![]() |
៤-មករា-២០១៤៖ ទាហានយាមល្បាតនៅផ្លូវវ៉េងស្រេង បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមបាតុករបណ្ដាលឲ្យមនុស្សយ៉ាង តិច ៤នាក់ស្លាប់កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤។ RFA/Mom Sophon |
អាមេរិក ប្ដេជ្ញា ដាក់គំនាប លើរដ្ឋាភិបាលណា ដែលរំលោភ សិទ្ធិមនុស្ស
RFA | 27 Feb. 2014
សហរដ្ឋអាមេរិក ប្រកាស ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ សិទ្ធិមនុស្ស ថា, សហរដ្ឋអាមេរិក នឹងប្ដេជ្ញា ដាក់គំនាប ទៅលើរដ្ឋាភិបាល ដែលរំលោភ សិទ្ធិមនុស្ស លើពិភពលោក ឲ្យអនុវត្តសិទ្ធិ ជាមូលដ្ឋាន របស់ មនុស្សទូទៅ, ហើយ នឹងតស៊ូមតិ សម្រាប់ មនុស្សទូទៅ ដែលបម្រើ ការពារ ផ្នែកសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែររី (John Kerry) កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ បានផ្សព្វផ្សាយរបាយការណ៍ស្ដីពីសិទ្ធិមនុស្សពិភពលោក សម្រាប់ឆ្នាំ២០១៣។
ក្នុងរបាយការណ៍នោះបង្ហាញថា រដ្ឋាភិបាលនៅលើពិភពលោកមួយចំនួន នៅបន្តគាបសង្កត់សិទ្ធិមនុស្សពលរដ្ឋ រួមមាន ការរឹតត្បិតសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិសមាគម ការប្រមូលផ្តុំ ការបង្កើតច្បាប់សម្រាប់គាបសង្កត់ពលរដ្ឋ ការកាត់ទោសផ្នែកនយោបាយ និងការប្រើប្រាស់បច្ចេកទេសថ្មីសម្រាប់រំលោភសិទ្ធិមនុស្ស។
ថ្លែងក្នុងពិធីនោះ លោក ចន ឃែររី បន្តថា ប្រទេសទាំងឡាយណាដែលរំលោភសិទ្ធិមនុស្ស នឹងប្រឈមមុខបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ និងត្រូវដាក់ឲ្យនៅឯកា៖ «នេះជាការទទួលខុសត្រូវ។ អ្វីៗទាំងអស់ គឺដើម្បីការបញ្ចប់នូវអំពើនិទ្ទណ្ឌភាព។ នេះជាការតស៊ូដែលមានរយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីឲ្យមនុស្សអាចគិត សរសេរ និយាយ និងអាចធ្វើអ្វីៗដោយខ្លួនឯង។ ការតស៊ូដើម្បីសិទ្ធិមនុស្ស និងកិត្តិយស កំពុងកើតឡើងទូទាំងពិភពលោក។»
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បង្ហាញថា សហគមន៍ជាតិ និងអន្តរជាតិ បានរកឃើញភាពមិនប្រក្រតីជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោត ចាប់តាំងពីការចុះឈ្មោះ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនស្មើភាពគ្នា។ ដំណើរការបោះឆ្នោតនៅមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត មានភាពខ្វះតម្លាភាព និងមិនឯករាជ្យ។ ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បរាជ័យក្នុងការដោះស្រាយចំណុចខ្វះខាតមួយចំនួន ដែលលើកឡើងដោយអង្គការសង្គមស៊ីវិល។ ភាពមិនប្រក្រតីនៃការបោះឆ្នោត បណ្ដាលឲ្យគណបក្សសង្គ្រោះជាតិ មិនព្រមចូលរួមដំណើររដ្ឋសភា រហូតដល់មានការស៊ើបអង្កេតការបោះឆ្នោត។
សេរីភាពសារព័ត៌មានក៏ត្រូវបានត្រួតត្រាដោយគណបក្សកាន់អំណាច។ មន្ត្រីរដ្ឋាភិបាល យោធា និងគណបក្សប្រជាជនកម្ពុជា បានត្រួតត្រាទាំងស្រុងនូវប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ វិទ្យុ និងកាសែត។ ស្ថានីយទូរទស្សន៍ចំនួន១០ និងស្ថានីយវិទ្យុប្រមាណ១០០ ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។

ប៉ូលិសប្រោះទឹកលើ
បាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវ
វ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
រដ្ឋាភិបាលបន្តឃុំឃាំងអ្នកទោសនយោបាយ។ ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ដែលជាអ្នកទោសនយោបាយ ត្រូវបានដោះលែងដោយសាលាឧទ្ធរណ៍ ប៉ុន្តែបន្តឃុំឃាំងមនុស្សផ្សេងទៀត ដោយមូលហេតុនយោបាយ។
របាយការណ៍ក៏កត់សម្គាល់នូវករណីពុករលួយ ដែលកំពុងរីករាលដាលនៅកម្ពុជា។ អំពើពុករលួយកំពុងកើតមានគ្រប់ស្ថាប័នសំខាន់ៗទាំងអស់នៅក្នុង កម្ពុជា។ របាយការណ៍បង្ហាញថា ព្រះរាជអាជ្ញា ចៅក្រម ប៉ូលិស ទទួលយកសំណូកខុសច្បាប់ពីពាណិជ្ជករ ហើយអំពើនិទ្ទណ្ឌភាពជំរុញឲ្យមានអំពើពុករលួយកាន់តែកើនឡើង។
ការចេញរបាយការណ៍រិះគន់រដ្ឋាភិបាលដោយចំមុខ និងដោយត្រង់ៗរបស់រដ្ឋាភិបាលអាមេរិកកាំង នាពេលនេះ ស្របពេលមានការរិះគន់ពីអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងអតីតស្ថាបនិកនៃកិច្ចព្រមព្រៀងក្រុងប៉ារីស លោក ហ្គារ៉េត អេវ៉ាន អំពាវនាវអោយសហគមន៍អន្តរជាតិ លែងគិតពីពិធីសារការទូត ហើយចាប់ផ្ដើមស៊ើបអង្កេត និងដាក់ទណ្ឌកម្មពីការរំលោភបំពានទាំងឡាយរបស់ លោក ហ៊ុន សែន និងបក្ខពួករបស់លោកជាសាធារណៈ៕
No comments:
Post a Comment