១-មេសា-២០១៣៖ ពលរដ្ឋរស់នៅលើផ្លូវរថភ្លើង ក្បែរវត្តទួលសង្កែ ក្នុងទីក្រុងភ្នំពេញ។
របាយការណ៍៖ ពលរដ្ឋ រងផលប៉ះពាល់ ពី គម្រោងស្ដារផ្លូវដែក មានជីវភាព កាន់តែ ក្រលំបាក
ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) បញ្ជាក់ថា គម្រោងស្ដារផ្លូវដែកនៅកម្ពុជា ធ្វើឲ្យសហគមន៍ ដែលរងផលប៉ះពាល់ កាន់តែ ក្រលំបាក។ របាយការណ៍ចុងក្រោយ របស់ គណៈកម្មការត្រួតពិនិត្យ ឯករាជ្យ ដែលសិក្សា ពីគម្រោង ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ បង្ហាញថា ពលរដ្ឋដែលរងផលប៉ះពាល់ បានបាត់បង់ដីធ្លី និងប្រាក់ចំណូល បន្ទាប់ពីពួកគេ ត្រូវបានបណ្ដេញចេញ ពីលំនៅឋាន នៅតាមបណ្តោយផ្លូវដែក។
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ០៨ កុម្ភៈ ២០១៤
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផ្សាយថា ពលរដ្ឋជាង ៣ពាន់គ្រួសារ ដែលមានដីធ្លីនៅតាមបណ្តោយផ្លូវដែក បានទទួលសំណងមិនសមរម្យតាមតម្លៃទីផ្សារ។ ហើយពលរដ្ឋជាង ១ពាន់គ្រួសារផ្សេងទៀត ដែលត្រូវបានចាកចេញពីតំបន់ផ្លូវដែក មានជីវភាពកាន់តែយ៉ាប់យ៉ឺនទៅ នៅពេលដែលទៅរស់នៅទីតាំងថ្មី។
គម្រោងនេះបានធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋដែលត្រូវជម្លៀសចេញ ជំពាក់បំណុលគេកាន់តែច្រើន បាត់បង់មុខរបរដែលធ្លាប់ធ្វើជាដើម។ របាយការណ៍បានបន្តថា គម្រោងមួយនេះមានកំហុសតាំងពីចាប់ផ្ដើមមកម្ល៉េះ តាំងការសិក្សាគម្រោង រហូតដល់សម្រេចអនុវត្តគម្រោង។
គណៈកម្មការឯករាជ្យដែលចេញរបាយការណ៍នេះ បញ្ជាក់ថា គម្រោងនេះមានកំហុសឆ្គងលើផ្នែកជាច្រើន រួមមាន កង្វះការចូលរួមពីពលរដ្ឋរងផលប៉ះពាល់ កង្វះច្បាប់ផ្តល់សំណងសមរម្យដល់ពលរដ្ឋ ការផ្តល់សំណងមិនគិតពីអតិផរណា និងតម្លៃទីផ្សារជាក់ស្តែង មិនមានច្បាប់សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកតាំងលំនៅឋានថ្មី រួមទាំងកង្វះយន្តការ សម្រាប់ដោះស្រាយពីទុក្ខលំបាករបស់រាស្ត្រក្រីក្រដែលរងផលប៉ះពាល់។
គណៈកម្មការនេះក៏បានផ្តល់អនុសាសន៍ឲ្យភាគីពាក់ព័ន្ធ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា ផ្តល់សំណងបន្ថែមទៀតដល់គ្រួសារដែលរងផលប៉ះពាល់ ក្នុងទំហំទឹកប្រាក់ពី ៣ ទៅ ៤លានដុល្លារបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន បានថ្លែងប្រាប់កាសែតក្នុងស្រុកថា លោកមិនបានដឹងថា ត្រូវបានប្រាក់ពីណាយកមកសងពលរដ្ឋទេ ហើយលោកចោទសួរថា តើមានអ្នកណាជាអ្នកឲ្យខ្ចីប្រាក់នោះ ដើម្បីផ្តល់សំណងទៅ?
មន្ត្រីសម្របសម្រួលសមាគមធាងត្នោត លោក អី សារ៉ុម មានប្រសាសន៍ថា លោកគាំទ្រនឹងការទទួលខុសត្រូវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានលើកពីកំហុសឆ្គងទាំងនេះបង្ហាញជាសាធារណៈ។ លោកបន្តថា ភាគីពាក់ព័ន្ធទាំងអស់មិនត្រូវគេចវេស ឬចោទប្រកាន់គ្នាទៅវិញទៅមកឡើយ ប៉ុន្តែត្រូវរួមគ្នាដោះស្រាយបញ្ហានេះ។ លោកបញ្ជាក់ថា ការជម្លៀសពលរដ្ឋចេញពីលំនៅឋានក្នុងហេតុផលអភិវឌ្ឍន៍ ភាគច្រើនជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
«សំឡេង»
ចំណែកឯអ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា របាយការណ៍នេះជាគំរូមួយសម្រាប់គម្រោងដទៃទៀត ដែលបង្ហាញថា ការអភិវឌ្ឍដែលមិនបានផ្តល់សំណងសមរម្យដល់ពលរដ្ឋ មិនបានទទួលជោគជ័យទេ។ លោកបន្តថា លក្ខខណ្ឌនៃការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន មិនបានគិតអំពីដំណាក់កាលទាំងបី រួមមាន ការតាំងទីលំនៅថ្មី ការប្រកបមុខរបរបណ្ដោះអាសន្ន និងការប្រកបមុខរបរអចិន្ត្រៃយ៍របស់ពលរដ្ឋឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរណាស់តែយកអនុសាសន៍ទាំងអស់របស់សង្គមស៊ីវិល និងស្វែងរកដំណោះស្រាយសម្រាប់តម្រូវការពលរដ្ឋ ទើបទទួលបានការគាំទ្រ។
«សំឡេង»
គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា មានទំហំទឹកប្រាក់ចំនួន ១៤៣លានដុល្លារ ដែលចាប់ផ្ដើមសិក្សា និងអនុវត្តតាំងពីឆ្នាំ២០០៦។ គម្រោងនេះមានវិសាលភាពស្ដារប្រព័ន្ធផ្លូវដែកដែលចាស់ទ្រុឌទ្រោមនៅទូទាំងប្រទេសកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលី បានសន្យានឹងផ្តល់ជំនួយចំនួនជាង ២១លានដុល្លារបន្ថែម សម្រាប់អនុវត្តគម្រោងស្ដារផ្លូវដែកនេះ។ កន្លងទៅ ពលរដ្ឋរាប់រយគ្រួសារនៅប៉ោយប៉ែត បានតវ៉ាចំពោះគម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ ដោយទាមទារសំណងសមរម្យតាមតម្លៃទីផ្សារជាក់ស្តែង ប៉ុន្តែអាជ្ញាធរមិនទាន់បានដោះស្រាយបញ្ហានៅតាមបណ្តោយផ្លូវដែកនេះបានចប់សព្វគ្រប់នៅឡើយ៕
No comments:
Post a Comment