Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

គុណសម្បត្តិ​ និង​គុណវិបត្តិ​ ពី​ការ​គ្រប់គ្រង​ របស់​ អតីត​ អភិបាល​ ខេត្ត​បាត់ដំបង

ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បាត់ដំបង ៦១០
ទិដ្ឋភាព​អ្នក​ចូល​រួម​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បាត់ដំបង នៅ​សាលា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។


គុណសម្បត្តិ​ និង​គុណវិបត្តិ​ ពី​ការ​គ្រប់គ្រង​ របស់​ អតីត​ អភិបាល​ ខេត្ត​បាត់ដំបង

អតីត​ អភិបាល​ ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ ត្រូវ​បាន​ រដ្ឋាភិបាល​​ ផ្ទេរ​តំណែង​ ពី​ អភិបាល​ខេត្ត​បាត់ដំបង ទៅ​កាន់​តួនាទី​ ជា​ទី​ប្រឹក្សា ​ក្រសួង​មហាផ្ទៃ ជា​បណ្ដោះអាសន្ន។ លោក​ ត្រូវ​រង់ចាំ​ រហូត​ដល់​ ខែ​ឧសភា ឆ្នាំ​២០១៤ ទើប​អាច​ ឡើង​ទៅ​ធ្វើ​ជា​ អភិបាល​ ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ជា​ខេត្ត​ ទើប​បង្កើត​ថ្មី។

ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៩ កុម្ភៈ ២០១៤
លោក ប្រាជ្ញ ចន្ទ បាន​កាន់​​តំណែង​ជា​អភិបាល​ខេត្ត​បាត់ដំបង អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ តាំង​ពី​ឆ្នាំ​២០០១ មក។ តើ​ក្នុង​រយៈ​ពេល​ពីរ​អាណត្តិ​កន្លង​មក​នេះ លោក​បាន​ទទួល​ពិន្ទុ​យ៉ាង​ណា​ចំពោះ​ការ​គ្រប់គ្រង​របស់​គាត់?
បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​លា​ចេញ​ពី​តំណែង ជា​អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ដើរ​ទៅ​អង្គុយ​​លើ​កៅអី​នៅ​ជួរ​ផ្នែក​ខាង​ក្រោយ​កៅអី​របស់​គណៈអធិបតី​លាយ​ឡំ​ទៅ​ដោយ​ទឹក​មុខ​​មិន​ស្រស់​ស្រាយ​ទាល់​តែ​សោះ នៅ​ចំពោះ​មន្ត្រី​រាជការ​ជា​ច្រើន​រយ​នាក់​​ក្នុង​បរិវេណ​សាល​ប្រជុំ​សាលា​ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ទោះ​បី​អតីត​អភិបាល​ខេត្ត​បាត់ដំបង រូប​នេះ​ពុំ​បាន​បរិយាយ​ឲ្យ​គេ​បាន​ដឹង​បាន​ឮ​ពី​ការ​ពិត​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ក៏ដោយ មើល​ទៅ​លោក​ហាក់​ពុំ​សប្បាយ​ចិត្ត​ចំពោះ​ការ​ផ្លាស់ប្ដូរ​តំណែង​របស់​លោក​ចេញ​ពី​អភិបាល​ខេត្ត​បាត់ដំបង នោះ​ឡើយ។
អំឡុង​ពេល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ពីរ​អាណត្តិ​ជាប់​គ្នា​ដែល​​មាន​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ លោក ប្រាជ្ញ ច័ន្ទ​ បាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​វិជ្ជមាន និង​អវិជ្ជមាន​ជា​ច្រើន​ ដែល​ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​នៅ​ខេត្ត​បាត់ដំបង សុទ្ធ​តែ​បាន​ដឹង និង​បាន​ឃើញ​ស្ទើរ​គ្រប់ៗ​គ្នា។ ទោះ​បី​ជា​នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ លោក ប្រាជ្ញ ចន្ទ បាន​លើក​ឡើង​តែ​ពី​សមិទ្ធផល​ល្អៗ​ជា​ច្រើន​ដែល​លោក​បាន​កសាង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក៏ដោយ។
ក្នុង​នោះ​មាន​ដូច​ជា​ អគារ​រដ្ឋបាល​ស្រុក ក្រុង អគារ​ជា​សាលាឃុំ​សង្កាត់ និង​បង្កើត​ស្រុក​ថ្មី​១ គឺ​ស្រុក​រុក្ខគិរី និង​​បង្កើត​ឃុំ​ថ្មី​ចំនួន ៦​ឃុំ។
ក្រៅ​ពី​នេះ​លោក​បាន​លើក​ឡើង​ពី​ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​១​ខ្សែ ពី​ក្រុង​បាត់ដំបង ទៅ​ស្រុក​បាណន់ និង​បាន​ កែលំអ​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ ៥៧ ផ្លូវ​លេខ​៥៩ និង​ផ្លូវ​នៅ​ស្រុក​មោងឬស្សី និង​ស្រុក​រុក្ខគិរី ជា​ដើម។
លោក ប្រាជ្ញ ចន្ទ មិន​ភ្លេច​ទេ​ពី​ការ​កសាង​ស្ពាន​ថ្មី​ឆ្លង​ស្ទឹង​សង្កែ បាន​ចំនួន ៤​កន្លែង។ ក្នុង​មាន​ស្ពាន​បី​នៅ​ក្រុង​បាត់ដំបង និង​ស្ពាន ១​កន្លែង​នៅ​ស្រុក​បាណន់ បូក​រួម​ទាំង​ស្ពាន​បាឡេ​ ចំនួន ៣​កន្លែង​ទៀត នៅ​ស្រុក​បាណន់ និង​នៅ​ស្រុក​ឯកភ្នំ។
ក្រៅ​ពី​នេះ​នៅ​មាន​សាលារៀន​ជា​ច្រើន​កន្លែង​​ថែម​ទៀត។ ក្នុង​នោះ​លោក​អះអាង​ថា សាលា​បឋម​សិក្សា​កើន​ឡើង​ចំនួន ៦០៧​កន្លែង​ អនុវិទ្យាល័យ​ ៩៤​កន្លែង​ វិទ្យាល័យ ២៣​កន្លែង​ មជ្ឈមណ្ឌល​បច្ចេកទេស​និង​វិជ្ជាជីវៈ មាន​សកលវិទ្យាល័យ ៩​កន្លែង​នៅ​ទូទាំង​ខេត្ត​បាត់ដំបង។
ទាំង​នេះ​គឺ​ជា​សមិទ្ធផល​ដែល​លោក​អះអាង​ថា បាន​កសាង​ឡើង​នៅ​ក្នុង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជា​អភិបាល​ខេត្ត។ លោក ប្រាជ្ញ ចន្ទ បាន​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០០១​ រហូត​មក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ផ្ទេរ​តំណែង​ចេញ​ពី​ខេត្ត​បាត់ដំបង។
អ្វី​ដែល​លោក​មិន​បាន​លើក ហើយ​ដែល​ប្រជាពលរដ្ឋ​និយាយ​សឹង​គ្រប់​មាត់​នោះ គឺ​រឿង​អាស្រូវ​ជា​ច្រើន​កើត​មាន​ឡើង​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។ ភាព​អវិជ្ជមាន​ទាំង​នោះ​មាន​ ដូច​ជា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ដោះដូរ​ដី មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ។ ទីតាំង​ដី ស្រះ​ទឹក​បូរាណ​ និង​អគារ​មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ​ជា​ច្រើន​ ត្រូវ​លោក​ដោះដូរ និង​លក់​ដោយ​ពុំ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​នោះ​ឡើយ។
ទី​តាំង​ទាំង​នោះ​ មាន​ជា​ដូចជា ដី​នៅ​អតីត​មន្ទីរ​អប់រំ​ចាស់​ ដី​និង​អគារ​ស្នងការ​នគរបាល​ខេត្ត​ ដី​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើង​គោក​ ដី​និង​អគារ​មន្ទីរ​កសិកម្ម​ ដី​និង​អគារ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ជា​ដើម។ ក្រៅ​ពី​នេះ ​នៅ​មាន​ដី​និង​ដី​ស្រះ​ទឹក​បូរាណ​របស់​រដ្ឋ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
ក្នុង​នោះ​ ដី​នៅ​មន្ទីរពេទ្យ​ពោធិ​ពីរ ដី​មណ្ឌល​កីឡាដ្ឋាន​​របស់​សាលា​ខេត្ត​ និង​ដី​នៅ​ផ្សារ​ថ្មគោល ដី​នៅ​ផ្សារ​លើ ត្រូវ​បាន​លក់ ​និង​ដោះដូរ​គ្មាន​សល់​ក្រោម​រូបភាព​ធ្វើ​ការ​អភិវឌ្ឍ។ កូនប្រសា​របស់​លោក ប្រាជ្ញ ចន្ទ ម្នាក់​ ត្រូវ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ ដោយ​មាន​ភាគ​ហ៊ុន​យ៉ាង​ច្រើន​លើសលប់​ទៅ​ក្នុង​ការ​ដោះដូរ​នៅ​ក្នុង​គម្រោង​ការ​អភិវឌ្ឍន៍​ទៅ​លើ​ទី​តាំង​ដី​សំខាន់ៗ​​ទាំង​នោះ។
ជាក់​ស្ដែង​កូន​ប្រសា​អតីត​អភិបាល​ខេត្ត​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ភាគហ៊ុន និង​គ្រប់គ្រង​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ទីតាំង​សំខាន់ៗ ដូច​ជា​នៅ​ផ្សារ​ថ្មគោលថ្មី ផ្សារ​អប្សរា អតីត​ផ្សារ​លើ សំណង់​អគារ​ផ្ទះ​ល្វែង បូរី មហាទេព និង​មាន​ទីតាំង​ដី​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​លក់ដូរ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​ដោយ​របង​ស័ង្កសី​ទុក​ចោល​ក៏​មាន។
ការ​ដោះដូរ​និង​ការ​លក់​ដី​និង​អគារ​របស់​រដ្ឋ​សំខាន់ៗ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​មតិ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ក្រោម​ឱវាទ​មួយ​ចំនួន​ដែល​ពុំ​ទទួល​បាន​ផល​ប្រយោជន៍។ មន្ត្រី​ទាំង​នោះ​ ទោះ​បី​ពួកគេ​ដឹង​ការ​ពិត និង​រឿង​ជាក់​ស្ដែង ដូច្នេះ​ក៏​ដោយ ប៉ុន្តែ​ពួកគេ​ពុំ​ហ៊ាន ហើប​មាត់​និយាយ​ប្រឆាំង​តវ៉ា​ដោយ​ចំហ​នោះ​ឡើយ​ សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត​លាក់​ទុក​ក្នុង​ខ្លួន​តែប៉ុណ្ណោះ។
ចំណែក​មន្ត្រី​រាជការ​ខ្លះ​ទៀត​បាន​នាំ​គ្នា​រអ៊ូរទាំ​ និង​បាន​និយាយ​រិះគន់​នៅ​តាម​តុ​កាហ្វេ​តែ​ប៉ុណ្ណោះ។ ក្នុង​រយៈពេល​កន្លង​ទៅ ​ធ្លាប់​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ព្រមាន​ដក​តំណែង​មន្ត្រី​រាជការ​ណា​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​តវ៉ា​ចំពោះ​ការ​ដោះដូរ​ដី ​និង​អគារ​សម្បត្តិ​សាធារណៈ​របស់​ទាំង​នោះ។
ម្យ៉ាង​វិញ​ទៀត ​លុយ​ដែល​ទទួល​បាន​ពី​ការ​លក់ដូរ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ​ មិន​មាន​ប្រភព​​ណា​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ទេ​ថា បាន​ដាក់​ចូល​កញ្ចប់​ថវិកា​ជាតិ​បាន​ប៉ុន្មាន​រៀល​ ឬ​ចាយ​វាយ​យ៉ាង​ណា​នោះ​ឡើយ ដោយសារ​តែ​ការ​ដោះដូរ​ និង​ការ​លក់​ដី​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ទាំង​នោះ​ បាន​ធ្វើ​ឡើង​​ដោយ​ពុំ​មាន​ការ​ប្រកាស​ដេញ​ថ្លៃ​ជា​សាធារណៈ​នោះ​ឡើយ។
យ៉ាង​ណា​ ក៏​គេ​កត់​សម្គាល់​ឃើញ​មាន​មន្ទីរ​ស្ថាប័ន​មួយ​ចំនួន​ត្រូវ​កសាង​ថ្មី​ជំនួស​វិញ​នៅ​ក្រោយ​ការ​ដោះដូរ​រួច​ហើយ។ ជាក់​ស្ដែង​ដូច​ជា​អគារ​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ អគារ​មន្ទីរ​កសិកម្ម និង​អគារ​មន្ទីរ​អប់រំ ដែល​ត្រូវ​បាន​សាងសង់​ថ្មី​នៅ​លើ​ដី​ឡូត៍​មួយ​កន្លែង​ផ្ដុំ​គ្នា​តែ​ប៉ុណ្ណោះ។
សរុប​ជា​រួម​មក​ នៅ​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ​ លោក​ ប្រាជ្ញ ចន្ទ បាន​ដឹក​នាំ​ការ​អភិវឌ្ឍ​ក្រោម​រូប​ភាព​ដោះដូរ​អគារ​ និង​ដី​ដែល​មាន​ទំហំ​ធំៗ​សំខាន់​ទាំង​នោះ​ស្ទើរ​គ្មាន​សល់​អ្វី​ឡើយ។ ចំណែក​ឯ​​អគារ​មន្ទីរ​ផ្សេង​ទៀត​ នៅ​តាម​ផ្ទះ​ល្វែង​ដែល​បាន​បោះ​ទីតាំង​អស់​រយៈ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គឺ​ពុំ​មាន​ការ​ដោះដូរ​នោះ​ ទេ ដោយសារ​អគារ​ទាំង​នោះ នៅ​តាម​ផ្ទះ​ល្វែង​លក់​ទៅ​មិន​បាន​លុយ​ច្រើន។
ងាក​មក​មើល​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​បាត់ដំបង វិញ។ បញ្ហា​ទំនាស់​ដីធ្លី​ជា​ច្រើន​ករណី​នៅ​តែ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ដដែល។ ជាក់​ស្ដែង​សូម្បី​តែ​គម្រោង​​រៀបចំ​ដី​សម្បទាន សង្គម​កិច្ច​របស់​រដ្ឋាភិបាល​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង លោក​ពុំ​បាន​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ​នោះ​ឡើយ ហើយ​បន្ត​កើត​មាន​បញ្ហា​រហូត​មក​ដល់​សព្វថ្ងៃ។ នេះ​មិន​ទាន់​និយាយ​ទៅ​ដល់​បញ្ហា​ទំនាស់​ដីធ្លី​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​បាត់ដំបង នោះ​ឡើយ។
ក្រៅ​ពី​នេះ​ លោក ប្រាជ្ញ ចន្ទ ​ក៏​បាន​​រៀបចំ​ឲ្យ​​រចនា​សម្ព័ន្ធ​បក្ស​ពួក និង​សាច់ញាតិ​និយម​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ថែម​ទៀត ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ និង​នៅ​មុន​ពេល​ការ​ផ្ទេរ​ភារកិច្ច​​ទៅ​ក្រសួង​មហាផ្ទៃ​ ជា​បណ្ដោះអាសន្ន​ លោក ប្រាជ្ញ ​ចន្ទ ​បាន​យក​កូន​ក្មួយ​ជិត​ស្និទ្ធ​របស់​ខ្លួន​ទៅ​កាន់​តួនាទី​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង។
មន្ត្រី​បម្រើ​ការ​នៅ​ខេត្ត​បាត់ដំបង ជា​ច្រើន​នាក់​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ។ ទាំង​មន្ត្រី​រាជការ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ភាគ​ច្រើន​បាន​សម្ដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​ការ​កាន់​កាប់​តួនាទី​ជា​អភិបាល​ខេត្ត​បាត់ដំបង​ របស់​លោក ប្រាជ្ញ ចន្ទ។ ការ​មិន​ពេញ​ចិត្ត​ និង​ការ​បាត់បង់​ជំនឿ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នេះ​ ក៏​អាច​ជះ​ឥទ្ធិពល​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ជា​ពិសេស​ក្នុង​ជួរ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ទោះ​ជា​លោក ប្រាជ្ញ ចន្ទ បាន​ពិន្ទុ​ទាប​ក្នុង​ការងារ​គ្រប់គ្រង​ខេត្ត​បាត់ដំបង អស់​រយៈ ១០​ឆ្នាំ​មក​នេះ លោក​ត្រូវ​បាន​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដោយ​សម្រេច​ផ្លាស់ប្ដូរ​រូប​លោក​ចេញ​ពី​អភិបាល​ខេត្ត​បាត់ដំបង​ ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ជា​បណ្ដោះអាសន្ន ​មុន​បន្ត​ទៅ​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​ទើប​បង្កើត​ថ្មី។ ចំណែក​អភិបាល​ខេត្ត​​បាត់ដំបង ថ្មី​ ជំនួស​ដោយ លោក ច័ន្ទ សុផល ជា​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប៕



No comments:

Post a Comment