អ្នកបុរីកីឡា តវ៉ា ចំពោះអាជ្ញាធរ ដែលវាស់ដី ជូនពលរដ្ឋ មិនគោរពតាម ការសន្យា
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
ប្រជាសហគមន៍បុរីកីឡា ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នានៅសហគមន៍របស់ខ្លួន តវ៉ាចំពោះការវាស់វែងដីស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេ មិនស្របតាមការសន្យារបស់អភិបាលសាលារាជធានីភ្នំពេញ។
ប្រជាសហគមន៍បុរីកីឡា ឲ្យដឹងថា កន្លងទៅ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ធ្លាប់បានសន្យាផ្តល់ដីទំហំ ៤គុណ៦ម៉ែត្រក្នុងមួយគ្រួសារ ដល់ពលរដ្ឋ១៥៤គ្រួសារ ដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច សម្រាប់ជាជម្រករស់នៅបណ្តោះអាសន្ន មុននឹងសាងសង់អាគារពីរបន្ថែមទៀត។ អ្នកស្រី បន្តថា នៅថ្ងៃនេះ មន្ត្រីសាលារាជធានីភ្នំពេញ បានចុះមកវាស់វែងដីនៅសហគមន៍បុរីកីឡា ប៉ុន្តែវាស់ឲ្យពលរដ្ឋតែ ៣គុណ៤ម៉ែត្រក្នុងមួយគ្រួសារទៅវិញ។
បន្ទាប់ពីការតវ៉ា នៅម៉ោងជាង១០ព្រឹកនេះ មន្ត្រីសាលារាជធានីភ្នំពេញ បានផ្អាកការវាស់វែងដីនិងបានត្រឡប់ទៅវិញ ដោយពុំមានការប្រឈមដាក់គ្នានោះទេ ហើយពលរដ្ឋដែលតវ៉ាទាំងនោះ បានរំសាយការតវ៉ា ហើយនាំគ្នារើទីលំនៅបណ្តោះអសន្នទៅកាន់បន្ទប់អាគារដែលនៅសេសសល់ ក្នុងអាគារទាំង៨នោះ។
សហគមន៍បុរីកីឡា មានវិវាទដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ជាច្រើនឆ្នាំមកហើយ ដោយខាងក្រុមហ៊ុនផានអ៊ីម៉ិច បានសន្យាថានឹងសាងសង់អាគារចំនួន១០ សម្រាប់ជាថ្នូរនឹងការយកដីតំបន់បុរីកីឡាទៅអភិវឌ្ឍន៍ ប៉ុន្តែក្រុមហ៊ុននេះ សង់បានតែ ៨អាគារ ជាហេតុនាំឲ្យពលរដ្ឋដែលមិនទទួលបានសំណង ផ្ទុះការតវ៉ា រហូតមកដល់បច្ចុប្បន្ននេះ៕
No comments:
Post a Comment