បក្សប្រឆាំង បដិសេធ ជាថ្មី ថា មិនពាក់ព័ន្ធ គម្រោង បាតុកម្ម ប្រឆាំងលោក ហ៊ុន សែន នៅអាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ៨ កុម្ភៈ ២០១៦
ការប្រកាសនេះ នៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១៥-១៦ កុម្ភៈ នៅសាន់នីឡេនដ៍ (Sunnylands) ទីក្រុងរ៉េនចូមីរ៉េច (Rancho Mirage) រដ្ឋកាលីហ្វ័រញ៉ា (California)។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ជាថ្មីថា គណបក្សសង្គ្រោះជាតិ មិនបានរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ កុម្ភៈ ខាងមុខនេះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នាមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី៨ កុម្ភៈ គឺបន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក លោក វីលៀម ហេដថ៍ (William Heidt) និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៖ «យើងមានការសោកស្ដាយ ដោយសារការចែកគ្នាមិនដាច់ថា អ្វីទៅជាស្ថាប័នជាគោលការណ៍ ហើយអ្វីទៅជាបុគ្គល។ ដូច្នេះ យើងចង់ឲ្យមានការយល់ដឹងពីលក្ខណៈជាស្ថាប័ន និងជាបុគ្គលហ្នឹងឲ្យបានពិតប្រាកដច្បាស់លាស់។ ជាគោលការណ៍ យើងគណបក្សសង្គ្រោះជាតិ យើងអត់មានទេ ក៏ប៉ុន្តែជាសិទ្ធិសេរីភាពលក្ខណៈជាបុគ្គល។ នោះជារឿងមួយដាច់ដោយឡែក។»
ការថ្លែងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ គឺជាការបដិសេធម្ដងទៀតចំពោះការចោទប្រកាន់របស់កូនប្រុសលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត កាលពីថ្ងៃទី៦ កុម្ភៈ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការធ្វើបាតុកម្មថ្ងៃទី១៥ ខាងមុខនេះ ត្រូវបានរៀបចំផែនការរួចជាស្រេច ដោយមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិ ហើយមានទាំងការផ្ដល់ថវិកាថែមទៀតផង។ នៅល្ងាចថ្ងៃទី៦ កុម្ភៈ ដដែល អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ច្រានចោលភ្លាមៗថា គណបក្សសង្គ្រោះជាតិ សោកស្ដាយចំពោះការចោទប្រកាន់នេះ។ លោកហៅការចោទប្រកាន់នេះថា ជាចេតនាមួលបង្កាច់ ព្រោះពេលនេះ គណបក្សសង្គ្រោះជាតិ មិនមានគោលការណ៍ធ្វើបាតុកម្មទេ ទាំងក្នុង និងក្រៅប្រទេស។ លោកបន្តថា ចំពោះបុគ្គលណាដែលគាំទ្រ ឬស្រឡាញ់គណបក្សសង្គ្រោះជាតិ ទៅធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន សែន ជារឿងបុគ្គល មិនមែនជាគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ទេ។
ទាក់ទងបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង នៅសហរដ្ឋអាមេរិក លោក ទូច វិបុល ថ្លែងនៅថ្ងៃទី៣ កុម្ភៈ ថា ពួកលោកនឹងរៀបចំបាតុកម្មនៅថ្ងៃទី១៥ កុម្ភៈ ពេលដែល លោក ហ៊ុន សែន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ លោកអះអាងថា លោកមិនមែនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទេ៖ «ឆ្លើយឲ្យខ្លី គឺខ្ញុំមិនមែនជាសកម្មជន ហើយក៏មិនជាសមាជិកគណបក្សសង្គ្រោះជាតិ ដែរ។»
លោក ទូច វិបុល ថ្លែងថា បាតុកម្មនោះ គឺដើម្បីបង្ហាញកង្វល់របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ឲ្យសារព័ត៌មាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដឹងឮអំពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅប៉ុន្មានថ្ងៃមុនការចោទប្រកាន់របស់ លោក ហ៊ុន ម៉ានិត លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានព្រមានថា អ្នកគាំទ្រលោកនឹងធ្វើបាតុកម្មប្រឆាំងវិញដែរ ប្រសិនបើមានបាតុកម្មប្រឆាំងវត្តមានរបស់លោកនៅសហរដ្ឋអាមេរិក ថ្ងៃទី១៥ កុម្ភៈ នោះមែន។
ទោះជាមានការព្រមានដូច្នេះក្ដី ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង នៅសហរដ្ឋអាមេរិក លោក ទូច វិបុល ថ្លែងថា លោកនឹងនៅតែធ្វើបាតុកម្មនេះដដែល៕
No comments:
Post a Comment