Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

ការ​លួច​​លក់​​ សៀវ​​ភៅ​​ សិក្សា​​គោល ​​នាំ​​ឲ្យ ​​ប៉ះ​​ពាល់ ​​ដល់ ​​ការ​​សិក្សា ​​របស់ ​​សិស្ស​

សិស្ស​កំពុង​ប្រឡង​បាក់ឌុប
សិស្ស​កំពុង​ប្រឡង​បាក់ឌុប
© សុវណ្ណារ៉ា/RFI

ការ​លួច​​លក់​​ សៀវ​​ភៅ​​ សិក្សា​​គោល ​​នាំ​​ឲ្យ ​​ប៉ះ​​ពាល់ ​​ដល់ ​​ការ​​សិក្សា ​​របស់ ​​សិស្ស​

ដោយ ប្រាក់ ធីតា / RFI | ១២ កុម្ភៈ ២០១៤
សិស្ស​អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ខាត​សៀវ​ភៅ សិក្សា​គោល បើ​ទោះ​បី​ជា​ក្រសួង​អប់រំ​បាន​ចំ​ណាយ​ថវិកា​ជាតិ​ប្រ​មាណ​ជា ​៥​លាន​ដុល្លា​អា​មេរិក សម្រាប់​ទិញ និង​ចែក​ចាយ​សៀវ​ភៅ​សិក្សា​គោល​ដល់​គ្រូ និង​សិស្ស​ក៏​ដោយ។ ប៉ុន្តែ សៀវ​ភៅ​សិក្សា​គោល​មួយ​ចំ​នួន​ធំ​បែរ​ជា​ត្រូវ​បាន​គេ​លួច​យក​ទៅ​លក់​នៅ​តាម​ទី​ផ្សារ​ទៅ​វិញ។ ការ​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​។

ការ​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា សិស្ស​ចំនួន ៤៧% បាន​បង្ខំ​ចិត្ត​ទិញ​សៀវ​ភៅ​សិក្សា​គោល រឺ​ហៅ​ថា​សៀវ​ភៅ​ពុម្ព ពី​ផ្សារ ដោយ​ពួក​គេ​ត្រូវ​ចំ​ណាយ​លុយ​ពី ចន្លោះ ៥ពាន់​រៀល ទៅ ៥​ម៉ឺន​រៀល ក្នុង​មួយ​ឆ្នាំ។  លទ្ធ​ផល​នេះ ត្រូវ​បាន វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិក ស្រាវ​ជ្រាវ​រកឃើញ និង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សន្និ​សីទ​សា​ព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី ១២​កុម្ភៈ​នេះ​។

ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំ​បន់​គោល​ដៅ ដែល​មាន​វិទ្យា​ល័យ​ចំ​នួន ៣៣ ក្នុង​ស្រុក ខណ្ឌ​ចំ​នួន ១៥ ដែល​មាន​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ខេត្ត​កំ​ពត កំ​ពង់​ស្ពឺ និង​កំ​ពង់​ចាម ហើយ​សិក្សា​លើ​សិស្សា​នុ​សិស្ស​ចំនួន ៤៨៩ នាក់។ លោក លឹម សុត្ថា​រិទ្ធ ប្រ​ធាន​កា​រិ​យា​ល័យ​ផែន​ការ និង​ផ្គត់​ផ្គត់​សៀវ​ភៅ​គោល របស់​ក្រ​សួង​អប់​រំ យុវ​ជន និង​កីឡា បាន​ទទួល​ស្គាល់​របាយ​ការណ៍ ដែល​វិ​ទ្យា​ស្ថាន​ខ្មែរ​សម្រាប់​អភិ​វឌ្ឍន៍​ជាតិ និង​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិក បាន​រក​ឃើញ​។ លោក​បាន​បញ្ជាក់​ថា របាយ​ការណ៍​នេះ មាន​លក្ខណៈ​ប្រ​ហាក់​ប្រហែល​នឹង​របាយ​ការណ៍​ដែល​ក្រសួង​រក​ឃើញ​ដែរ​។
 
ចំ​ពោះ​បញ្ហា ដែល​សៀវ​ភៅ​សិក្សា​គោល​របស់​ក្រ​សួង​អប់​រំ​យុវ​ជន និង​កី​ឡា ត្រូវ​បាន​ដាក់​លក់​ជា​ច្រើន​នៅ​តាម​ទី​ផ្សារ​នា​នា​ក្នុង​ប្រ​ទេស​កម្ពុជា​នោះ លោក លឹម សុត្ថា​រិទ្ធ​បាន​លើក​ឡើង​ថា ក្រ​សួង​បាន​ចេញ​សេច​ក្តី​ប្រកាស​ព្រ​មាន ចំ​ពោះ​អ្នក​ដែល​បាន​ដាក់​លក់​សៀវ​ភៅ​សិក្សា​គោល ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រ​សួង​អប់​រំ ក៏​បាន​ធ្វើ​លិ​ខិត​ស្នើ​សុំ​ទៅ​ក្រ​សួង​មហា​ផ្ទៃ ដើ​ម្បី​សុំ​កិច្ច​សហ​ការ ដើ​ម្បី​ចុះ​ទៅ​រឹប​អូស​សៀវ​ភៅ​សិក្សា​គោល​នេះ នៅ​តាម​ទី​ផ្សារ​នានា​ផង​ដែរ​។

យ៉ាង​ណា​ក៏​ដោយ លោក លឹម សុត្ថា​រិទ្ធ បាន​បញ្ជាក់​ថា បញ្ហា​ដែល​មាន​សៀវ​ភៅ​សិក្សា​គោល​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នោះ មិន​ដឹង​ថា​ជា​កំ​ហុស​របស់​អ្នក​ណា​នោះ​ទេ ពី​ព្រោះ​បញ្ហា​នេះ មាន​ជា​ច្រើន​ដំ​ណាក់​កាល ដែល​ធ្វើ​ឲ្យ​សៀវ​ភៅ​ទាំង​នេះ ធ្លាក់​ទៅដល់​ទី​ផ្សារ​។

បើ​ទោះ​បី​ជា​បញ្ហា​នេះ នៅ​មិន​ទាន់​មាន​អ្នក​ទទួល​ខុស​ត្រូវ​ក៏​ដោយ ក៏​លោក លឹម សុត្ថា​រិទ្ធ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ក្រ​សួង​បាន​ខិត​ខំ និង​រក​យន្ត​ការ​ដើម្បី ដោះស្រាយ​ចំ​ពោះ​បញ្ហា​នេះ​ហើយ ហើយ​ក្រ​សួង​ក៏​នឹង​ចាត់​វិ​ធាន​ការ​ចុះ​បង្ក្រាប​ការ​លក់​សៀវ​ភៅ​គោល​នៅ​តាម​ទី​ផ្សារ​នា​នា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​៕




No comments:

Post a Comment