Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

កម្ពុជា-ជប៉ុន គ្រោង​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​២០១៤


កម្ពុជា-ជប៉ុន គ្រោង​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​២០១៤

ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ
ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ
REUTERS/Samrang  

អ៊ឹម​​ រចនា/វិទ្យុបារាំង |03,02,2014

កម្ពុជា-ជប៉ុន គ្រោង​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​២០១៤ ក្នុង​គោល​បំណង​ពង្រឹង និង​ពង្រីកវិស័យ​ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ ព្រម​ទាំង​ការ​​វិនិយោគ រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ សព្វ​ថ្ងៃ បើ​ទោះ​ជា​មិន​ទាន់​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​កម្ពុជា-ជប៉ុន យ៉ាង​ណា​ក្ដី ក៏​អ្នក​វិនិយោគ​ជប៉ុន បាន​សម្រុក​ចូល​មក​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ​ជើង​ហោះ​ហើរ​ផ្ទាល់ កម្ពុជា-ជប៉ុន​នា​ពេល​ខាង​មុខ​នេះ នឹង​នាំ​មក​នូវ​អ្នក​វិនិយោគ ព្រម​ទាំង​អ្នក​ទេសចរ​ទ្វេ​ដង មក​កាន់​កម្ពុជា។


ការ​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់ កម្ពុជា-ជប៉ុន ក្នុង​រយៈ​ពេល​៦​ខែ​ខាង​មុខ គឺ​ជា​សេចក្ដីរំពឹង​​​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ដែល​បាន​បង្ហើប​ឲ្យ​ដឹង ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ីដេអុ សាវ៉ាដា អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន H.I.S Company Ltd នៅ​ថ្ងៃ​ទី​៣១​មករា​កន្លង​ទៅ។ ជើង​ហោះ​ហើរ​ផ្ទាល់​កម្ពុជា-ជប៉ុន ដែល​ត្រូវ​ប្រសូត្រ​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នឹង​ជម្រុញ​ឲ្យ​​មាន​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​នាំ​​មក​នូវ​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ជប៉ុន ​ទ្វេ​ដង​មក​កាន់​កម្ពុជា។
បើ​តាម​លោក​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី កម្ពុជា​នឹង​ជួយ​សម្រួល​ដល់​អ្នក​ទេសចរ​ជប៉ុន តាម​រយៈ​ការ​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់​កម្ពុជា​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ស្វែង​រក ឬ​ធ្វើ​ទិដ្ឋាការ​នៅ​ប្រទេស​ក្រៅ​នោះ​ទេ។ ហើយ​ថា ទេសចរ​ជប៉ុន ក៏​អាច​ប្រើ​ប្រាស់​ប្រាក់​យ៉េន​​ជប៉ុន នៅ​កម្ពុជា​ផង​ដែរ។

សព្វ​ថ្ងៃ បើ​ទោះ​ជា​មិន​ទាន់​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​កម្ពុជា-ជប៉ុន យ៉ាង​ណា​ក្ដី ក៏​អ្នក​វិនិយោគ​ជប៉ុន បាន​សម្រុក​ចូល​មក​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ជប៉ុន បាន​ដាក់​ទុន​វិនិយោគ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ជាមួយ​នឹង​វត្តមានរោងចក្រ​​ជប៉ុន​ជា​ច្រើន។ ក្រៅពី​ការវិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​មាន​ដែរ​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​នៅ​កម្ពុជា ពី​សំណាក់​ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​ មាន​ដូច​ជា ក្រុមហ៊ុន AEON និង​ក្រុមហ៊ុន Casio ជា​ដើម។​ ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន ក៏​កំពុង​តែ​វាយ​លុក​ទីផ្សារ​អាហារ​កម្ពុជា​យ៉ាង​គំហុក។

ការ​វិនិយោគរបស់​ជប៉ុន​នៅ​កម្ពុជា បាន​កើន​ឡើង​ពី៧៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១១ រហូត​ដល់​​៣២៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១២។ រី​ឯ​ចំនួន​ភ្ញៀវ​​ទេសចរ​ជប៉ុន​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ គ្រាន់​តែ​រយៈ​ពេល​១១​ខែ ដើម​ឆ្នាំ​២០១៣ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ជប៉ុន បាន​ប្រមាណ​​១​សែន​៨​ម៉ឺន​នាក់ កើន​ឡើង​ជាង​១៥​ភាគ​រយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២ ដែល​មាន​ត្រឹម​តែ​ជិត​១​សែន​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

No comments:

Post a Comment