Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

នាយក រដ្ឋមន្ត្រី​ អំពាវនាវ​ ឲ្យ​រក្សា​ស្ថិរភាព​ និង​បញ្ចៀស​​ ហិង្សា​​​​ ក្នុង​សង្គម

ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។

នាយក រដ្ឋមន្ត្រី​ អំពាវនាវ​ ឲ្យ​រក្សា​ស្ថិរភាព​ និង​បញ្ចៀស​​ ហិង្សា​​​​ ក្នុង​សង្គម

ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ១៧ កុម្ភៈ ២០១៤
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បញ្ចៀស​ការ​ប្រើ​អំពើ​ហិង្សា ឬ​បង្កាត់​ភ្លើង​​អុជអាល​នៅ​ក្នុង​សង្គម ក្នុង​ន័យ​ដើម្បី​ហេតុ​ផល​អ្វី​មួយ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​គណបក្ស​ម្ខាង។
សារ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​មិន​សំដៅ​លើ​បក្ស​នយោបាយ ឬ​ភាគី​ពាក់ព័ន្ធ​ណា​មួយ​នោះ គឺ​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​សន្តិភាព​ផ្នែក​នយោបាយ​ដែល​មាន​ជាង ៣០​ឆ្នាំ​មក​នេះ ត្រូវ​បាត់បង់​ទៅ​វិញ​ដោយ​ទទេៗ ហើយ​សន្តិភាព​នេះ អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ភាព​សុខសាន្ត។
លោក ហ៊ុន សែន ចាត់​ទុក​ថា ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​សន្តិភាព​ដែល​មាន​រូបរាង​អស់​រយៈពេល​ជាង ៣​ទសវត្ស​មក​នេះ ត្រូវ​បាត់បង់​ទៅ​វិញ គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​ឆន្ទៈ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា។
នេះ​ជា​ការ​​ថ្លែង​ដ៏​កម្រ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាក់​មិន​សូវ​ប្រតិកម្ម​ប្រឆាំង​អ្នក​នយោបាយ​ដែល​ពុំ​មែន​ជា​បក្ស​ប្រជាជន​កម្ពុជា ឬ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូច​លើក​មុនៗ​ឡើយ ក្រោយ​ពី​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ រួច​មក។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ថា ការ​ព្យាយាម​ធ្វើ​ឲ្យ​សន្តិភាព​ត្រូវ​ធ្លាក់​ចុះ ឬ​ស្ថិរភាព​នយោបាយ​ត្រូវ​ក្រឡាប់​ចាក់ នោះ​គឺ​ជា​ការ​បំផ្លាញ​ភាព​សុខសាន្ត និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ដោយ​ចាត់​ទុក​ថា គឺ​ជា​ផ្នែក​មួយ​ផង​ដែរ​នៃ​ការ​រក្សា​សន្តិភាព​ក្រៅ​ពី​រដ្ឋាភិបាល។
ការ​ថ្លែង​ដូច​នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​សញ្ញាបត្រ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ។
សារ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ជា​មេ​ដឹកនាំ​យូរ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ កើត​ឡើង​នៅ​​ចំ​ពេល​ដែល​អ្នក​នយោបាយ​ថ្នាក់​ក្រោម គ្រោង​បើក​កិច្ច​ពិគ្រោះ​យោបល់​ដើម្បី​ទម្លាយ​ភាព​ជាប់​ដែល​បាន​អូស​បន្លាយ​ជាង​កន្លះ​ឆ្នាំ​មក​នេះ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ថា នេះ​ទំនង​ជា​លោក ហ៊ុន សែន ចង់​បើក​ផ្លូវ​ការ​ចរចា​ទ្វេ​ភាគី​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គារ មាន​បរិយាកាស​ល្អ​ប្រសើរ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ចរចា ហើយ​ក៏​ជា​ការ​បន្ទន់​ឥរិយាបថ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា ជា​ទម្លាប់​នៅ​ពេល​ណា​ដែល​លោក ហ៊ុន សែន ចង់​បញ្ចប់​បញ្ហា តែង​អនុវត្ត​គោលនយោបាយ​បែប​នេះ។ ទោះ​ជា​បែប​ណា លោក អ៊ូ វីរៈ ឲ្យ​ដឹង​ថា អ្វី​ដែល​អ្នក​នយោបាយ​សម្រេច​ក្នុង​ន័យ​ដើម្បី​បុព្វហេតុ​ជាតិ និង​តម្កល់​ផលប្រយោជន៍​របស់​ពលរដ្ឋ​ជា​ចម្បង គឺ​ជា​យន្តការ​ដ៏​ប្រសើរ។
យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​ជា​លោក ហ៊ុន សែន រិះគន់​ដោយ​ពុំ​បាន​ថ្លែង​ដោយ​ចំ​ឈ្មោះ​គណបក្ស​នយោបាយ ឬ​ក្រុម​ណា​មួយ តែ​គេ​ដឹង​ថា នោះ​ទំនង​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​សំដៅ​បក្ស​ប្រឆាំង និង​សហជីព។ ព្រោះ​ក្នុង​ពេល​កន្លង​ទៅ​​នេះ ទាំង​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​កម្មករ​បាន​ផ្ទុះ​បាតុកម្ម​អហិង្សា​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​ការ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ជាដើម។
បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​នេះ​ក្ដី ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដាញ​សម្ព័ន្ធ​សហជីព បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង​ហើយ​ថា ការ​ទាមទារ​កន្លង​ទៅ​នេះ គឺ​ពុំ​មាន​ហិង្សា​ឡើយ តែ​ផ្ទុយ​ទៅ​​វិញ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទេ ដែល​ជា​ហេតុ​ផល​នាំ​ឲ្យ​មាន​ហិង្សា​កើត​ឡើង។
នេះ​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ឡើយ​នៃ​ការ​ជួប​ចរចា។ គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ព្យាយាម​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ទាំង​ថ្នាក់​កំពូល និង​គណៈកម្មការ​ជំនាញ ប៉ុន្តែ​លទ្ធផល​នៅ​តែ​ពុំ​អាច​ទៅ​រួច។ យ៉ាង​ណា លោក អ៊ូ វីរៈ គិត​ថា ការ​ជួប​ចរចា​លើក​នេះ ទំនង​ជា​ភាគី​ទាំង​ពីរ​ព្រមព្រៀង​ក្នុង​កម្រិត​មួយ។ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា មធ្យោបាយ​ដែល​ល្អ​ប្រសើរ អ្នក​នយោបាយ​​ទាំង​ពីរ​គប្បី​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ជា​ច្រក​ចេញ​ដ៏​ល្អ​មួយ៕




1 comment:

  1. Anonymous2:49 AM

    ពងក្ដៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,....................................................................................................................?????????????????????????????????????????????????????????????????????????????????

    ReplyDelete