Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

តុលាការ​ ខេត្ត​បន្ទាយមានជ័យ​ កោះ​ហៅ​ អ្នក​សារព័ត៌មាន​ ២​នាក់​ សាកសួរ

តុលាការ​ ខេត្ត​បន្ទាយមានជ័យ​ កោះ​ហៅ​ អ្នក​សារព័ត៌មាន​ ២​នាក់​ សាកសួរ

ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ១៧ កុម្ភៈ ២០១៤
តុលាការ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បាន​កោះ​ហៅ​អ្នក​សារព័ត៌មាន​ពីរ​នាក់​សាកសួរ​តាម​ពាក្យ​បណ្ដឹង​​របស់​មន្ត្រី​យោធា​ម្នាក់ ​ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ទាក់ទិន​ទៅ​នឹង ​រឿង​​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត។ ភ្នាក់ងារ​សារព័ត៌មាន​ទាំង​ពីរ​នាក់​នោះ ម្នាក់​ជា​អ្នក​បម្រើ​ការ​នៅ​អង្គភាព​កាសែត "កោះ​សន្តិភាព" និង​ម្នាក់​ទៀត​ជា​អ្នក​បម្រើការ​នៅ​អង្គភាព​ស្ថានីយ​ទូរទស្សន៍ "ហង្ស​មាស"។
ការ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​ភ្នាក់ងារ​សារព័ត៌មាន​ទាំង​ពីរ​អង្គភាព​នោះ​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​រិះ​គន់​ទៅ​លើ​មន្ត្រី​យោធា​ម្នាក់ ​ឈ្មោះ ​ហង្ស ម៉ៅ ដែល​មាន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥០​គ្រួសារ​នៅ​ភូមិ​ស្ទឹងបទ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣។
មន្ត្រី​យោធា​ឈ្មោះ ​ហង្ស ​ម៉ៅ​ កាល​ពី​ថ្ងៃ​ទី​២ មករា ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោយ​ប្ដឹង​ចោទ​ប្រកាន់​​ភ្នាក់ងារ​​សារព័ត៌មាន​ពីរ​នាក់​ពី​បទ​បរិហារកេរ្តិ៍។ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤ តំណាង​អយ្យការ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក ​ផូ ប៊ុនថន ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ "ហង្សមាស" និង​លោក ពេជ្រ សុវណ្ណរ៉ា ជា​ភ្នាក់ងារ​កាសែត "កោះ​សន្តិភាព" ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
លោក ពេជ្រ សុវណ្ណរ៉ា ថ្លែង​ថា លោក​គ្រាន់​​តែ​បាន​​ស្រង់​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ចុះ​ផ្សាយ​ពី​រឿង​ជម្លោះ​ដីធ្លី​មាន​ពាក់ព័ន្ធ​ច្រើន​ជាមួយ​មន្ត្រី​យោធា ​ហើយ​លោក ហង្ស ម៉ៅ​​ បែរ​ជា​ប្ដឹង​អ្នក​សារព័ត៌មាន​​ពី​បទ​បរិហារកេរ្តិ៍​ទៅ​តុលាការ៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​កាសែត​មួយ​រូប​ហ្នឹង​មាន​ការ​ព្រួយបារម្ភ និង​សូម​អំពាវនាវ​ទៅ​តុលាការ​ តាម​ច្បាប់​របប​សារព័ត៌មាន​បាន​ចែង បើ​សិន​ជា​យើង​បាន​សរសេរ​ចុះ​ផ្សាយ​បុគ្គល​ណា​មួយ​ដែល​មិន​មាន​ការ​ខុស​ឆ្គង អ៊ីចឹង​បុគ្គល​រូប​នោះ​អាច​មាន​សិទ្ធិ​កែ​តម្រូវ​បកស្រាយ​បំភ្លឺ​រយៈ​ពេល ១​សប្ដាហ៍ បើ​សិន​ជា​អ្នក​សារព័ត៌មាន​ មិន​បំភ្លឺ​អោយ​ទេ នឹង​មាន​កំហុស​ឆ្គង​ក្នុង​ការ​មិន​បក​ស្រាយ​ឲ្យ​គេ»
ព័ត៌មាន​​ចុះ​ផ្សាយ​នោះ​បាន​យោង​លើ​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ពេល​ទំនាស់​ដីធ្លី​កើត​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត គេ​តែង​សង្កេត​ឃើញ​បុគ្គល​ឈ្មោះ​ ហង្ស ម៉ៅ ញឹកញាប់​ណាស់។ គេ​មិន​ដឹង​ថា លោក ហង្ស ម៉ៅ មាន​ដី​ប៉ុន្មាន​ហិកតារ​ទៀត​ទេ ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​តទៅ​ទៀត​នោះ។
លោក ពេជ្រ សុវណ្ណរ៉ា យល់​ថា ចេតនា​នៃ​ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​នេះ បាន​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។
ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍ "ហង្សមាស" វិញ លោក ផូ ប៊ុនថន ថ្លែង​ថា ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នោះ​គឺ​ជា​រឿង​ទាក់ទិន​ពី​​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​​ និង​មាន​ប្រតិកម្ម​ចំពោះ​មន្ត្រី​យោធា និង​ការ​ចុះ​អនុវត្ត​សាលក្រម​របស់​តុលាការ​នៅ​លើ​ដី​មាន​ទំនាស់​នោះ ដោយ​សារ​ការ​អនុវត្ត​សាលក្រម​នោះ​ពុំ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ។
លោក ផូ ប៊ុនថន៖ «ទី​មួយ​តុលាការ​បាន​អនុវត្ត​សាលក្រម​ហ្នឹង​ដោយ​អត់​បាន​ដឹង អត់​បាន​ចូល​រួម ដោយ​គេ​ទៅ​ប្រកាស​មាន​សមត្ថកិច្ច​ប៉ុន្មាន​នៅ​លើ​ដី​ហ្នឹង​ ដោយ​កំបាំង​មុខ អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្លះ​អត់​បាន​ដឹង ពេល​អ៊ីចឹង​ត្រូវ​បាន​គេ​បំពាន​យក​ដី​គាត់។ លោក ហង្ស ម៉ៅ ដែល​បាន​ប្ដឹង​ខ្ញុំ​នេះ គាត់​ជា​អ្នក​ក្តី​ក្តាំង​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ដី​នៅ​ចំណុច​ហ្នឹង​ ពេល​ព័ត៌មាន​ផ្សាយ​ទៅ គាត់​បាន​ប្ដឹង​យើង ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ដែល​បាន​ផ្សាយ​ហ្នឹង​មិនមែន​សម្រាប់​តែ​ខ្ញុំ ហង្ស​មាស ឬ​ក៏​លោក សុវណ្ណរ៉ា ដែល​ជា កោះ​សន្តិភាព នោះ​ទេ»
លោក ផូ ប៊ុនថន យល់​ថា ករណី​ប្ដឹង​អ្នក​សារព័ត៌មាន​នេះ​​ ជា​​ចេតនា​បំពាក់​ស្មារតី​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ មិន​ពួកគេ​ហ៊ាន​សរសេរ​រឿង​ពិត​ដើម្បី​ផល​ប្រយោជន៍​សង្គម។
វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​ពី​លោក ហង្ស ម៉ៅ​ និង​តំណាង​អយ្យការ ​ជុំវិញ​ករណី​នេះ​បាន​ឡើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ។
លោក​វរសេនីយ៍ត្រី សុខ ណាន​ បច្ចុប្បន្ន​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​បញ្ជូន​សារ​នៃ​អគ្គបញ្ជាការ​ក្រសួង​ការពារ​ជាតិ ថ្លែង​ថា បុគ្គល​ឈ្មោះ ហង្ស ​ម៉ៅ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ៥០​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត នោះ ​ម្ដង​ស្លៀកពាក់​ជា​ឧត្ដមសេនីយ៍ ម្ដង​ស្លៀក​ពាក់​ជា​អង្គរក្ស។
លោក ហង្ស ម៉ៅ​ ពី​មុន​មក​ធ្លាប់​ធ្វើ​ជា​អង្គរក្ស លោក​ផ្កាយ​មាស ៤ ហ៊ីង ប៊ុនហៀង ប៉ុន្តែ​នៅ​ឆ្នាំ​២០១១​ លោក ហង្ស ម៉ៅ​ ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​តំណែង៖ «ក្រោយ​មក​ទៀត​បុគ្គល​នេះ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត គ្រាន់​តែ​គ្រប់​សង្កត់​ដី​ធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៦​ភូមិ។ ការ​ដែល​ប្ដឹង​របស់​លោក ហង្ស ម៉ៅ នេះ គឺ​ជា​លក្ខណៈ​មួយ​គំរាម​ដើម្បី​ឲ្យ​ចប់ ដើម្បី​កុំ​ឲ្យ​ធ្វើ​អី​លោក ហង្ស ម៉ៅ​ កើត សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់​ ជា​តំណាង​ប្រជាពលរដ្ឋ​ក៏​លោក ហង្ស ម៉ៅ ហ្នឹង ថា​ខ្ញុំ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​មាន​បាន​ដឹង​អី​ទាំង​អស់ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ជា​យោធា​នៅ​ភ្នំពេញ»
មន្ត្រី​សមាគម​អាដហុក​ លោក ស៊ុំ ចន្ទគា ថ្លែង​ថា ករណី​ប្ដឹង​អ្នក​សារព័ត៌មាន​នេះ​ ជា​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ បញ្ហា​នេះ​ លោក​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ គួរ​លើក​យក​ច្បាប់​សេរីភាព​សារព័ត៌មាន​មក​អនុវត្ត​ ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា តុលាការ​ជា​កន្លែង​មួយ​ដែល​គេ​យក​ធ្វើ​ជា​បង្អែក​ដើម្បី​គំរាម​កំហែង​ដល់​អ្នក​ដទៃ​និង​អ្នក​សារព័ត៌មាន៕



No comments:

Post a Comment