Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

បក្ស​ប្រជាជន​ កំណត់​ថ្ងៃ​១៨​ កុម្ភៈ ចរចា​ជា​ថ្មី​ ជាមួយ​ បក្ស​សង្គ្រោះ​ជាតិ

យឹម សុវណ្ណ ព្រំ សុខា ៦១០
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tin Zakariya

បក្ស​ប្រជាជន​ កំណត់​ថ្ងៃ​១៨​ កុម្ភៈ ចរចា​ជា​ថ្មី​ ជាមួយ​ បក្ស​សង្គ្រោះ​ជាតិ


ដោយ វណ្ណ វិចារ / អាស៊ីសេរី | ១៥ កុម្ភៈ ២០១៤
គណបក្ស​ប្រជាជន​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ជា​ថ្ងៃ​ចរចា​ជា​ថ្មី បន្ទាប់​ពី​បង្ក្រាប​បាតុកម្ម​រួច​មក។ ផែន​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ឲ្យ​មាន​ការ​ចរចា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​ស្នើ​ឲ្យ​មាន​កិច្ច​ចរចា​នយោបាយ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​គ្រប់​ភាគី​ទទួល​បាន។
គណបក្ស​ប្រជាជន​កម្ពុជា កំណត់​យក​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ វេលា​ម៉ោង ៩​ព្រឹក ជា​ថ្ងៃ​បើក​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង ស្វែង​រក​ដំណោះស្រាយ​នយោបាយ។ ការ​ចរចា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹទ្ធសភា ហើយ​គណបក្ស​កាន់​អំណាច​បាន​ត្រៀម​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៣​រូប ដើម្បី​បើក​ការ​ចរចា។ មន្ត្រី​ទាំង​បី​នាក់​នោះ​រួម​មាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា។
ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​បច្ចេកទេស និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ឲ្យ​ដឹង​ថា ការ​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​នេះ ជា​ចេតនា​ពិត​ប្រាកដ​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នយោបាយ។ លោក​បន្ត​ថា បញ្ហា​សំខាន់​បំផុត ដើម្បី​បុព្វហេតុ​ជាតិ គឺ​ជា​ការ​អង្គុយ​ចុះ​ពិភាក្សា​ចរចា​គ្នា​ដោយ​សន្តិវិធី។ ហើយ​ការ​ចរចា​រវាង​ក្រុម​ការងារ​បច្ចេកទេស​នេះ ជា​ការ​ទម្លាយ​ផ្លូវ​មួយ​ទៀត ដើម្បី​ឲ្យ​មេ​ដឹក​នាំ​កំពូលៗ​ទាំង​ពីរ​បក្ស​រួម​គ្នា ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ធំៗ​របស់​ជាតិ​តែ​ម្តង។
លោក ព្រំ សុខា៖ «ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ចរចា ជា​វិធី​ដ៏​ល្អ​បំផុត​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​បញ្ហា បើ​ជួប​មាន​លទ្ធផល យើង​នឹង​បន្ត​ទៀត ហើយ​ច្បាស់​ណាស់​ថា ចុង​ក្រោយ​នឹង​មាន​ការ​ជួប​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល»
ទន្ទឹម​នឹង​នេះ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ក្រុម​ការងារ​សម្រាប់​ចរចា​លំដាប់​ថ្នាក់​បច្ចេកទេស​នេះ​រួច​ហើយ។ សមាសភាព​ចរចា​មាន លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ជួប​គ្នា​ជា​ថ្មី ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​ចាស់ ដែល​បាន​ឯកភាព​គ្នា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ ជា​រឿង​ដោយ​ឡែក ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ជជែក​គ្នា​ទៅ ជា​ជំហរ​របស់​បក្ស​ទាំង​ពីរ គឺ​ចរចា​គ្នា​ដោះស្រាយ​បញ្ហា​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ»
ទាក់ទង​នឹង​បញ្ហា​នេះ សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ លោក​បណ្ឌិត សុខ ទូច ថ្លែង​គាំទ្រ​ជំនួប​ចរចា​ជា​ថ្មី​នេះ។ ប៉ុន្តែ លោក​គិត​ថា គណបក្ស​ទាំង​ពីរ​គួរ​ណាស់​តែ​ដាក់​របៀបវារៈ​ឲ្យ​បាន​ច្រើន ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នយោបាយ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។
ជំនួប​ចរចា​លើក​ចុង​ក្រោយ​បង្អស់​របស់​គណបក្ស​ទាំង​ពីរ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ ប៉ុន្តែ ជំនួប​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ប្រកាស​រំសាយ​ចោល​វិញ ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិស័ក និង​មនុស្ស​មួយ​ចំនួន​ទៀត​ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​នៅ​កំបូល។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រំសាយ​កិច្ច​ចរចា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ក៏​បាន​បន្ត​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង និង​ឈាន​ទៅ​បោស​សម្អាត​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រម​ទាំង​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង ចំពោះ​រាល់​ការ​ជួប​ជុំ​ទាំង​ឡាយ។
ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ធ្លាប់​ប្រកាស​ថា ជំនួប​ចរចា​បរាជ័យ ដោយសារ​បក្ស​កាន់​អំណាច​មិន​ព្រម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ឡើង​វិញ។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ថ្លែង​ម្តង​ជា​ពីរ​ដង​ថា ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​មក​ពី​ភាគី​បក្ស​ប្រឆាំង​ចង់​បាន​តុល្យភាព​ក្នុង​សភា និង​តំណែង​ប្រធាន​រដ្ឋសភា ដែល​គណបក្ស​កាន់​អំណាច​ក្ដោបក្ដាប់​អស់ ៣​អាណត្តិ​ហើយ​នោះ។ បច្ចុប្បន្ន​នេះ គណបក្ស​ប្រឆាំង​កំពុង​ប្រមូល​ភស្តុតាង​សម្រាប់​ប្ដឹង លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ខណៈ​ដែល​បក្ស​កាន់​អំណាច​កំពុង​តែ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​នាក់ ក្នុង​ពន្ធនាគារ៕



No comments:

Post a Comment