Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

គ.ជ.ប ប្រកាស​ ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នៅព្រឹក​ថ្ងៃទី ២១កុម្ពៈ ២០១៤
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នៅព្រឹក​ថ្ងៃទី ២១កុម្ពៈ ២០១៤
RFI/Siv Channa

គ.ជ.ប ប្រកាស​ ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ដោយ ញឹម សុផល / RFI | ២១ កុម្ភៈ​ ២០១៤
គណៈកម្មាធិការ​ រៀបចំ​ ការបោះឆ្នោត គ.ជ.ប ប្រកាស​ ដល់​គណបក្ស នយោបាយ​ ទាំងអស់​ ឲ្យ ត្រៀមលក្ខណៈ ដាក់​ពាក្យ សុំ​ចុះឈ្មោះ​បោះឆ្នោត​ ដែល​បានចាប់ផ្តើម​ កាលពីដើម​ខែកុម្ភៈ​នេះ និង​ចុះឈ្មោះ​ បេក្ខជន​ឈរឈ្មោះ​ បោះឆ្នោត​ សម្រាប់​ការបោះឆ្នោត​ ជ្រើសរើស​ ក្រុមប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​ ​​នៅ​ថ្ងៃទី១៨ ខែឧសភា ខាង​មុខ។ មន្ត្រី គ.ជ.ប រំពឹងថា មាន​គណបក្ស​ ប្រមាណ​ជា ២ទៅ៣ នឹងចូលរួម​ នៅក្នុង​ការ​បោះឆ្នោត​​ ដែល​គេ​ចាត់ទុកថា​ មាន​សារៈសំខាន់​តិចតួច។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប  បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​របស់​ជាតិ​មួយ​នេះ​បានចាប់ផ្តើម ពី​គណបក្ស​ពី​ការចុះបញ្ជី​គណបក្ស​នយោបាយ​​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​នៅ​គណៈកម្មការ​រាជធានី​/​ខេត្ត​  រៀប​ចំ​​ការបោះឆ្នោត (គ​ធ/ខ​ប) ការចុះឈ្មោះ​អ្នកសង្កេតការណ៍​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​តំណាង​​​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង ស្រុក ខ័​ណ្ឌ អាណត្តិ​ទី២ ឆ្នាំ២០១៤។ ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨
ខែ​ឧសភា ឆ្នាំ ២០១៤ ខាងមុខ។



យោងតាម​ច្បាប់បោះឆ្នោត ក៏ដូចជា​ការបញ្ជាក់រ​បស់​លោកស្រី ស៊ិន ជុំ​បូ អនុប្រធាន​គ.ជ.ប
បានប្រកាសថា ​ពលរដ្ឋ​ដែល​អាច​ឈរឈ្មោះ​ជា​បេក្ខជន​បាន​លុះត្រា​តែមាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​​​ឡើង​ទៅ មាន​សញ្ជាតិ​ខ្មែរ។ ហើយ​អ្នក​ដែល​មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​បាន​មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រុម​ចៅក្រម ។ ដោយឡែក​ចំពោះ​អភិបាល អភិបាល​​រង​រាជធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ អាច​ឈរឈ្មោះ​ជា​បេក្ខជន​បាន ទាល់​តែ​សុំច្បាប់​ពិសេស​រយៈពេល ៧ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ​រហូត​ទាល់​ប្រកាស​លទ្ធផល​ឆ្នោត។ ពោលគឺ​មាន​ការ​​កែប្រែ​ខុសពី​ការបោះឆ្នោត​អាណត្តិ​មុន ដែល​តម្រូវ​ឲ្យ​មានការ​លាលែង​ពី​តំណែង។ ជាមួយគ្នានេះ​ក្រុមប្រឹក្សាឃុំ ក៏​អាច​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​បានដែរ ដោយ​តម្រូវ​ឲ្យ​លាលែង​ពី​តំណែង​បច្ចុប្បន្ន​ជាមុន។

ជាទូទៅ​អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត​គឺមាន​តែ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ដែល​បាន​ជាប់​ឈ្មោះ​កាលពី​ឆ្នាំ ២០១២កន្លងមក។ លោក​ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែងថា​បច្ចុប្បន្ននេះ គ.ជ.ប ទើបតែ​ចាប់ផ្តើម​ស្រង់​ឈ្មោះ​អ្នកបោះឆ្នោត​នៅឡើយ ហើយ​លោក​ក៏​មិនទាន់​ដឹងថា គណបក្ស​ណាខ្លះ​ឈរឈ្មោះ​ក៏​ទេ​ដែរ ក្នុងចំណោម​គណបក្ស​ចំនួន ៧​ដែល​មាន​​សមាជិក​ជាប់​ឈ្មោះ ក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក។ ក៏ប៉ុន្តែ ​លោក​ ទេព នីថា ប៉ាន់​ប្រមាណ​​ថា អាច​នឹងមាន ពី២ ទៅ៣ គណបក្ស​ដែល​នឹង​ឈរឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខ។

ទាក់ទង​ទៅនឹង​ការចំណាយ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ អាណត្តិ​ទី២នេះ លោក អគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថា មាន​ប្រមាណ​ជាង១,៦លាន​ដុល្លារ ក៏ប៉ុន្តែ​ត្រូវ​បន្ថែម​ជាង ១០ម៉ឺន​ដុល្លារ​ទៀត ដោយសារតែ​ការ​បំបែក​ខេត្ត​ថ្មី​មួយទៀត​ ចេញពី​ខេត្តកំពង់ចាម​គឺ​ខេត្ត​ត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ និង​ការបង្កើត​ខ័​ណ្ឌ​ចំនួន​បី​​ថ្មី​ទៀត។

សូមបញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ដែល​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​នៅ​អាណត្តិ​​ទី​ពីរ​នេះ មាន​ចំនួន ៣៩៣នាក់ ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ចំនួន​២ ៩៣១នាក់ ហើយ​សមាជិក​ឃុំ​សង្កាត់ ​ដែលជា​អង្គ​បោះឆ្នោត​នោះ​ មាន​ចំនួន​សរុប ១១ ៤៥៩នាក់។


No comments:

Post a Comment