Paris Peace Accords 23 Oct. 1991

Sunday, February 9, 2014

លីកាដូ៖ រដ្ឋាភិបាល​ រឹតត្បិត​សេរីភាព ​នៃ​ការ​ជួបជុំ ​របស់​ពលរដ្ឋ

បាតុកម្ម ម៉ម សូណង់ដូ ៦១០
កង​កម្លាំង ​រដ្ឋាភិបាល ​គប់​គ្រាប់​ឧស្ម័ន ​បង្ហៀរ​ទឹក​ភ្នែក បំបែក​ក្រុម​បាតុករ ​របស់​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​ក្រសួង​ ព័ត៌មាន កាល​ពី​ថ្ងៃ​ ទី​២៧ មករា ឆ្នាំ​២០១៤។
RFA/Van Vichar

លីកាដូ៖ រដ្ឋាភិបាល​ រឹតត្បិត​សេរីភាព ​នៃ​ការ​ជួបជុំ ​របស់​ពលរដ្ឋ

RFA | 9 Feb. 2014

អង្គការ​ សម្ព័ន្ធ​ខ្មែរ​ ជំរឿន និង​ការពារ​ សិទ្ធិ​មនុស្ស លីកាដូ (Licadho) ចាត់​ទុក​ថា, ស្ថានភាព ​សិទ្ធិ​មនុស្ស ​នៅ​ប្រទេស ​កម្ពុជា សព្វថ្ងៃ មិន​ត្រូវ​ បាន​រដ្ឋាភិបាល ​លើក​កម្ពស់​ឡើយ។  ជា​ពិសេស​ ស្ថានការណ៍​ ចុង​ក្រោយ​នេះ ត្រូវ​ គេ​ មើល​ឃើញ​ កាន់​តែ​ ច្បាស់, មិន​ថា​ឡើយ សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ ​នោះ​ទេ, សូម្បី​ សិទ្ធិ ​ការ​ប្រមូល​ផ្ដុំ ឬ​សិទ្ធិ​ ក្នុង​ការ​ជួបជុំ ក៏​ត្រូវ​ បាន​រដ្ឋាភិបាល​ គាប​សង្កត់ និង​ហាម​ប្រាម ​យ៉ាង​តឹងរ៉ឹង​ដែរ។


អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​ចំនួន ៩​ទំព័រ នៅ​ថ្ងៃ​ទី​៨ កុម្ភៈ រក​ឃើញ​ថា រដ្ឋាភិបាល​ក្រោម​គោលនយោបាយ​របស់​លោក ហ៊ុន សែន បាន​ប្រើប្រាស់​បទបញ្ជា​បង្ក្រាប ឬ​ដាវ​អាជ្ញាសឹក​ជា​ច្រើន​លើក​ប្រឆាំង​ក្រុម​អ្នក​តស៊ូ​មតិ ក្រុម​សហគមន៍​ដីធ្លី សហជីព និង​អង្គការ​សមាគម​ដែល​អនុវត្ត​គោលការណ៍​អហិង្សា ទោះ​ក្នុង​ទម្រង់​នៃ​ការ​ទាមទារ​នោះ​តាម​រូបភាព​បែប​ណា​ក៏​ដោយ។

អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​ចុង​ក្រោយ​បំផុត​មួយ ដែល​ដាក់​ចំណង​ជើង​ថា "ឯកសារ​សង្ខេប​អំពី​ការ​សង្កត់សង្កិន​សេរីភាព​នៃ​ការ​ជួបជុំ" បាន​បរិយាយ​ថា ចាប់​ពី​មាន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ជា​លើក​ទី​៣ កាល​ពី​ទី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៣ មក។ ចរន្ត​នៃ​សកម្មភាព​តវ៉ា​អហិង្សា​របស់​ម្ចាស់​ឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ និង​គួបផ្សំ​ផ្ទុះ​រឿង​កើត​ទុក្ខ​មិន​សុខចិត្ត​របស់​ក្រុម​កម្មករ​ប្រឆាំង​ ការ​ដំឡើង​ប្រាក់​ខែ​គោល មិន​ដល់ ១៦០​ដុល្លារ​ទៀត​ផង ទើប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​យក​មធ្យោបាយ​នៃ​ការ​បង្ក្រាប ត្រូវ​ចាប់​ផ្ដើម​ឡើង​ប្រឆាំង​ការ​ធ្វើ​ការ​បាតុកម្ម។

របាយការណ៍​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា សេរីភាព​នៃ​ការ​ជួបជុំ​ត្រូវ​បាន​រដ្ឋាភិបាល​គាប​សង្កត់ និង​ជិះជាន់​ក្នុង​សម័យ​កាល​ចុង​ក្រោយ និង​ព្រឹត្តិការណ៍​ថ្មីៗ​នេះ។

លីកាដូ​កត់​សម្គាល់​ជាពិសេស​ចាប់​តាំង​ពី​ថ្ងៃ​បង្ក្រាប​ក្រុម​បាតុករ​ ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ពី​យោធា​កងពល​ឆត្រយោង ៩១១ នៅ​មុខ​រោងចក្រ យ៉ាក ជីន កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ ហើយ​ការ​បង្ក្រាប​នេះ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ មាន​ជាអាទិ៍​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៧ មករា កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ និង​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​មួយ​ចំនួន ដោយ​មាន​ក្រុម​កម្លាំង​សមត្ថកិច្ច​ជា​ជំនួយ​ផង បាន​បង្ក្រាប​ក្បួន​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ យ៉ាង​ចាស់​ដៃ។

ជាង​នេះ​ទៀត នគរបាល​បង្ក្រាប​យ៉ាង​ហិង្សា​មក​លើ​បាតុករ អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៨​នាក់ របួស​ធ្ងន់​និង​ស្រាល។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២៦ មករា ខណៈ​មាន​វិធី​ជួប​ជុំ​ដ៏​ធំ​មួយ បន្ទាប់​ពី​យុទ្ធនាការ​ដោយ​សន្តិវិធី​របស់​លោក ម៉ម សូណង់ដូ ត្រូវ​បរាជ័យ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា នោះ​គឺ​ជា​យុទ្ធនាការ​ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិសុខ​សង្គម ពុំ​មាន​ន័យ​ថា ជា​ការ​បង្ក្រាប​ដើម្បី​រឹត​បន្តឹង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ណា​មួយ​ ឡើយ។ ម្យ៉ាង​ទៀត ការ​​ធ្វើ​បាតុកម្ម​ដែល​ធ្វើ​អស់​ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​សម​ល្មម​ហើយ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច។

យ៉ាង​ណា អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ អះអាង​ថា ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​រក​ឃើញ​ថា ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​បាតុករ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ អ្នកស្រី​ចាត់​ទុក​ថា នោះ​គឺ​ជា​ការ​បង្ក្រាប​ដ៏​ហិង្សា​ប្រឆាំង​បាតុកម្ម​ដោយ​សន្តិវិធី។

ទាំង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និង​លោក ម៉េណា គីអេ (Maina Kiai) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការ​ជួបជុំ​ដោយ ​សន្តិវិធី ធ្លាប់​បាន​ចាត់​ទុក​ថា ទំហំ​នៃ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បន្ត​កើន​ឡើង។ ហើយ​ថា លោក​នៅ​តែ​​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​ កម្ពុជា​កាល​ពី​ពេល​ថ្មីៗ បើ​ទោះ​ជា​សកម្មភាព​នេះ​​បង្ហាញ​អំពី​សារសំខាន់​នៃ​សេរីភាព​ក្នុង​ការ​ ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ក៏​ដោយ​ចុះ៕





No comments:

Post a Comment