Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

អាជ្ញាធរ​ បណ្តេញ​ ពលរដ្ឋ មិន​ឲ្យ​តវ៉ា​ នៅ​មុខ​សាលាដំបូង​ ខេត្តពោធិ៍សាត់​​

អាជ្ញាធរ​ បណ្តេញ​ ពលរដ្ឋ មិន​ឲ្យ​តវ៉ា​ នៅ​មុខ​សាលាដំបូង​ ខេត្តពោធិ៍សាត់​​


ដោយ៖​ កាន់ វិច្ឆិកា​​ / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បណ្តេញ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត ទាមទារ​រក​ដំណោះស្រាយ និង​យុត្តិធម៌​ពី​ការរុះរើ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពួកគាត់​កាលពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​។​
​លោក ស៊ិម វណ្ណី ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ដុត​ផ្ទះ​ដើម្បី​បណ្តេញចេញ ប្រាប់​វី​អូ​ឌី​ថា នៅ​ម៉ោង​ប្រហែលជា​៥​ភ្លឺ​ព្រឹក​មិញ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា ប្រមាណ​ជា​ជិត​១០០​នាក់ បាន​ចុះ​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ និង​ដោះស្រាយ​លើ​បញ្ហា​ដែល​អាជ្ញាធរ​បាន​រុះរើ​កម្ទេច និង​ដុត​ផ្ទះ​របស់​ពួកគាត់​អស់​ជាង​១០០​ខ្នង កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កន្លងទៅ​ «​ម៉ោង​៥​កន្លះ ចាប់ផ្តើម​រៀបចំ​កម្លាំង​គេ ដាក់​ពេញ ស្ទាក់​ផ្លូវ​ព្រាត​អស់ ហ៊ុម​ព័ទ្ធ​ប្រជាពលរដ្ឋ ។ នេះ​ខាង​ប៉ូលីស​ទេ គេ​ហ៊ុមព័ទ្ធ ពេល​ពួក​ប៉េអឹម​គេ​មក គេ​រុញច្រាន់​មក ខាង​ប្រជាពលរដ្ឋ​អី ត្រឹម​ក្រោម​១០០​ទេ គេ​រុញ​ថយៗ ខ្លះ​ក៏​ដួល ខ្លះ​សន្លប់​។ ឥឡូវ​មាន​អ្នកសន្លប់​ពីរ​នាក់​»​។​
លោក​បន្ថែមថា បើទោះជា​មាន​ការ​បណ្តេញ​មិន​ឲ្យ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត ប៉ុន្តែ​រូប​លោក​រួម​នឹង​ពលរដ្ឋ​ផ្សេងទៀត នឹង​ឡើង​ទៅ​តវ៉ា​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃស្អែក​ទៀត ដើម្បី​បន្ត​ទាមទារ​រក​យុត្តិធម៌ ។​
​ពលរដ្ឋ​ដែល​រងគ្រោះ​ម្នាក់ទៀត អ្នកស្រី ប៉ាល់ វីន លើកឡើងថា ពួគគាត់​ជា​ប្រជាជន​ក្រីក្រ ការទាមទារ​របស់​គាត់​គ្រាន់តែ​ចង់​បាន​ផ្ទះ​មក​វិញ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ហើយ​កូនៗ​ពួកគាត់​បាន​ទៅ​រៀន​ដូច​ពីមុន​ «​កូនចៅ​ខ្ញុំ​ទៅ​រស់នៅ​ឯណា​ទៅ ដើរ​ដេក ដើរ​ស៊ី គ្មាន​ស្អី​ហូប គ្មាន​ស្អី​ដេក តើ​បាន​អី​នៅ​? រស់នៅ​សែនពិបាក គ្មាន​កន្លែង​នៅ គ្មាន​ទីលំនៅ​ជ្រក គ្មាន​ស្អី​ដាំ​ដំនាំ បាន​ស្អី​ចិញ្ចឹម​កូន​តទៅទៀត សូម​ជួយ​ខ្ញុំ​ផង​។ កូនចៅ​ទាំងអស់គ្នា​នេះ កូនចៅ​វេទនាណាស់ គ្មាន​ទីលំនៅ គ្មាន​បាយ​ហូប​ទេ ដាំ​អី​ក៏​មិនបាន​ដែរ រវល់​តែ​ដី រវល់​តែ​ដុត​»​។​​

VOD មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា បានទេ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ តែ​កាលពី​ល្ងាចម្សិលមិញ លោក ខូ​យ សុខា បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​រុករាន​ដីព្រៃ​ដើម្បី​ធ្វើ​លំនៅឋាន ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិនបើ​ពលរដ្ឋ​នៅ​តែ​បន្ត​តវ៉ា​ទៀត​នោះ​។​

អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុន​ហាន មានប្រសាសន៍ថា សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ មិន​ឲ្យ​តវ៉ា​បន្តទៀត ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ខ្យល់គរ មាន​ខ្លះ​សន្លប់ ដោយសារ​តែ​រន្ធត់ និង​អស់កម្លាំង​។ លោក​បន្ថែមថា ការបណ្តេញ​មិន​ឲ្យ​ពលរដ្ឋ​តវ៉ា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ ព្រោះ​ពលរដ្ឋ​គ្រាន់តែ​ទាមទារ​ឲ្យមាន​ការទទួលខុសត្រូវ លើ​ការបំផ្លាញ​ផ្ទះសម្បែង​របស់​ពួកគាត់​ប៉ុណ្ណោះ​ «​ការបណ្តេញ​អញ្ចឹង ដូចជា​មិន​មែន​ការដោះស្រាយ​បញ្ហា​ទេ ពីព្រោះ​យើង​ឃើញ​ការពិត បើ​តាម​ការស៊ើបអង្កេត ការចុះ​ទៅ​ពិនិត្យ​ដល់​កន្លែងកើតហេតុ យើង​ឃើញថា ទីតាំង​ដែល​ពួក​គាត់​នៅ ជា​កន្លែង​មួយ​ដែល​ខាង​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរខេត្ត លោក​ចោទថា ការចូល​កាន់កាប់​ទន្ទ្រាន​ព្រៃ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ដុតបំផ្លាញ​អស់ហើយ អញ្ចឹង​គាត់​មក​តវ៉ា​នេះ គាត់​ថា ប្រសិន​ឲ្យ​គាត់​ចេញ​ពី​នេះ តើ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ណា​ទៀត គាត់​មិន​មាន​កន្លែង​ត្រូវ​ទៅ​ទេ​»​។​
​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​៨០​នាក់ បាន​ឡើង​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ចោទ​ថា​បាន​ប្តឹង​ឲ្យមាន​អន្តរាគមន៍ និង​ផ្តល់​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ខេត្ត លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ យ៉ាងហោច​ណាស់​ជាង​១០០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លងមក ក្រោម​ហេតុផល​ថា ជា​តំបន់​ការពារ​ព្រៃឈើ​នោះ​៕




No comments:

Post a Comment