លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលដឹកនាំកម្មករធ្វើបាតុកម្មកាលពីកន្លងទៅ
RFI/Pen Bona
ថៅកែ រោងចក្រ អះអាង មិនចរចា បញ្ហាប្រាក់ខែ ឡើងវិញទេ
ខណៈដែលក្រុមសហជីព កំពុងតែ ប្រកូកប្រកាស ប្រមូលគ្នា ធ្វើកូដកម្ម ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ដើម្បីសុំឲ្យ មានការចចារឡើងវិញ អំពីការដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ ក្នុងមួយខែ ខាងភាគីនិយោជក បានបញ្ជាក់អះអាង ថា គ្មានទៀតឡើយ ការចចារឡើងវិញ អំពីបញ្ហាប្រាក់ឈ្នួល អប្បបរមា។ នេះ បើតាម លោក កេន លូ អគ្គលេខាធិការ សមាគមថៅកែរោងចក្រ កាត់ដេរ កម្ពុជា។
គ្មានទេការចរចាឡើងវិញនិយាយអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។ នេះបើយោងតាមការអះអាងរបស់លោក កេន លូ អគ្គលេខាធិការសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជាដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារទី ១៨ កុម្ភៈនេះ។ ទាក់ទងទៅនឹងសេចក្តីអំពាវនាវរបស់សហជីពដែលសូមអោយកម្មករធ្វើពិហិការមិនធ្វើការបន្ថែមម៉ោង និងឲ្យកម្មករចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំនោះ លោក កេន លូ បញ្ជាក់ថា នេះគឺជាសិទ្ធិសម្រេចចិត្តរបស់កម្មករ ប្រសិនចង់ធ្វើកូដកម្មសូមអោយពួកគាត់រៀបចំសុំធ្វើតាមនិតិវិធីចុះ ។ ប៉ុន្តែ ប្រសិនបើមានបញ្ហាហិង្សាកើតឡើង នឹងមានការបញ្ឈប់បុគ្គលិកណាដែលបង្កបញ្ហា។ លោក ក៏បានសម្តែងការព្រួយបារម្ភដែរអំពីការខាតបង់ប្រាក់ចំណេញរបស់រោងចក្រអំឡុងពេលធ្វើកូដកម្មនិងពហិកាមិនធ្វើការរបស់ក្រុមកម្មករ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ខាងថៅកែរោងចក្រនឹងមិនចចារអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករបន្តទៀតនោះទេ។
ប៉ុន្តែ ក្រុមសហពន្ធ័សហជីពនិង សមាគមចំនួន ១៨ អង្គភាពបានព្រមានថា នឹងរៀបចំធ្វើកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេសចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។ នេះបើតាមសេចក្តីអំពាវនាវរួមចុះថ្ងៃទី១៣កុម្ភៈ ដែលទើបតែផ្សព្វផ្សាយដល់អ្នកសារពត៌មាននៅថ្ងៃទី១៧កុម្ភៈ។សេចក្តី អំពាវនាវរួមគ្នាដែលចែកផ្សាយកាលពីថ្ងៃចន្ទបានស្នើសុំឲ្យសមាជិក កម្មករនិយោជិត មន្ត្រីរាជការ ចូលរួមធ្វើពហិការ មិនធ្វើការថែមម៉ោង នៅគ្រប់បណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨កុម្ភៈ ព្រមទាំង ស្នើសុំឲ្យគ្រប់ភាគី ដែលមានអារម្មណ៏ថា ខ្លួនកំពុងជូបភាពអយុត្តិធម៌ ចូលរួមវេទិកាសាធារណៈ នៅថ្ងៃទី៨មីនា នៅទីលានប្រជាធិបតេយ្យ និងប្រកាសធ្វើកូដកម្មទូទាំងប្រទេសនាខែមីនា ដើម្បីស្នើឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ ដុល្លារ ក្នុងមួយខែឡើងវិញ ទាមទារសុំឲ្យដោះលែងជនជាប់ចោទទាំង ២១ នាក់ និងទំលាក់ចោលការចោទប្រកាន់ជនទាំង ២៣ នាក់ ត្រូវដាក់ទោសដល់ជនល្មើសដែលប្រើហិង្សា និង សម្លាប់កម្មករ ផ្តល់ប្រាក់សងជំងឺចិត្តដល់កម្មកររងគ្រោះ និងស្នើអោយនិយោជកណាដែលបានកាត់ប្រាក់ឈ្នួលអំឡុងពេលធ្វើកូដកម្មកន្លងមក ត្រូវផ្តល់ជូនកម្មករវិញជាដើម៕
No comments:
Post a Comment