Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

លោក​ សម​ រង្ស៊ី​៖ ​ប្រជារាស្ត្រ​ខ្មែរ រួបរួមគ្នា ដើម្បី​ ប្រឆាំង​អំណាច​ ផ្ដាច់ការ, គឺ ​ខុស​ពី​ ប្រជារាស្ត្រ​ថៃ​​


លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រនៅទីលាប្រជាធិបតេយ្យ នាពេលកន្លងមក (រូបថត៖ ឧត្តម)



លោក​ សម​ រង្ស៊ី​៖ ​ប្រជារាស្ត្រ​ខ្មែរ រួបរួមគ្នា ដើម្បី​ ប្រឆាំង​ អំណាច​ ផ្ដាច់ការ, គឺ​ ខុស​ពី​ ប្រជារាស្ត្រ​ថៃ​​

ដោយ៖​ នួន បូរិន​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014

លោក​ សម ​រង្ស៊ី ប្រធាន​ គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង ​កៀងគរ​សំឡេង​ របស់​ សហគមន៍​ អន្តរជាតិ ជួយជំរុញ ឲ្យមាន​ ដំណោះស្រាយ ​នយោបាយ នៅ​កម្ពុជា បាន​ធ្វើ​ ការវិភាគ​ រវាង​ ស្ថានការណ៍ នយោបាយ នៅ​កម្ពុជា ​និង​ប្រទេស​ថៃ ថា, មានលក្ខណៈ ដូច​គ្នា ​តែ​មួយ​ចំនុច​ប៉ុណ្ណោះ, តែ មួយ​ចំនុច​ទៀត គឺ មិន​ដូចគ្នា​ ព្រោះ​ ប្រជាជន​កម្ពុជា​ កំពុងរួបរួមគ្នា ដើម្បី​ ប្រឆាំង​អំណាច​ផ្ដាច់ការ។

​លោក ​សម ​រង្ស៊ី​ បាន​ធ្វើ​វិភាគ​ ដូចនេះ នៅលើទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​លោក ដែល​បានមើលឃើញ នៅ​ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា​នេះ។ លោក​បាន​ធ្វើការ​ប្រៀបធៀប ស្ថានការណ៍​នយោបាយ នៅ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា មាន​ចំណុ​ដូចនេះ​។​
១- ចំណុច​ដូចគ្នា ៖ មានការ​ប្រេះស្រាំ​យ៉ាង​ជ្រៅ​ក្នុង​សង្គម ហើយ​មាន​ការ​ស្អប់​គ្នា​យ៉ាងខ្លាំង ដែល​មិន​ដែល​មាន​ពីមុនមក រវាង​ភាគី​ទាំងសងខាង​។​
២- ចំណុច​ខុសគ្នា ៖ នៅ​ប្រទេស​ថៃ ប្រជារាស្ត្រ​បែកបាក់​ជា​ពីរ​ក្រុម​ធំៗ តែ​នៅ​ប្រទេស​កម្ពុជា ប្រជារាស្ត្រ​រួបរួមគ្នា ប្រឆាំង​អំណាច​ផ្តាច់ការ តំណាង​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​។​
នៅប្រទេស​ថៃ មាន​ចែក​ក្រុម​និន្នាការ​នយោបាយធំៗ​ ចំនួនពីរគឺ ក្រុម​អាវក្រហម និយម​លោក​ថាក់ស៊ីន​ ឬគណបក្ស​ភឿ​ថៃ របស់​លោកស្រី​យី​ង ​ឡាក់​ និង​មួយទៀត ក្រុមអាវ​លឿង ដែល​និយម គណបក្សប្រឆាំង របស់​លោក​អាប់​ភី​ស៊ីត។​ បច្ចុប្បន្ន ក្រុម​អាវ​លឿង បាន​ធ្វើ​បាតុកម្ម ប្រឆាំង​លោក​ស្រី យី​ង​ឡាក់ មានរយៈពេល ៣ខែ​មក​ហើយ ដោយមិន​មាន​ដំណោះស្រាយអ្វី​ឡើយ។ ការបោះឆ្នោតនៅ​ថៃ នៅ​ថៃ្ង​ទី២ កុម្ភៈ ដែលមានចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត មិន​ដល់ ៥០​ភាគរយ​ក្នុងចំណោម អ្នក​មាន​សិទ្ធិ​បោះឆ្នោត ៤៣​លា​នាក់  ខណៈ គណបក្សប្រឆាំងរបស់​លោក​អាប់​ភី​ស៊ីត ធ្វើ​ការហិការ ត្រូវបានក្រុមអ្នកវិភាគថៃ​មួយ​ចំនួន​ ជាពិសេស​ក្រសួង​ការបរទេស​អាមេរិក និង​លោក​ បាន ​គី​មូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ​ព្រមាន​ថា រាជាណាចក្រ​នេះ កាន់តែ​បែកបាក់​គ្នាថែម​ទៀត ប្រសិនបើ​អ្នក​នយោបាយ​ខ្វែងគំនិត​គ្នា​ មិន​តម្កល់​ផលប្រយោជន៍​រាស្ត្រជា​ធំ​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បន្ត​ព្រមាន​ថា ប្រសិនអំពើ​ហិង្សា​នៅ​តែ​បន្ត គឺរដ្ឋប្រហារយោធា អាច​នឹង​កើតមាន ហើយទីបំផុត វា​ជា​ការសម្លាប់ ប្រជាធិបតេយ្យ។
​ប៉ុន្តែ លោកស្រី​ជា ​វណ្ណាត អ្នកវិភាគបញ្ហា​សង្គម ហាក់​យល់ស្របនឹងទស្សនៈ​របស់ មេដឹកនាំ​បក្សប្រឆាំង​នេះ​តិចតួច ដែលថាប្រជាជាតិ​ថៃ​កំពុង ប្រេះស្រាំ​គ្នា​យ៉ាងខ្លាំង​នោះ​។  លោកស្រី ពិនិត្យឃើញថា​បើទោះជា អ្នកនយោបាយ​ថៃ និង​ប្រជាជន​ថៃ ​មាន​ការ​មិន​ចុះ​សម្រុងគ្នាក្ដី​ តែ​អ្នកនយោបាយថៃ​មាន​ការអត់ធ្មត់​ជាខ្លាំង ព្រោះស្ថាប័នសមត្ថកិច្ច និង ប្រជាជន​ថៃ​របស់ប្រទេស​នេះ ​មិន​ងាយ​ប្រើ​ហិង្សាដាក់គ្នាឡើយ។ លោកស្រី​មាន​ប្រសាសន៍ថា កម្ពុជា ងាយ​ប្រើ​ហិង្សា​ជា​ង​ប្រទេស​ថៃ។​ នៅ​ពេល​សុំ​ការវិភាគ ត្រង់ចំនុច​ដែល​លោក​សម​រង្ស៊ី​ថា នៅ​ប្រទេស​កម្ពុជា ប្រជារាស្ត្រ​រួបរួមគ្នា ប្រឆាំង​អំណាច​ផ្តាច់ការ តំណាង​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​។ ចំនុច​នេះលោកស្រី​ ជា ​វណ្ណាត បែរ​ជា​ទទូច​សុំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ រៀនធ្វើ​សមាធិ និង​អហិង្សា​គឺ​ដើម្បីជាតិ មាន​សន្តិភាពយូរអង្វែង​។
​កម្ពុជា​ស្ថិត​ក្នុង​ភាពជាប់គាំង​នយោបាយ រយៈពេល​៦​ខែ​មក​ហើយ គិត​ចាប់ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨​ ខែ​កក្កដា ឆ្នាំ​២០១៣ មកដល់ពេលនេះ ដែល​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ថា​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះ​ដៃ​គ្នាដើម្បី​កំណត់ថ្ងៃ​ចរចារ​ម្ដងទៀតឡើយ។ ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលដឹកនាំ​ដោយ លោក​សម​រង្ស៊ី និងលោក​ កឹម​ សុខា ​​បន្ត​ព្រមាន​ថា នៅពេល​ឆាបៗ​នេះ គណបក្ស​នឹង​បន្ត​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​ជាថ្មី​ម្ដងទៀត ដើម្បី​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា ទទួលយក​ការបោះឆ្នោត​សភា​អាណត្តិ​ទី​៥​ឡើងវិញ៕




No comments:

Post a Comment