កម្មករ- កម្មការិនី ជាង៣០០រោងចក្រ ធ្វើពហិការ ធ្វើការថែមម៉ោង នៅថ្ងៃចន្ទម្សិលមិញ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអង្គារ ទី25 ខែកុម្ភៈ ឆ្នាំ2014
កម្មករ- កម្មការិនី ជាង៣០០រោងចក្រ កាលពីល្ងាច ថ្ងៃចន្ទម្សិលមិញ ធើ្វពហិការធ្វើការថែមម៉ោង ដើម្បីទាមទារឲ្យរដ្ឋា ភិបាលក៏ដូចជាសមាគមរោងចក្រ ដំឡើងប្រាក់ឈ្នូលឲ្យពួកគេដល់១៦០ដុល្លារ និងទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោកប៉ាវ ស៊ីណា ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារទី២៥ ខែកុម្ភៈនេះថា កាលពីម្សិល មិញក្រុមការងាររបស់លោកបានចុះទៅដល់ទីតាំងរោងចក្រមួយចំនួន ហើយសាកសួរទៅដល់ក្រុមកម្មករ បានឲ្យដឹងថា កម្ម ករបាន ធ្វើពហិការធ្វើការថែមម៉ោង។ លោកបន្តថា កម្មករដែលធ្វើពហិការធ្វើការថែមម៉ោងនេះ មិនមែនរាប់តែ គឺរាប់បញ្ចូលទាំងរោងចក្រដែលមិនមែនជាសមាជិកសហជីពរបស់លោក ដោយពួកគេស្ម័គ្រចិត្តធ្វើដោយខ្លួនឯង «វាជាសកម្មភាពដែរដូចដែលយើងបានអំពាវនាវអញ្ចិង កាលពីម្សិលមិញនេះវាជាថ្ងៃដំបូងដែលកម្មករ នយោជិក ជាច្រើនរយរោងចក្របានផ្អាកសកម្មភាពការងាររបស់ខ្លួនក្នុងការបន្ថែមម៉ោងឲ្យក្រុមហ៊ុន ដោយយើងគិតថា បញ្ជីឈ្មោះ រោងចក្រដែលស្ថិតនៅក្នុងសមាជិកសហជីពពួកយើងទាំងអស់និង វាមានជាង២០០រោងចក្រហើយ ដូច្នេះមានរោងចក្រមួយចំនួនទៀតដែលមិនមែនជាសមាជិក ហើយពួកគាត់ក៏ធ្វើពហិការដូចគ្នាដែរ»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស មូរ៉ា មានប្រសាសន៍ថា បណ្តាញសហជីពរបស់លោកធ្វើការតាមធម្មតាព្រោះពួកគេមិនមានម៉ោងធ្វើការថែមនោះទេ ប៉ុន្តែក្រុមការងាររបស់លោកបានចុះសាកសួរទៅឲ្យដឹងថា មានរោងចក្រមួយចំនួនបិទទ្វាបង្ខំកម្មករឲ្យធ្វើការថែមម៉ោង «នៅរោងចក្រមួយចំនួន ត្រូវបានរដ្ឋបាលផ្សេងៗមកគំរាម មកចាក់សោរ បិទទ្វារឥតឲ្យកម្មករនិងចេញទេជាក់ស្តែងដូចរោងចក្រ JK នៅទួលសង្កែជាដើមគឺរដ្ឋបាលនិងមកចាក់សោរទ្វារបង្ខំកម្មករឲ្យធ្វើការថែមម៉ោង ប៉ុន្តែកម្មករមួយចំនួនទោះបីមានការបង្ខំចាក់សោរ អញ្ចិងមែនទោះគាត់ចេញមិនបានតែគាត់មិនធ្វើការនៅខាងក្នុងនិងទេ ព្រោះវាជាកូដកម្មនៅខាងក្នុង»។ VOD មិនអាចទាក់ទងប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ ស៊ូអៀង បានទេ។
កាលពីថ្ងៃចន្ទ ម្សិលមិញក្រសួងការងារអំពាវនាវកុំឲ្យកម្មករ-កម្មការិនី ចូលរួមធ្វើកូដកម្មជាមួយសហជីព និងសមាគមទាំង១៨ ដែលទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់ និងដំឡើងប្រាក់ឈ្នូលកម្មករដល់១៦០ដុល្លារ ដោយលើកឡើងថា ដើម្បីប្រយោជន៍ការងាររបស់ខ្លួន គឺមិនត្រូវ ចូលរួមធ្វើកូដកម្មអីនោះទេ។ សម្រាប់រឿងប្រាក់ឈ្នួលក្រសួងកំពុងតែធ្វើការស្រាវជ្រាវ និងសិក្សារកចំណុចរួមមួយដើម្បីឲ្យកម្មករ ក៏ដូចជានិយោជកអាចទទួលយកបានទាំងសងខាង។ ប៉ុន្តែខាងសហជីពកម្មករថា អ្វីដែលក្រសួងអំពាវនាវនោះ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ៕
No comments:
Post a Comment