​មុខ​សវនាការ ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​តុលាការ ពិចារណា​ស្ថានភាព​ជំងឺ​ប្រចាំកាយ​ប្តី​របស់​អ្នកស្រី ដើម្បី​អាច​ឲ្យ​គាត់​ទទួល​ការព្យាបាល តាម​ពេល​កំណត់​ «រងការឈឺចុកចាប់ខ្លាំងមែនទែន ហើយស្ថានភាពរបស់គាត់ ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានសភាពធ្ងន់ធ្ងរមែនទែន ហើយណាមួយ គាត់ជិតដល់ថ្ងៃ ត្រូវទៅពិនិត្យសុខភាពនៅប្រទេសថៃ ថ្ងៃ១៨ ខែពីរនេះ នៅពេលតុលាការ មិនអនុញ្ញាតគាត់នៅក្រៅឃុំ មានន័យថា តុលាការ យង់ខ្នងមែនទែន ដែលធ្វើប្រជាពលរដ្ឋខ្លួនឯង»។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ខកចិត្ត​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​យល់ថា តុលាការ ហាក់​មិន​បាន​ពិចារណា​ពី​បញ្ហា​សុខភាព​របស់​ជន​ជាប់ឃុំ និង​កាតព្វកិច្ច ផ្គត់ផ្គង់​គ្រួសារ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ជន​ត្រូវ​ចោទ​ឡើយ​។ លោក​ថា តាម​នីតិវិធី ផ្អែក​លើ​បទ​ចោទ តុលាការ គប្បី​ជ្រើសរើស​ការឲ្យ​នៅ​ក្រៅ​ឃុំ ជាជាង​ការឃុំខ្លួន​បណ្តោះអាសន្ន​ «បទល្មើសមជ្ឈឹម ចឹងទោសកម្រិតដែលល្មម ដែលគួរតែអនុញ្ញាតឲ្យនៅក្រៅឃុំ ដែលជាជម្រើស សេរីភាពរបស់ពលរដ្ឋ ជាជាងការឃុំខ្លួនបណ្តោះអាសន្ន»។
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា សេចក្តីសម្រេច​នេះ ហាក់​រង​ឥទ្ធិពល​ពី​ស្ថាប័ន​រដ្ឋាភិបាល ហើយ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល ផ្សាភ្ជាប់​ជន​ត្រូវ​ចោទ​ទាំង​២៣​នាក់ ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​នៅពេលនេះ ដោយសារ​ពួកគេ កន្លងមក ធ្លាប់បាន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ «ក្នុងប្រទេសកម្ពុជា មិនឲ្យមានការឃុំខ្លួនអ្នកទោសនយោបាយ ប្រសិនបើចេតនា យកអ្នកទាំង២១នេះ ឃុំខ្លួនដើម្បីដោះស្រាយវិបត្តិនយោបាយ មានន័យថា ប្រទេសយើងនៅអនុវត្តអ្នកទោសនយោបាយ ដែលខុសពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិ»។
សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​រសៀល​ថ្ងៃ​នេះ​ថា ការសម្រេចសេចក្តី​របស់​តុលាការ គឺជា​ចេតនា បំបាត់​សំឡេង​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​តវ៉ា និង​ឆ្លុះបញ្ចាំង​ពី​ភាព​មិន​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ លើ​ករណី​នេះ​។
​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សវន​ការ​នេះ ក៏បាន​លើកឡើង​ដែលថា ការ​មិន​មាន​វត្តមាន​របស់​ជន​ត្រូវ​ចោទ​ទាំង​២១​នាក់ ក្នុង​ស​នវ​ការ​សាលាឧទ្ធរណ៍​នេះ គឺជា​ភាពខ្វះ​ចន្លោះ​មួយ ដែល​នាំ​ឲ្យ​ដំណើរការ មិន​មាន​ភាពយុត្តិធម៌​។​
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម លោក ឃុន លាង​ម៉េង ដែល​កាន់​សំណុំរឿង​នេះ​បាន​នៅឡើយ​ទេ​។
តែ​ទាក់ទិន​នឹង​ការសម្រេច​នេះ លោក សំ សុគ​ង់ មេធាវី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក វ​ន់ ពៅ និង​កម្មករ​មួយ​ចំនួន​ទៀត មានប្រសាសន៍ថា ក្រុម​មេធាវី នឹង​ពិភាក្សាគ្នា​លើ​ករណី​ទាំងនេះ ហើយ​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ចំពោះ​ការស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ នៅក្នុង​សប្តាហ៍​នេះ​ «ក្រុមមេធាវីយើងខ្ញុំ មិនអាចទទួលយកបានទេ ដោយសារការសម្រេចនេះ មិនមានលក្ខណៈត្រឹមត្រូវ ទៅតាមមាត្រា ក្នុងការសំអាងហេតុ មិនសមស្រប»។
កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ អ្នក​ទាំង​២១​នាក់ ដែល​នៅ​សេសសល់​នោះ រួមមាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ និង​កម្មករ​១៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក សម្រាប់​កម្មករ​ម្នាក់ទៀត និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ ករណី​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ ទាំង​២១​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​៕​




No comments:

Post a Comment