Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

ទាហាន​ថៃ​ បាញ់​ខ្មែរ​ របួស​ ២​នាក់

ជន​រង​គ្រោះ ទាហាន​ថៃ បាញ់ ៦១០
បុរស​ឈ្មោះ វង្ស វាសនា អាយុ ២៤​ឆ្នាំ ដែល​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង ហើយ​អង្គការ​សិទ្ធិ​មនុស្ស​សង្ស័យ​ថា ត្រូវ​ទាហាន​ថៃ បាញ់ ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ។

ទាហាន​ថៃ​ បាញ់​ខ្មែរ​ របួស​ ២​នាក់

អស់​រយៈពេល ៤​ឆ្នាំ​ មក​ហើយ ប្រជាពលរដ្ឋ​ រស់​នៅ​ខេត្ត​ឧត្តរមានជ័យ ​និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ ជាមួយ​ប្រទេស​ថៃ នៅ​តែ​ឆ្លង​ដែន ​ទៅ​កាប់​ឈើ​គ្រញូង ​នៅ​ប្រទេស​ថៃ ហើយ​ទាហាន​ថៃ នៅ​តែ​បាញ់​ស្លាប់ និង​របួស​ ជា​បន្ត​បន្ទាប់។

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ១០​ កុម្ភៈ ២០១៤
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ ​បាន​​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២​នាក់ បាន​រង​របួស ​និង​មួយ​ចំនួន​ទៀត កំពុង​បាត់​ខ្លួន​ដោយសារ​តែ​ទាហាន​ការពារ​ព្រំដែន​ថៃ ​នៃ​ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ​បាន​បាញ់​រះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ កន្លង​ទៅ។
ការ​បាញ់​រះ​នោះ គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឡើង​ភ្នំ​នៅ​ជិត​តំបន់​មុំ ៣ នៃ​ស្រុក​ជាំខ្សាន្ត បំណង​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។
​បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ថា គាត់​បាន​ដឹក​អ្នក​របួស ២​នាក់ ដោយសារ​ទាហាន​ថៃ បាញ់​នោះ ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ៖ «ខ្ញុំ​សួរ​ទៅ ថា​ថៃ​បាញ់​នៅ​លើ​ភ្នំ​អ៊ីចឹង។ ថា​បាញ់​យប់​ម្សិលម្ង៉ៃ។ ខ្ញុំ​ជួប​តែ ២​នាក់​ហ្នឹង នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ប្រហែល​ជា​គេ​ចេញ​ទៅ​បាត់​ទៀត​ហើយ ២​នាក់​ហ្នឹង ពីព្រោះ​យប់មិញ​ខ្ញុំ​ជួប​គេ​ថា គេ​យក​ចេញ​យប់​ហ្នឹង​ដែរ គេ​វះ ហើយ​គេ​គេច​ចេញ​ភ្លាម។ គេ​ថា គេ​មិន​ចង់​ឱ្យ​នរណា​ដឹង​ទេ»
ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​ពី​អ្នក​របួស​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ឡើង​ទៅ​កាប់​ឈើ​គ្រញូង​នោះ មាន​គ្នា​ចំនួន ៩​នាក់ ក៏​ប៉ុន្តែ​បន្ទាប់​ពី​​​ទាហាន​ថៃ បាញ់​រះ គឺ​អ្នក​ភូមិ​ចំនួន ៧​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។
ទោះ​យ៉ាង​ណា​អាជ្ញាធរ​ស្រុក​ជាំក្សាន្ដ បាន​និយាយ​ថា គេ​ពុំ​​បាន​ដឹង​អំពី​ហេតុការណ៍​នោះ​ទេ។
អភិបាល​ស្រុក​ជាំខ្សាន្ត លោក សុខ ហៃ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នោះ​ទេ ក៏ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​គណៈ​បញ្ជាការ​សមរភូមិ​ប្រចាំ​ទិស​នោះ។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​តាមដាន​រឿង​នោះ​ឱ្យ​ដឹង​ថា គេ​បាន​រក​ឃើ​ញ​បុរស​ពីរ​នាក់​ដែល​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ កា​ល​ពី​រាត្រី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាស​ន៍ថា ទាំង​អ្នក​របួស ​និង​គ្រូពេទ្យ​ដែល​ព្យាបាល គឺ​ហាក់​ដូច​ជា​ព្យាយាម​​លាក់លៀម​រឿង​ពិត ចំពោះ​​​ករណី​នោះ ដោយ​លោក​ទៅ​សួរ​រក​ជន​រង​គ្រោះ​ដំបូង​ពុំ​មាន​អ្នក​ណា​ប្រាប់​ទេ។ ក៏ប៉ុន្តែ​​បន្តិច​ក្រោយ​​មក​ លោក​បាន​រក​ឃើញ​អ្នក​របួស​ចំនួន ២​នាក់ ឈ្មោះ វង្ស វាសនា អាយុ ២៤​ឆ្នាំ និង​ឈ្មោះ នូ សាមី ដែល​​កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ ទោះ​យ៉ាង​ណា អ្នក​​រង​របួស​ម្នាក់​ព្យាយាម​បង្វែរ​ហេតុការណ៍​ដោយ​ថា រូប​គាត់​មិន​មែន​​រង​របួស​ដោយសារ​ទាហាន​ថៃ បាញ់​ក្នុង​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ទេ។
លោក ឡោ ចាន់៖ «គាត់​គ្រាន់​តែ​ថា របួស​ដៃ​ខាង​ស្តាំ​របស់​គាត់​ហ្នឹង គឺ​ត្រូវ​គ្រាប់​កាំភ្លើង​ខ្យល់​ដោយ​ខ្លួន​ឯង ពេល​ដែល​គាត់​បាន​ទៅ​រក​សត្វ​ព្រៃ។ យើង​សង្កេត​ឃើញ​ថា នេះ​ជា​ការ​លាក់លៀម ដែល​គាត់​មិន​ហ៊ាន​បង្ហាញ​ភាព​ពិត ម្យ៉ាង​វិញ​ទៀត ​ដូចជា​មាន​គំនាប​ពី​អស់​លោក​មួយ​ចំនួន»
នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ពេល​បច្ចុប្បន្ន ​គឺ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​និង​រង​របួស​ជា​ហូរហែ ដោយសារ​ទាហាន​ថៃ បាញ់​នៅ​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​មក​លក់ដូរ​ខុស​ច្បាប់។
កាល​ពី​ថ្ងៃ​ទី​៥ ​​ខែ​កុម្ភៈ​ កន្លង​ទៅ ទាហាន​ថៃ​ នៃ​ខេត្ត​សុរិន្ទ ​បាន​ដឹក​សាកសព​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ឈ្មោះ មិន ឆប អាយុ ៣៤​ឆ្នាំ ប្រគល់​មក​ឱ្យ​ក្រុម​គ្រួសារ​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់​ស្កាត់​ស្កាត់​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ មិន​មាន​​ប្រសិទ្ធភាព គឺ​ដោយសារ​តែ​មន្ត្រី​យោធា​​នៅ​តាម​ព្រំដែន​ខ្លះ មាន​ជាប់​ពាក់ព័ន្ធ​និង​ការ​ជួញដូរ​ឈើ​គ្រញូង​នេះ៕



No comments:

Post a Comment