សកម្មភាព ជួញដូរ សាច់សត្វព្រៃ នៅខេត្តប៉ែកពាយព្យ
ការចាប់សត្វព្រៃ មកធ្វើជាចំណី និងការធ្វើអាជីវកម្ម ជួញដូរ លើសត្វព្រៃ នៅក្នុងប្រទេសកម្ពុជា នៅតែមានស្ថានភាពធ្ងន់ធ្ងរ នៅឡើយ។ ជាក់ស្ដែង គេសង្កេតឃើញមានសត្វព្រៃ ជាច្រើនប្រភេទ ត្រូវបាន គេចាប់ និងបាញ់ សម្លាប់ យកសាច់លក់ដូរ នៅតាមដងផ្លូវ និងនៅតាម ភោជនីយដ្ឋាន ដោយលួចលាក់ ជាច្រើនកន្លែង។ បញ្ហានេះ បានធ្វើឲ្យ ប៉ះពាល់ធ្ងន់ធ្ងរ ដល់ ការអភិរក្ស សត្វព្រៃ នៅក្នុងប្រទេសកម្ពុជា។
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូបហាក់ពុំបានចាប់អារម្មណ៍ឲ្យបានខ្លាំងក្លានៅឡើយ ក្នុងការរួមគ្នាការពារសត្វព្រៃ ប៉ុន្តែពួកគេហាក់ដូចជាគាំទ្រឲ្យមានការចាប់ និងសម្លាប់សត្វព្រៃយកមកធ្វើជាចំណី និងការធ្វើអាជីវកម្មលក់ដូរទៅវិញ។ ជាក់ស្ដែង មានសត្វស្លាប និងសត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានគេសម្លាប់យកទៅលក់នៅតាមហាង និងនៅតាមដងផ្លូវជាតិនានាក៏មាន។
អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ និងអ្នកចូលទទួលទាននៅតាមហាងមួយចំនួន ពួកគេបានទិញ និងហៅម្ហូបសាច់សត្វព្រៃទៅទទួលទានថែមទៀតក៏មាន ទោះបីពួកគេដឹងថា ប្រភេទសាច់សត្វព្រៃទាំងនោះត្រូវបានការពារដោយច្បាប់ក៏ដោយ។
មន្ត្រីរបស់អង្គការអភិរក្សសត្វព្រៃមួយរូប ថ្លែងដោយមិនបញ្ចេញឈ្មោះថា ស្ថានភាពជួញដូរ និងការសម្លាប់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា កើតមានជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីថ្ងៃចុងខែមករា កន្លងទៅ មានសត្វប្រើសមួយក្បាលត្រូវបានគេវាយសម្លាប់កាត់យកក្បាល នៅក្នុងតំបន់អភិរក្សស្រុកសំឡូត ខេត្តបាត់ដំបង៖
«សត្វហ្នឹងនៅជាប់ក្បែរមាត់ស្ទឹងហ្នឹងឯង ស្ទឹងរបស់តំបន់ការពារឋិតក្នុងឃុំសំឡូត សត្វប្រើសគេកាត់យកក្បាល កាត់កន្ទុយ កាត់យកពងវាទៀត រាល់ដងមានប្រភេទសម្លាប់សត្វខ្ទីង។ កសាងសំណុំរឿងមកតុលាការដែរ ប៉ុន្តែមិនដឹងតុលាការកោះហៅរបៀបម៉េចអីរបៀបម៉េច»។
សាកសពសត្វប្រើសនៅសល់តែខ្លួននោះ ត្រូវបានក្រុមមន្ត្រីអភិរក្សនាំគ្នាយកទៅដុតចោល ដោយមិនទទួលទាននោះឡើយ។ ការដុតចោលដូច្នេះ គឺធ្វើស្របច្បាប់ និងធ្វើជាគំរូដើម្បីឲ្យពលរដ្ឋខ្មែរផ្សេងទៀត ចូលរួមការពារសត្វព្រៃ។ មន្ត្រីដដែលថ្លែងថា ទោះយ៉ាងនេះក្តី ការលួចបរបាញ់សត្វព្រៃ និងការដាក់ថ្នាក់ចាប់សត្វស្លាបនៅក្នុងព្រៃអភិរក្ស នៅតែកើតមានជាបន្តបន្ទាប់។ ក្រុមអ្នកប្រព្រឹត្តិទាំងនោះ ពួកគេដឹងយ៉ាងច្បាស់ថា ការចាប់សត្វព្រៃយកសាច់មកធ្វើចំណី និងធ្វើអាជីវកម្មលក់ដូរ ផ្ទុយនឹងច្បាប់ ប៉ុន្តែពួកគេនៅតែលួចប្រព្រឹត្តដដែល។
ទាក់ទិនការចាប់សត្វព្រៃនេះ មន្ត្រីខុទ្ទកាល័យក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា ក្រសួងបរិស្ថានមានមន្ត្រីអភិរក្សការពារនៅតាមតំបន់ដែនជម្រកសត្វព្រៃ និងតាមឧទ្យានជាតិ។ ពួកគេបានខិតខំក្នុងការការពារសត្វព្រៃ និងការពារការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែលោកថា លទ្ធភាព និងសមត្ថភាពនៅពុំទាន់មានគ្រប់គ្រាន់នោះឡើយនាពេលបច្ចុប្បន្ន ហើយបញ្ហានេះបានធ្វើឲ្យជនខិលខូចនៅលួចបន្តធ្វើសកម្មភាពល្មើសច្បាប់៖ «យើងឃើញថា មានការចាប់ឃាត់ខ្លួនរឹបអូសវត្ថុតាងទៅតុលាការអីហូរហែអ៊ីចឹងទៅ បរិស្ថានគ្រាន់តែជាតួអង្គមួយផ្នែក ក្រសួងកសិកម្ម លោកក៏មានសមត្ថកិច្ចពាក់ព័ន្ធធំដុំដែរជាមួយការងារហ្នឹង សារសំខាន់អោយបងប្អូនប្រជាពលរដ្ឋទូទៅ គាត់យល់សារសំខាន់នៃសត្វព្រៃនៃជីវចម្រុះ ជាពិសេសប្រភេទសត្វជិតផុតពូជហ្នឹង សុំឲ្យសាធារណជនចូលរួមក្នុងចលនាអភិរក្ស ក៏ដូចជាការពារ ដើម្បីសត្វទាំងអស់ហ្នឹងមានតទៅទៀត សម្រាប់មនុស្សជំនាន់ក្រោយ»។
ទាក់ទិនបញ្ហានេះដែរ អគ្គនាយកអង្គការ អិម.ជេ.ភី (MJP) ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង លោក ស្តេហ្វាន់ ប៉ក់ន័រ (Spenphan Bognar) ថ្លែងថា ប្រជាជនកម្ពុជា ពួកគេយល់យ៉ាងច្បាស់ថា ការចាប់សត្វព្រៃ គឺអំពើខុសច្បាប់ ហើយនឹងប្រឈមទៅការចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាត់ទោសនៅតុលាការ។ ប៉ុន្តែលោកថា ជាក់ស្ដែង អ្នកទាំងនោះពួកគេនៅតែបិទភ្នែកប្រព្រឹត្តអំពើល្មើសចាប់សត្វសម្លាប់សត្វព្រៃ ទាំងនៅក្នុងតំបន់ការពារ និងតំបន់អភិរក្ស៖ «ប្រាកដណាស់ អ្នកអាចធ្វើដំណើរចូលទៅព្រៃនៅក្នុងប្រទេសកម្ពុជា អ្នកនឹងមិនឃើញសត្វសត្វព្រៃនោះទេ គឺមានតែព្រៃទទេតែប៉ុណ្ណោះ។ សត្វព្រៃទាំងនោះ ត្រូវរត់គេចលាក់ខ្លួនដើម្បីរស់។ ជារឿយៗ កម្ពុជា ប្រកាសខ្លួនឯងថា កម្ពុជា ជាប្រទេសអច្ឆរិយ ប៉ុន្តែអ្នកទេសចរជាច្រើន ពួកគេបានធ្វើដំណើរមកកម្ពុជា ហើយចូលទៅទស្សនានៅតំបន់ព្រៃ មើលឃើញតែព្រៃ មិនមានសត្វព្រៃ គឺធ្វើឲ្យពួកគេមានការចម្លែក»។
លោក ស្តេហ្វាន់ ប៉ក់ន័រ បន្តថា ការកាប់បំផ្លាញព្រៃឈើ ការធ្វើពាណិជ្ជកម្មសត្វព្រៃនៅស្រុកខ្មែរ គឺផ្ទុយពីខ្លឹមសារដែលកម្ពុជា ខំប្រឹងផ្សាយពាណិជ្ជកម្មរបស់ខ្លួនថា កម្ពុជា ជាប្រទេសអច្ឆរិយ។ នៅមានបញ្ហាផ្សេងទៀតទាក់ទិនការអនុវត្តច្បាប់របស់តុលាការ។ នៅពេលយើងឃាត់ខ្លួនអ្នកចាប់សត្វព្រៃបាន យើងកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការ។ តុលាការមានភាពយឺតយ៉ាវបំផុតក្នុងការចាត់ការលើសំណុំរឿងទាំងនោះ។ បញ្ហានេះ បង្កការលំបាកដល់ភ្នាក់ងារ និងមន្ត្រីរបស់រដ្ឋាភិបាល ពួកគេពុំមានថវិកាគ្រប់គ្រាន់សម្រាប់បន្តនីតិវិធីលើសំណុំរឿងទាំងនោះឡើយ។ ក្រៅពីនេះ នៅមានបញ្ហាប្រឈមជាច្រើនផ្សេងទៀត។ លោក ស្តេហ្វាន់ ប៉ក់ន័រ ថ្លែងថា ខ្ញុំសុំអង្វរឲ្យប្រជាជនកម្ពុជា ត្រូវបញ្ឈប់ការចាប់សត្វព្រៃ៕
No comments:
Post a Comment