Paris Peace Accords 23 Oct. 1991

Friday, March 18, 2016

លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង ​បើ​បន្ត​ចោទ​ថា នៅ​ពី​ក្រោយ ​រឿង​អាស្រូវ ​លោក កឹម សុខា

លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង ​បើ​បន្ត​ចោទ​ថា នៅ​ពី​ក្រោយ ​រឿង​អាស្រូវ ​លោក កឹម សុខា

RFA / វិទ្យុ អាស៊ី សេរី | ១៧ មីនា ២០១៦

កឹម សុខា ហ៊ុន សែន ៦១០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ មីនា ព្រមាន​វាយ​បក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​បក្ស​នេះ​បន្ត​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​របស់​ អ្នក​នយោបាយ​ម្នាក់។ ពិត​មែន​ថា​លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​អ្នក​នយោបាយ​រូប​នោះ ក៏​លោក​នាយក​រដ្ឋមន្ត្រី​ទំនង​សំដៅ​ដល់ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ពួក​គេ​កំពុង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

បើ​ទោះ​បី​ជា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ច្បាស់​ថា នឹង​វាយ​បក​ទៅ​កាន់​អ្នក​ដែល​ចោទ​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ការ​បញ្ចេញ​រឿង​ អាស្រូវ​ស្នេហា​ពាក់ព័ន្ធ​នឹង លោក កឹម សុខា បែប​ណា​ក្តី ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់​ថា បើ​គេ​នៅ​តែ​បន្ត​ចាត់​ទុក​រឿង​អាស្រូវ​ស្នេហា ថា​ជា​រឿង​នយោបាយ នោះ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​មែន​ទែន​តែ​ម្តង។

លោក ហ៊ុន សែន ដែល​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា ព្រមាន​ថា ក្នុង​ករណី​រដ្ឋាភិបាល​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ គឺ​បក្ស​ប្រឆាំង​ពិត​ជា​ពិបាក​មិន​អាច​ទប់​រួច​នោះ​ទេ៖ «ដំបូង​ឆេះ​នៅ​ឆ្ងាយ។ ឥឡូវ​ឆេះ​ជិត​ដល់​ជើង​រដ្ឋាភិបាល​ហើយ តែ​ឆេះ​ដល់​ជើង​រដ្ឋាភិបាល រដ្ឋាភិបាល ​ត្រូវ​រើ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ តុលាការ​បាន​បញ្ជា​មក​នគរបាល​ធ្វើ​ការ​ហើយ អ្នក​ឯង​ចង់​ឆ្លើយ​យ៉ាង​ម៉េច​ជា​រឿង​របស់​អ្នក​ឯង ប៉ុន្តែ​ភស្តុតាង​ផ្សេង អ្នក​ឯង​ថា​មាន​ប៉ាសស្ព័រ (Passport) ឥឡូវ​មាន​ប៉ាសស្ព័រ ព្រោះ​អ្នក​ឯង​ទៅ​ធ្វើ​ប៉ាសស្ព័រ អ្នក​ឯង​ថា​មិន​ដែល​ចេញ​ក្រៅ​ប្រទេស ប៉ុន្តែ​អ្នក​ឯង​ជិះ​បាងកក អ៊ែរវ៉េ (Bangkok Airway) ម៉ោង​ប៉ុណ្ណេះ ថ្ងៃ​ប៉ុណ្ណេះ ទៅ​ដេក​នៅ​សណ្ឋាគារ​នេះ គេ​ដឹង​តើ​រឿង​ហ្នឹង និយាយ​ឲ្យ​ច្បាស់ៗ​ដំបង កាន់​តែ​រើ​កាន់​តែ​ងាប់។»


ការ​ថ្លែង​របស់ លោក ហ៊ុន សែន បែប​នេះ ទំនង​ជា​លោក​សំដៅ​ទៅ​លើ​ការ​ចូល​បំភ្លឺ​របស់ កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ នៅ​ចំពោះ​មុខ​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​នាង និង​លោក កឹម សុខា។ កញ្ញា ខុម ចាន់តារាទី បដិសេធ​ថា នាង​មិន​បាន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ជាមួយ លោក កឹម សុខា ឡើយ។

នេះ​ជា​លើក​ទី​១ ដែល លោក ហ៊ុន សែន ចេញ​មុខ​និយាយ​ជា​សាធារណៈ​អំពី​រឿង​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា ចាប់​តាំង​ពី​រឿង​នេះ​បាន​ផ្ទុះ​ជាង​កន្លះ​ខែ​រួច​មក។

លោក ហ៊ុន សែន ដែល​ជឿជាក់​ថា​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ក្នុង​ខ្សែ​អាត់​ជា​របស់ លោក កឹម សុខា ថ្លែង​ថា លោក កឹម សុខា មិន​អាច​លាក់​កំបាំង​រឿង​អាស្រូវ​ស្នេហា​នេះ​បាន​ឡើយ។ លោក ហ៊ុន សែន ថែម​ទាំង​ថ្លែង​ឌឺដង​ទៅ​កាន់​បក្ស​ប្រឆាំង​ថា យុទ្ធសាស្ត្រ​៣ មិន ១ រាយការណ៍​ដែល លោក ហ៊ុន សែន សំដៅ​លើ​យុទ្ធសាស្ត្រ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ ដែល​បក្ស​ប្រឆាំង​កំពុង​ប្រកាន់​យក​ពេល​នេះ អាច​អនុវត្ត​បាន​តែ​ក្នុង​ទសវត្សរ៍​ទី​៨០ ដើម្បី​ប្រឆាំង​ក្រុម​ខ្មែរ​ក្រហម​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​យក​មក​ប្រើ​ដើម្បី​លាក់​បាំង​បញ្ហា​អាស្រូវ​ផ្លូវ​ភេទ​បាន​ ឡើយ៖ «បោក​គេ​បោក​ឯង​សម័យ​នេះ​វា​ហួស​ហើយ សូម្បី​តែ​ព្រលាន​យន្តហោះ​បាងកក ព្រលាន​យន្តហោះ​ភ្នំពេញ គេ​ថត​មនុស្ស​ទុក​តើ សណ្ឋាគារ​មួយៗ​គេ​មាន​ប្រដាប់​ថត​របស់​គេ​តើ។ ៣ មិន ១ រាយការណ៍ អា​ហ្នឹង​យុទ្ធសាស្ត្រ​ការពារ​ភូមិ-ឃុំ​កាល​ពី​សម័យ​រដ្ឋ​កម្ពុជា ប្រឆាំង​នឹង​ការ​ចូល​វាយ​ឆ្មក់​របស់​ពួក​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ​មិន​អាច​ប្រើ​នៅ​ក្នុង​សតវត្សរ៍ ២១ បាន​ទេ»


ក្នុង​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) កាល ​ពី​ថ្ងៃ​ទី​១៥ មីនា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ថា មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ ហើយ​ផ្ដោត​តែ​ទៅ​លើ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មីនា ថា គណបក្ស​មិន​ប្រតិកម្ម​ទៅ​នឹង​អ្វី​ដែល​មិន​មែន​ជា​ប្រយោជន៍​របស់​ប្រទេស​ ជាតិ​នោះ​ទេ។ ចំពោះ​ការ​ព្រមាន​វាយ​បក​របស់ លោក ហ៊ុន សែន វិញ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តើ លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ​អ្វី​នោះ​ទេ?៖ «ប៉ុន្តែ​មក​ទល់​ពេល​នេះ អ្វី​ដែល​បក្ស​ប្រឆាំង​កំពុង​ធ្វើ គឺ ​យើង​ខិតខំ​ធ្វើ​ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត។ យើង​ត្រូវ​ជំរុញ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត។ យើង​ត្រូវ​រៀបចំ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់។ យើង​ត្រូវ​រៀបចំ​សារ​នយោបាយ គោល​នយោបាយ។ យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ឃុំ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។»

ជុំវិញ​រឿង​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា នេះ អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពលរដ្ឋ​ ខ្មែរ​ទៅ​លើ​រឿងរ៉ាវ​ធំៗ​របស់​ប្រទេស​ជាតិ​ប៉ុណ្ណោះ ជាពិសេស​គឺ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ធ្លាក់​ប្រជាប្រិយភាព​ក្នុង​ការ​បោះឆ្នោត ​ខាង​មុខ៕


No comments:

Post a Comment