Paris Peace Accords 23 Oct. 1991

Tuesday, February 25, 2014

លោក ហ៊ុន សែន ថា​ ទីលាន​ប្រជាធិបតេយ្ យ​នឹង​ត្រូវ ​ចែក​ជា​ពីរ​បក្ស ​ពេល​ធ្វើ ​បាតុកម្ម

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ទិដ្ឋភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៣ ទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម។

លោក ហ៊ុន សែន ថា​ ទីលាន​ប្រជាធិបតេយ្ យ​នឹង​ត្រូវ ​ចែក​ជា​ពីរ​បក្ស ​ពេល​ធ្វើ ​បាតុកម្ម


ដោយ វណ្ណ វិចារ / អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ដក​បម្រាម​ធ្វើ​បាតុកម្ម។ បទ​បញ្ជា​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចុះ​ទៅ​សម្ពោធ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ និង​បន្ទាប់​ពី​កម្ពុជា ត្រូវ​បាន​ប្រទេស​មហា​អំណាច​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ រិះគន់​នឹង​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ជុំ​តវ៉ា​នៅ​ទី​សាធារណៈ​នោះ។
បម្រាម​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឲ្យ​មនុស្ស​ម្នា​ជួប​ជុំ​គ្នា​លើស​ពី ១០​នាក់ ដើម្បី​ធ្វើ​ការ​តវ៉ា​ណា​មួយ​នោះ ត្រូវ​បាន លោក ហ៊ុន សែន ប្រកាស​លុប​ចោល​ហើយ។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ព្រមាន​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ការ​តវ៉ា​ដំណាល​គ្នា​ដែរ បើ​សិន​ជា​បាតុកម្ម​ក្រុម​ម្ខាង​ទៀត​ធ្វើ​ឡើង ដោយ​មាន​ចរិត​នយោបាយ​នោះ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បិទ​តូប​បិទ​ហាង ឈប់​រក​ស៊ី ដោយសារ​តែ​ភ័យ​ខ្លាច​នឹង​ចលនា​បាតុកម្ម។ លោក​បន្ត​ថា កន្លង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​ហាម​ឃាត់​ការ​ជួប​ជុំ និង​បាតុកម្ម​តវ៉ា​ផ្សេងៗ នាំ​ឲ្យ​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ខឹង​សម្បារ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ។ ប៉ុន្តែ លើក​នេះ លោក​ស្នើ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​តវ៉ា​ដោយ​អហិង្សា​គ្រប់​រូបភាព។ លោក​បញ្ជាក់​ថា លោក​មិន​អំពាវនាវ ឬ​ចង់​ឲ្យ​មាន​បាតុកម្ម​ទេ ប៉ុន្តែ​បាតុកម្ម​ទៅ​ថ្ងៃ​មុខ​នឹង​មាន​ព្រម​គ្នា ទាំង​បាតុកម្ម​ស្រប និង​បាតុកម្ម​ប្រឆាំង​តែ​ម្តង។
លោក ហ៊ុន សែន៖ «សុំ​ផ្ដាំ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ហើយ បើ​ក្រុម​ប្រឆាំង​មាន​សិទ្ធិ ក្រុម​អ្នក​គាំទ្រ​ក៏​មាន​សិទ្ធិ​ដែរ។ឧបមា​ថា ភ្នំពេញ មាន​មួយ​កន្លែង វា​មិន​ដឹង​បញ្ចៀស​ទៅ​ណា អា​ហ្នឹង​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​ពុះ​ជា​ពីរ​ហើយ បើ​មិន​ដាក់​របង​ដែក ក៏​ដាក់​របង​ថ្ម​ដែរ បើ​ប្រើ​ប៉ូលិស​ទៅ គឺ​ពិបាក។ ម្ខាង​ធ្វើ​បាតុកម្ម​គាំទ្រ ម្ខាង​ធ្វើ​បាតុកម្ម​ប្រឆាំង ហើយ​ក៏​អោយ​អ្នក​ដទៃ​ភ្លឺ​ភ្នែក​ដែរ កុំ​អី​ឆន្ទៈ​រាស្ត្រ អី​ឆន្ទៈ​រាស្ត្រ​នោះ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា កន្លង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តែង​យក​តួនាទី​របស់​ខ្លួន​ទៅ​ការពារ​បក្ស ហើយ​ទង្វើ​នេះ គឺ​ខុស​ច្បាប់។ លោក​បន្ត​ថា ការ​មាន​ប្រសាសន៍​របស់ លោក ហ៊ុន សែន ប្រហែល​ជា​នាយក​រដ្ឋមន្ត្រី​រូប​នេះ​យល់​ថា របប​គ្រប់គ្រង​នៅ​កម្ពុជា ជា​របប​គ្រប់គ្រង​តាម​លទ្ធិ​បក្ស​និយម៖ «នាយក​រដ្ឋមន្ត្រី គឺ​គេ​គ្រប់គ្រង​ប្រទេស​ទាំង​មូល មិន​មែន​ការពារ​តែ​បក្ស​ដូច​នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​ទេ។ ដូច្នេះ ត្រូវ​រៀន​យល់​ដឹង​ការ​គ្រប់គ្រង​ប្រទេស​ហ្នឹង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​អោយ​បាន​ត្រឹមត្រូវ»
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​ដក​បម្រាម​ជួប​ជុំ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អាច​នឹង​មាន​ហិង្សា ឬ​ការ​ប៉ះ​ទង្គិច​ណា​មួយ​កើត​ឡើង បើ​សិន​ជា​មាន​ការ​ធ្វើ​បាតុកម្ម​ដំណាល​គ្នា រវាង​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នោះ។ លោក​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ៖ «ធ្វើ​យ៉ាង​ណា កុំ​អោយ​មាន​អំពើ​ហិង្សា ឬ​ប៉ះ​ទង្គិច​គ្នា ពិសេស​សុំ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​សិទ្ធិ​ជា​អាទិភាព ក្នុង​កិច្ច​ការពារ​ពលរដ្ឋ​ហ្នឹង កុំ​អោយ​លម្អៀង​ទៅ​លើ​ភាគី ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​បាទ»
បម្រាម​មិន​អោយ​មាន​ការ​ជួប​ជុំ​តវ៉ា ត្រូវ​បាន​អនុម័ត​ដោយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​ដែល​ចុះ​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ មករា។ តាម​រយៈ​បម្រាម​នេះ សាលា​ក្រុង​បាន​បញ្ចេញ​កម្លាំង​សន្តិសុខ​រាប់​រយ​នាក់ ដាក់​ពង្រាយ​តាម​ទី​សាធារណៈ​នានា ដោយ​មាន​កាន់​ដំបង​គ្រាប់​ដៃ ពាក់​ពួក​មួក​សុវត្ថិភាព​ជិត និង​រង់ចាំ​បញ្ជា ដើម្បី​វាយ​សំពង​ទៅ​អ្នក​ទាំង​ឡាយ​ណា​ដែល​ប៉ុនប៉ង​ជួប​ជុំ​គ្នា ទាមទារ​អ្វី​មួយ​នោះ។ បាតុកម្ម​ដែល​ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ នៅ​មុខ​ក្រសួង​ព័ត៌មាន ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​បំបែក វាយ​សំពង​លើ​អ្នក​ចូល​រួម វាយ​សំពង​លើ​អ្នក​កាសែត និង​រឹប​អូស​យក​យាន​ជំនិះ​របស់​បាតុករ ជាដើម។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដែល​ប៉ុនប៉ង​បួង​សួង ជួប​ជុំ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​ជាង ២១​នាក់ ថែម​ទៀត។ សង្គម​ស៊ីវិល​ធ្លាប់​ចាត់​ទុក​ថា បម្រាម​របស់​រដ្ឋាភិបាល ជា​បម្រាម​បំពាន​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិ​មនុស្ស។
ក្នុង​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១៤ នេះ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ រិះគន់​ផ្ទួនៗ​ពី​ចំណាត់​ការ​ដែល​បំបែក​រាល់​ការ​ជួប​ជុំ ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល។ មន្ត្រី​ការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី សុទ្ធ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល គោរព​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។
ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា ការ​ដក​បម្រាម​របស់ លោក ហ៊ុន សែន ក៏​អាច​បើក​ផ្លូវ​ឲ្យ​កម្មករ​តវ៉ា​បន្ត​ទៀត ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​អោយ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ​ដែរ៕




No comments:

Post a Comment