Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

គ្មាន​ការ​ធ្វើការ​ថែម​ម៉ោង​​​ នៅតាម​រោងចក្រ​ ជាង​២០០​​ ក្នុង​ថ្ងៃ​ទី​១​​ នៃ​កូដ​​កម្ម​ មិនធ្វើការ​​ថែម​ម៉ោង​

សកម្មភាព​កម្មករ​កាត់ដេរ​ចូលរួម​បាតុកម្ម​កន្លងមក ​នៅទី​ក្រុង​ភ្នំពេញ
សកម្មភាព​កម្មករ​កាត់ដេរ​ចូលរួម​បាតុកម្ម​កន្លងមក ​នៅទី​ក្រុង​ភ្នំពេញ

គ្មាន​ការ​ធ្វើការ​ថែម​ម៉ោង​​​ នៅតាម​រោងចក្រ​ ជាង​២០០​​ ក្នុង​ថ្ងៃ​ទី​១​​ នៃ​កូដ​​កម្ម​ មិនធ្វើការ​​ថែម​ម៉ោង​

ដោយ រិទ្ធិ ម៉ូនីកា / RFI | ២៥ កុម្ភៈ ២០១៤
ក្នុងចំណោម​រោងចក្រ​ ជាង៦០០ នៅ​ទូទាំងប្រទេស មាន​ជាងរោងចក្រ ​ជាង​២០០ មិនមាន​ការធ្វើ​ការបន្ថែម​ម៉ោង​ទេ នៅ​ថ្ងៃទី​២៤ កុម្ភៈ ជា​ថ្ងៃ​ ដែល​ក្រុម​សហជីព ​​ផ្តើម​កូដកម្ម ​មិន​ធ្វើការ​ថែម​ម៉ោង ហើយ​បញ្ហា​មួយចំនួន​ ដូចជា​ការបង្ខិតបង្ខំ​ ឲ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង​ បានកើត​ឡើង។  នេះ​ បើតាម​ប្រធាន​កម្ម​វិធី​ សិទ្ធិ​ការងារ ​នៃ​មជ្ឈមណ្ឌល​ច្បាប់ ​សម្រាប់ ​សហគមន៍។



លោក មឿ​ន តុលា ដែលជា​ប្រធាន​កម្ម​វី​ធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ បាន​បញ្ជាក់ថា នៅក្នុង​ថ្ងៃទី ២៥ កុម្ភៈ​នេះ ចំនួន​រោងចក្រ​មិនមាន​ការធ្វើការ​ថែម​ម៉ោង អាច​កើនឡើង​ច្រើនជាង​ថ្ងៃទី១ ដែលមាន​ចំនួន ២០០រោងចក្រ​មិន​ធ្វើការ​ថែម​ម៉ោង។ លោក បាន​អោយដឹងទៀតថា កាលពី​ម្សិល​មិ​ញ មាន​បញ្ហា​មួយចំនួន​បានកើត​ឡើង ដោយ​រោងចក្រ​ខ្លះ​បាន​បិទទ្វារ​ចាក់សោ​ បង្ខំ អោយ​កម្មករ កម្មការិនី ធ្វើការ​ថែម​ម៉ោង។ ក្រៅពីនេះ​ក៏មានដែរ ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​តាម​រោងចក្រ​មួយចំនួន ​ដែលជា​រូបភាព​គំរាមកំហែង​កម្មករ​ក្រោម​ស្លាក​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ។ មន្ត្រី​ការពារ​សិទ្ធិ​ការងារ​រូបនេះ ក៏បាន​ថ្កោលទោស​លើ​ទង្វើ​ទាំងនោះ ថា​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ។


លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ក៏បាន​ថ្កោលទោស​លើ​ទង្វើ​ទាំងនោះ​ផងដែរ ហើយ​ថា ក្រុម​សហជីព​នឹង​តាមដាន​ប្រមូល​ទិន្ន​ន័យ ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅលើ​រោងចក្រ​ណា​ដែល​គម្រាមកំហែង​និង​បង្ខំ​អោយកម្មករ កម្មការិនី ធ្វើការ​ថែម​ម៉ោង។ យោងតាម​សិទ្ធិ​ការងារ ការធ្វើការ​ថែម​ម៉ោង​ជា​សិទ្ធិ​របស់​កម្មករ ក្នុងការ​សម្រេចចិត្តថា​ធ្វើ​ឬ​មិន​ធ្វើ រោងចក្រ​គ្មាន​សិទ្ធិ​បង្ខំ​នោះទេ។

ផ្ទុយទៅវិញ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ មិនមាន​ការបង្ខិតបង្ខំ​កម្មករ​ កម្មការិនី អោយធ្វើ​ការ​ថែម​ម៉ោង​នោះទេ ហើយ​ក្រុម​ថៅកែ​រោងចក្រ​យល់ច្បាស់​ណាស់​អំពី​ច្បាប់​ការងារ។ លោក​បានបញ្ជាក់​ផងដែរ​ថា កម្មករ ដែល​មិន​ធ្វើការ​ថែម​ម៉ោង កាលពី​ម្សិល​មិ​ញ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

ចំនែក​លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​មិន​គាំទ្រ​អោយមាន​កូដកម្ម​នោះ  បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី២៥ កុម្ភៈ នេះ​ថា តាម​ការតាមដាន​រប​ស់លោក​ទាក់ទង​នឹង​ការមិន​ធ្វើការ​ថែម​ម៉ោង​នេះ លោក​សង្កេតឃើញថា ដោយសារ​រោងចក្រ​មួយចំនួន​បាន​ស្បើយ​ការងារ​ ដូច្នេះ​រោងចក្រ មិនត្រូវ​ការ​ថែម​ម៉ោង​ទេ។ ដូច្នេះ​កម្មករ​បានចេញ​តាម​ម៉ោង​កំនត់​មិន​ពាក់​ព​ន្ធ័​ទៅនឹង​ការអំពាវនាវ​របស់​ស​ហ​ជីព​មួយចំនួន​នោះទេ។ ប៉ុន្តែ​ ចំពោះ​កម្មករ​ដែល​ធ្វើពហិការ​មិន​ធ្វើការ​ថែម​ម៉ោង​តាម​ការអំពាវនាវ​ មាន​ចំនួន​ត្រឹមតែ ៣ ឬ៤ ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​រោងចក្រ​ដែល​ត្រូវ​ការអោយ​កម្មករ​ថែម​ម៉ោង។

សូមបញ្ជាក់ថា មាន​ក្រុម​សហជីព​ចំនួន៨ដែល​បាន​អំពាវនាវ​រួម​គ្នា​ស្នើ​កម្មករ អោយធ្វើ​កូដកម្ម​មិន​ទៅធ្វើ​ការ​ថែម​ម៉ោង ពីថ្ងៃ​ទី២៤ដល់​ថ្ងៃទី២៨កុម្ភៈ គោលដៅ​គឺ​ដើម្បី​ទាមទារ​អោយ​តុលាការ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ឃុំខ្លួន​ទាំង២១នាក់ និង​បន្ត​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។




No comments:

Post a Comment