Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

បុណ្យ​​ទន្លេ និង​​បុណ្យ​ដំរី នឹង​បង្កើត​ឡើង​ នៅ​ឆ្នាំ២០១៥

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា​
លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា​
RFI/Im Navin

បុណ្យ​​ទន្លេ និង​​បុណ្យ​ដំរី នឹង​បង្កើត​ឡើង​ នៅ​ឆ្នាំ២០១៥

ដោយ ញឹម សុផល / RFI | ០៨ កុម្ភៈ ២០១៤
ក្រសួង​ ទេសចរណ៍​គ្រោង​ នឹង​រៀបចំ​ បុណ្យ​ទន្លេ និង​បុណ្យ​ដំរី នៅ​ឆ្នាំ២០១៥ ដោយ​បុណ្យ​ទាំងពីរ​នេះ ​បាន​ទទួល​ការអនុញ្ញាត ពី​​រដ្ឋាភិបាល​កម្ពុជា​ ហើយ បន្ថែម​ពី​លើ​ បុណ្យ​សមុទ្រ ដែល​ប្រទេស​នេះ​ បាន​ធ្វើ​ឡើង​ ជា​រៀង​រាល់​ចុង​ឆ្នាំ។ រដ្ឋមន្ត្រី​ ក្រសួង​ទេសចរណ៍​ កម្ពុជា​ ថ្លែង​ថា បច្ចុប្បន្ន​ ក្រសួង​ទេសចរណ៍​ កំពុង​ធ្វើ​ការសិក្សា​អំពីលទ្ធភាព​ ក្នុង​ការដំណើរ​ការបុណ្យ​ទាំងពីរ​នេះ​ឡើង ​ដែល​នេះ​ គឺ​ជា​ផលិតផល​ទេសចរណ៍​ ដ៏​មាន​សារៈ​សំខាន់​  សម្រាប់​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

ក្រសួង​ទេ​ចរណ៍​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត ឲ្យ​បង្កើត​បុណ្យ​ចំនួន​ពីរ​ទៀត ក្នុង​គោលបំណង​ពង្រីក​សក្តានុពល​ទេសចរណ៍ និង​ទាក់ទាញ​ទេសចរណ៍​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន, បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា បុណ្យ​ទន្លេ​អាច​នឹងត្រូវ​ចាប់​ផ្តើមធ្វើ​នៅក្នុង​ឆ្នាំ២០១៥ ដោយពេល​នេះ​ក្រសួងទេសចរណ៍​និង
ស្ថាប័ន​ពាក់ព័ន្ធ ​កំពុងតែធ្វើការ​សិក្សា​ពី​លទ្ធភាពផ្សេងៗដើម្បី​ឲ្យ​ពិធី​ថ្មី​ទាំងពីរ​ អាច​ដំណើរការ​ទៅបាន​ដោយ​មិនមាន​ឧបសគ្គ។
ទាក់ទង​ទៅនឹង​បុណ្យ​ទន្លេ លោក​រដ្ឋមន្ត្រី ថោង ខុន ឲ្យ​ដឹងថា​សព្វថ្ងៃ​ ទន្លេមេគង្គ​កម្ពុជា​ដែល
មាន​ប្រវែង​ជាង៤០០គីឡូម៉ែត្រ​នោះ ទទួលបាន​ការទាក់ទាញ​កាន់តែច្រើន​ទៅ​ពី​ភ្ញៀវ​ទេសចរ។​​ លោក​រដ្ឋមន្ត្រី​បន្តថា ពិធីបុណ្យ​ដែល​ភ្ជាប់​គ្នា​នឹង​ការ​ប្រណាំងទូក​​នេះ នឹង
ភ្ជាប់​គ្នា​​ជាមួយនឹង​ការបង្ហាញ​ពី​ជីវភាព​រស់នៅ និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ។ ហើយ​ពិធីបុណ្យ​ប្រចាំឆ្នាំ​នឹងត្រូវ​ជ្រើស​រើសយក​ខេត្ត​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ ដើម្បី​នាំ​​ទេសចរ​​ឲ្យ​ទៅកាន់​ទៅនោះ​កាន់តែច្រើន។

ដោយឡែក​ ចំពោះ​ពិធីបុណ្យ​ដំរី​វិញ លោក ថោង ខុន បញ្ជាក់ថា​ កម្ពុជា​មិន​ចាញ់​ប្រទេស​អាស៊ី​មួយចំនួន​ទេ ដោយ​ប្រទេស​នេះ​នៅសល់​សត្វ​ដំរី​រាប់រយ​ក្បាល​ដែរ។ លោក​ថា ដំរី​ក្រៅពី​ជួយ​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការរស់នៅ​តាម​សភាវៈគតិ​របស់​វា​នៅក្នុង​ព្រៃ ដំរី​ក៏បានបំរើ និង​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ដែរ។ គឺ​ប្រទេស​កម្ពុជា​អាចធ្វើ​បាន បន្ទាប់ពី​បុណ្យ​ដូចគ្នានេះ​ត្រូវគេ​អនុវត្ត​នៅ​ប្រទេស​ថៃ ឡាវ និង​ឥណ្ឌា។

សូម​រំលឹកថា កាលពី​ឆ្នាំ២០១៣កន្លងទៅនេះ​ ប្រទេស​កម្ពុជា​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បាន​ចំនួន​ប្រមាណ​ជា ៤,២លាន​នាក់​ កើនឡើង​ជាង១៨ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លងទៅ។
ជាការ​កត់សម្គាល់ ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ដែល​បានមក​ទស្សនា ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ២០១៣ ឈរ​លំដាប់ថ្នាក់​លេខ១ គឺ​ភ្ញៀវ​ទេសចរវៀតណាម ប្រទេស​ចិន​ឈរ​លេខ​រៀង​ទី២  និង​កូរ៉េ​លេខរៀង​ទី៣។

ជា​នយោបាយ​ទេសចរណ៍ ​ប្រទេស​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ២០១៥ ឲ្យ​បាន៤,៥លាន​នាក់ (បួន​លាន​ប្រាំ​សែន​នាក់) ហើយ​រំពឹងថា នៅ​ឆ្នាំ២០២០ កម្ពុជា​នឹង​ទទួល​បាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា៧លាន​នាក់៕​



No comments:

Post a Comment