អ្នកភូមិបង្ហាញអារម្មណ៍ថា ពេលរំលឹកពីហេតុការណ៍បណ្ដេញចេញធ្វើឲ្យពួកគាត់ឈឺចាប់ និងមានក្តីកង្វល់ពីបញ្ហាប្រឈមនានាទាំងពេលបច្ចុប្បន្ន និងទៅអនាគត ការដោះស្រាយនូវទុក្ខលំបាកផ្សេងៗដែលកំពុងកើតមាននៅកន្លែងតាំងទីលំនៅឋានថ្មីនោះ។
អ្នកដីក្រហមច្រើនរយគ្រួសារត្រូវអាជ្ញាធររាជធានីភ្នំពេញ ដឹកទៅទម្លាក់ចោលនៅជាយរាជធានីលើទីតាំងពីរកន្លែងផ្សេងគ្នាកាលពី ៥ឆ្នាំមុន។ ទីមួយស្ថិតនៅតំបន់ដំណាក់ត្រយឹង ភាគខាងត្បូងរាជធានី និងនៅតំបន់ភ្នំបាតខាងជើងរាជធានី។
សំឡេងពលរដ្ឋ៖ «ក្រុមហ៊ុន សេវិន អែន.ជី (7NG) តាំងពីយកមកចាក់ចោលកន្លែងហ្នឹងមិនដែលឃើញមកមើលអីផង មកនៅនេះលំបាកគ្រប់បែបយ៉ាង…»។
ងាកទៅតំបន់មួយក្នុងចំណោមពីរទីតាំងនោះ គឺនៅតំបន់ភ្នំបាត ជាប់ជើងភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ទីនោះមានទំហំដីជាង ២ហិកតារ មានពលរដ្ឋដែលត្រូវជម្លៀសទៅនោះដំបូងមានជិត ៥០០គ្រួសារ កាលពីដើមឆ្នាំ២០០៩ ប៉ុន្តែក្រោយមកនៅសល់តែជាង ១០០គ្រួសារទេ។ អ្នកទាំងនោះភាគច្រើនជាអ្នកដែលអស់ផ្លូវដើរចេញ ហើយសុខចិត្តទទួលយកការលំបាកសព្វបែបយ៉ាងនៅទីនោះ។
តំបន់នោះគេឲ្យឈ្មោះថា សហគមន៍តង់ខៀវ។ ឈ្មោះនេះគឺគេហៅតាមទិដ្ឋភាពជាក់ស្ដែងពេលដែលអាជ្ញាធរ និងក្រុមហ៊ុន សេវិន អែន.ជី ដឹកពលរដ្ឋយកទៅទម្លាក់ចោល គឺបានផ្ដល់តែដីទំហំ ៤ គុណ ៦ម៉ែត្រ ដោយគ្មានទីជម្រកឡើយ។ ពលរដ្ឋបានយកសំពត់កៅស៊ូ ឬហៅថា តង់ពណ៌ខៀវ ដែលអង្គការក្រៅរដ្ឋាភិបាលឧបត្ថម្ភធ្វើជាទីជម្រកស្នាក់នៅបណ្ដោះអាសន្ន។
«សំឡេងក្មេងប្រឡែងគ្នាសើចសប្បាយ»
ចូលទៅដល់សហគមន៍នោះ ក្មេងៗដែលមិនទាន់ដឹងក្តី ឬក្មេងៗដែលទើបគ្រប់អាយុចូលរៀន បានបង្ហាញភាពសប្បាយរីករាយ។ ចំណែកឪពុកម្ដាយវិញ មានទឹកមុខក្រៀមក្រំ ហើយបើទោះជាខំប្រឹងសើចនៅពេលមានមនុស្សពីតំបន់ផ្សេង ឬមន្ត្រីអង្គការទៅសួរសុខទុក្ខនោះ ក៏សើចមិនសូវសមដែរ៖«...ឈឺចាប់វាហួសពីឈឺហើយ។ ...មកនៅពិបាកវេទនា»។
អតីតអ្នកភូមិដីក្រហមបានថ្លែងពីការឈឺចាប់ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន សេវិន អែន.ជី បណ្ដេញពួកគាត់ចេញពីតំបន់ដីក្រហមដោយពុំទទួលខុសត្រូវចំពោះសិទ្ធិរស់នៅសមរម្យរបស់ពួកគាត់នោះ។
ស្រី្ត វ៉ា សាវី វ័យប្រមាណជាង ៤០ឆ្នាំ រស់នៅសហគមន៍តង់ខៀវ។ អ្នកស្រីបានថ្លែងទាំងទឹកមុខក្រៀមក្រំ ពេលកំពុងវេញខ្សែខាងមុខផ្ទះទ្រុឌទ្រោមនោះថា រយៈពេល ៥ឆ្នាំក្រោយពីចេញពីតំបន់ដីក្រមមកគ្រួសារគាត់បានបាត់បង់នូវអ្វីៗសព្វបែបយ៉ាង ដូចជាប្ដូរពីកន្លែងមានមុខរបរមកគ្មានមុខរបរ កូនចៅប្ដីសីក៏រស់នៅបែកបាក់គ្នាដោយកត្តាជីវភាព សមាជិកគ្រួសារមួយចំនួនត្រូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅថៃ ពីរនាក់ឪពុកកូនម្នាក់ទៀតយកទៅផ្ញើនឹងជីដូននៅឯខេត្តព្រៃវែង ចំណែកកូនស្រីពីរនាក់នៅតូចៗគាត់រកស៊ីចិញ្ចឹមខ្លួនឯង។
អ្នកស្រី វ៉ា សាវី៖ «...ខ្ញុំធ្វើស្លឹកហ្នឹង ហើយបើគេហៅបោកខោអាវ ខ្ញុំទៅបោកឲ្យគេទៅ ព្រោះបើយើងធ្វើស្លឹកហ្នឹងហូបអត់គ្រប់គ្រាន់ ដល់អ៊ីចឹងទៅបោកខោអាវឲ្យគេទៅ គេឲ្យ៥ពាន់ មួយចានដែក ទិញអង្ករបាន ១គីឡូ ម្ហូបកូនហូប...»។
អ្នកភូមិផ្សេងទៀតក៏ថ្លែងពីការលំបាកក្នុងរយៈពេល ៥ឆ្នាំមកនេះ រស់នៅទីតាំងថ្មី ពុំមានអ្វីរីកចំរើនឡើយ ពីព្រោះការរស់នោះខ្វះមុខខ្វះក្រោយ សូម្បីតែទឹកប្រើប្រាស់ បរិភោគក៏ត្រូវទិញគេដែរ៖ «ទឹកទិញគេមួយធុង ២.៥០០រៀល។ ...មួយធុងហ្នឹងបើយើងប្រើគ្រាន់តែហូប និងដាំបាយប្រើបាន ៣ថ្ងៃ។ ...ភ្លើងដូចថា អ្នកខ្លះដាក់គេតមក ដូចខ្ញុំអុជភ្លើងចង្កៀង»។
បញ្ហាលំបាកទាំងនោះមានដូចជា ខ្វះមុខរបរ អាជីវកម្ម ដីស្រែចម្ការ ទីផ្ទះក៏តូចចង្អៀត ហើយផ្ទះឈើបាំងស្លឹកនោះក៏ជាជំនួយរបស់អង្គការមនុស្សធម៌ឧបត្ថម្ភឲ្យដែរ៖ «មានរីកចម្រើនអី បើរកដីដាំគល់ស្លឹកគ្រៃមិនបានផងហ្នឹង។ បើក្បាល ៤ បណ្ដោយ ៦ (ម៉ែត្រ) ធ្វើតែរោងអស់បាត់ទៅហើយ។ រោងនៅហ្នឹង ជើងក្រានក៏ហ្នឹង ដេកក៏ហ្នឹង បង្គន់អាចម៍ក៏នៅក្នុងផ្ទះដែរ ហ្នឹងអង្គការធ្វើឲ្យអាហ្នឹង»។
ចំណែកកុមារនៅក្នុងសហគមន៍នោះ កំពុងប្រឈមនឹងការបាត់បង់ការសិក្សាដែរ ដោយសារកត្តាមួយចំនួនដូចបញ្ហាជីវភាពគ្រួសារ និងបញ្ហាសាលាឆ្ងាយពុំមានមធ្យោបាយធ្វើដំណើរជាដើម។
គ្រូបង្រៀនផ្នែកភាសាអង់គ្លេសម្នាក់នៃអង្គការ ម៉ាណា ហ្វរ ឡៃ (Mana for Life) ឈ្មោះ ស សុខចាន់។ លោកបានឲ្យដឹងថា អង្គការលោកបានឧបត្ថម្ភបន្ទប់រៀនភាសាអង់គ្លេសក្នុងសហគមន៍។ លោកបន្តថា ការឧបត្ថម្ភនោះនៅមានកម្រិតនៅឡើយ ជាពិសេសពួកគាត់ប្រឈមមុខនឹងការលូតលាស់ផ្នែកខាងបញ្ញា ស្មារតី រូបរាងកាយយឺត ដោយសារការហូបចុកមិនគ្រប់គ្រាន់ ហើយកុមារប្រមាណជា ៧០ភាគរយ បានបង្ខំចិត្តបោះបង់ចោលការសិក្សាជាបន្តបន្ទាប់។
លោក ស សុខចាន់៖ «ដូចថាជីវភាពខ្វះខាតមែនទែន គឺគាត់ទាល់ គ្រួសារខ្លះគាត់ជំពាក់លុយអង្គការ គាត់សុខចិត្តលះបង់ទៅធ្វើការរោងចក្រ។ ជួនកាលពួកគាត់ទៅធ្វើជាកញ្ច្រែង កន្ត្រកអីហ្នឹង គឺគាត់អត់បានទៅសិក្សា ជួនកាលពួកគាត់អត់លុយអត់បានទៅរៀនដែរ គឺគាត់សុខចិត្តថាយកកម្លាំងពលកម្មរបស់គាត់ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ»។
តំណាងអ្នកដីក្រហម លោក ចាន់ វិចិត្រ ថ្លែងនៅក្នុងពេលជួបជុំនៅអតីតទីតាំងដីក្រហមកាលពីថ្ងៃទី២៤ មករា ក្នុងឱកាសប្រារព្ធខួប ៥ឆ្នាំនៃការបណ្ដេញចេញនោះថា ការប្រើអំពើហិង្សាបណ្ដេញពួកគាត់កាលពី ៥ឆ្នាំមុននោះ គឺជារឿងអយុត្តិធម៌ដែលមិនអាចបំភ្លេចបានឡើយ៖ «ហើយយើងឃើញថា ពួកគាត់តែងតែធ្វើទុក្ខបុកម្នេញដែលជាម្ចាស់ដី ម្ចាស់កម្មសិទ្ធិ ហើយគាត់ប្លន់ដីពីប្រជាពលរដ្ឋទៅឲ្យអ្នកមានលុយ អ្នកមានអំណាចមួយចំនួនទៅវិញ ហើយឃើញថា ពួកគាត់មិនមានឆន្ទៈល្អក្នុងការដោះស្រាយទេ»។
លោកបន្តថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលសព្វថ្ងៃបំពេញចិត្តអ្នកមានសម្លាប់អ្នកក្រ តាមរយៈឲ្យពលរដ្ឋចាប់ផ្ដើមរស់ពីក្រទៅកាន់តែក្រ ពីមានផ្ទះទៅអត់ផ្ទះ ពីមានមុខរបរទៅអត់មានមុខរបរពីការរស់នៅសមរម្យទៅឲ្យធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺន រស់ខ្វះមុខខ្វះក្រោយ។
អ្នកដីក្រហមមានប្រមាណ ៥០០គ្រួសារ រស់នៅលើដីទំហំជាង ៣ហិកតារ ត្រូវអាជ្ញាធររាជធានីភ្នំពេញ បណ្ដេញពួកគាត់ចេញកាលពីថ្ងៃទី២៤ មករា ឆ្នាំ២០០៩ ហើយប្រគល់ដីនោះទៅឲ្យក្រុមហ៊ុន សេវិន អែន.ជី ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ក្រុង ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដីតំបន់នោះបានត្រឹមតែធ្វើរបងព័ទ្ធទុកចោល ដោយពុំទាន់មានអភិវឌ្ឍន៍ ឬធ្វើអ្វីមួយជាដុំកំភួននោះទេ។
លោក ចាន់ វិចិត្រ បានឲ្យដឹងថា កន្លែងថ្មីដែលអាជ្ញាធរនិងក្រុមហ៊ុនយកពួកគាត់ទៅចាក់ចោលនោះ ស្ថិតនៅឆ្ងាយពីក្រុង គឺនៅតំបន់ដំណាក់ត្រយឹង ភាគខាងត្បូងទីក្រុង និងនៅតំបន់ភ្នំបាត ខាងជើងរាជធានី។
រយៈពេលប្រាំឆ្នាំមកនេះ ពួកគាត់ពុំទាន់ងើបរួចពីភាពក្រតោកយ៉ាក ដែលប្រៀបបាននឹងស្ថានភាពចេញពីរបបខ្មែរក្រហមដែលមានតែបាតដៃទទេនោះទេ៖ «បាទ! ហើយពិសេសគឺឆ្ងាយពីសេវាសាធារណៈមួយចំនួន ពីសាលារៀនកូន ពីមន្ទីរពេទ្យ ហើយដីនោះគេមិនមានឯកសារអីប្រគល់ឲ្យពួកគាត់ត្រឹមត្រូវទេ ហើយពួកគាត់បារម្ភខ្លាចមានការបណ្ដេញចេញជាលើកទី៣ទៀត»។
ស្រី្ត វ៉ា សាវី បានរំលឹកពីសកម្មភាពអាជ្ញាធរ និងក្រុមហ៊ុនបណ្ដេញពួកគាត់ចេញពីដីក្រមដោយបង្ខំដោយប្រើហិង្សាវាយដំបាញ់ផ្សែងពុល និងជេរប្រមាថគ្រប់បែបយ៉ាង៖ «គេដេញពួកខ្ញុំហ្នឹង គេឈូសផ្ទះពួកខ្ញុំចោលតែម្ដង គេជេរ គេដេញដូចសត្វអ៊ីចឹង។ ជួនពេលខ្លះកំពុងតែលក់ គេដេញលើកកញ្ច្រែងលើកល្អីគ្របទុកទៅ ខ្លះទៅគេគប់បែកក្បាល ខ្លះគេវ៉ៃ ថ្ងៃឈូសហ្នឹងគេវាយ ខ្លះសន្លប់អីអ៊ីចឹងទៅ»។
លោក ចាន់ វិចិត្រ អះអាងថា ក្រោយការបណ្ដេញចេញនេះ អ្នកភូមិមួយចំនួនបានមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អ្នកខ្លះធ្លាក់ខ្លួនវិកលចរិតក៏មាន ហើយទាំងនេះជាមរតកដ៏ឈឺចាប់សម្រាប់អ្នកដែលត្រូវបណ្ដេញចេញពីផ្ទះសម្បែងក្នុងរាជធានីភ្នំពេញ កន្លងមក៕
No comments:
Post a Comment