កម្មករ ធ្វើពហិការ មិនធ្វើការថែមម៉ោង កើនឡើងទ្វេ នៅថ្ងៃទី២
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
ចំនួនកម្មករដែលចូលរួមធ្វើពហិការមិនធ្វើការថែមម៉ោងនៅថ្ងៃទី២ មានការកើនឡើងទ្វេដង បើប្រៀបនឹងថ្ងៃទី១ បើទោះជាមានសកម្មភាពចាក់សោទ្វារ ដាក់ប៉ូលិសពង្រាយក្នុងរោងចក្រ ឬមានការផ្សព្វផ្សាយមិនឲ្យកម្មករចូលរួមក៏ដោយ។ ទោះជាយ៉ាងណា ពុំទាន់មានអំពើហិង្សាណាមួយកើតឡើងដោយសារការរារាំង ឬការគំរាមកំហែងនោះឡើយ។ ថ្ងៃទី២៥ កុម្ភៈ ជាថ្ងៃទី២ នៃការអំពាវនាវរបស់ក្រុមសម្ព័ន្ធសហជីពទាំង ១៨ ស្នើឲ្យកម្មករចូលរួមធ្វើកូដកម្មមិនធ្វើការថែមម៉ោង។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់។ លោកបានថ្លែងនៅថ្ងៃទី២៥ កុម្ភៈ ថា ចំនួនកម្មករដែលចូលរួមធ្វើកូដកម្មមិនថែមម៉ោងនៅតាមរោងចក្រតាមការអំពាវនាវរបស់សម្ព័ន្ធសហជីពទាំង ១៨ បានកើនឡើងទ្វេដង គឺកើនពីចំនួន ១០ម៉ឺននាក់ ទៅ ២០ម៉ឺននាក់។
លោក អាត់ ធន់ ក៏បានឲ្យដឹងដែរថា ខាងភាគីរោងចក្រ និងក្រុមសហជីពដែលលោកចោទថា ធ្វើការដើម្បីបម្រើផលប្រយោជន៍រដ្ឋាភិបាល និងថៅកែរោងចក្រ បានធ្វើសកម្មភាពរំខានមួយចំនួនដើម្បីរារាំងមិនឲ្យកម្មករធ្វើកូដកម្មដោយសេរី។ តែទោះយ៉ាងណាលោកថា កម្មករភាគច្រើនបានបន្តប្តេជ្ញាចូលរួមតាមការអំពាវនាវនេះ។
លោក អាត់ ធន់៖ «ដូចជាចាក់សោទ្វារ ដូចជាដាក់ប៉ូលិសនៅក្នុងរោងចក្រ ដូចជាឲ្យក្រុមជើងកាងហ្នឹងចាំវ៉ៃអ្នកដែលចេញ ដូចជាមានប៉ូលិស ទាហានអ៊ីចាំវ៉ៃ ឬដេញក្រុមថ្នាក់ដឹកនាំនេះចេញ ដើម្បីកុំឲ្យនៅថែមម៉ោង កុំឲ្យនៅធ្វើការ ហើយសហជីពផ្សេងៗទៀត យុទ្ធនាការរបស់គេ យើងដឹងហើយ គេដើរផ្សព្វផ្សាយផ្សេងៗ ដូចជាតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង គឺខាងអាជ្ញាធរគេចេញលិខិតមួយ គឺថាដើរចែករាប់ម៉ឺនរាប់សែនសន្លឹកដែរ ដើម្បីកុំឲ្យកម្មករចូលរួមការធ្វើយុទ្ធនាការហ្នឹង»។
គោលបំណងនៃកូដកម្មនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនដោះស្រាយបញ្ហាមួយចំនួន រួមមានការដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ការដោះលែងជនជាប់ឃុំទាំង ២១នាក់ ការផ្ដល់នូវសំណងជំងឺចិត្តដល់ជនរងគ្រោះ និងការដកបណ្ដឹងប្រឆាំងសហជីព និងកម្មករនិយោជិតទាំងអស់ជាដើម។ តែបើតាមលោក អាត់ ធន់ រហូតមកទល់ពេលនេះ ក្រុមសម្ព័ន្ធសហជីពទាំង ១៨ ពុំទាន់ទទួលបានការឆ្លើយតបណាមួយពីរដ្ឋាភិបាល ឬក្រុមនិយោជកនៅឡើយ។
ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលត្រូវគេចោទថា ធ្វើការដើម្បីបម្រើផលប្រយោជន៍រដ្ឋាភិបាល និងថៅកែរោងចក្រ នៅថ្ងៃទី២៥ កុម្ភៈ បានចេញសេចក្ដីអំពាវនាវមួយឲ្យគ្រប់សហជីព អង្គការសមាគមទាំងអស់ មានការអត់ធ្មត់ដើម្បីរង់ចាំដំណោះស្រាយបញ្ហាប្រាក់ឈ្នួលតាមគោលការណ៍របស់គណៈកម្មការប្រឹក្សាការងារត្រីភាគី ឬយន្តការផ្សេងៗទៀត របស់រាជរដ្ឋាភិបាល។
សេចក្ដីអំពាវនាវនោះ បានលើកឡើងដែរថា ជាបទពិសោធន៍កន្លងមក ការធ្វើបាតុកម្ម កូដកម្មរបស់ក្រុមសហជីពមួយចំនួនតូចពុំដែលទទួលបាននូវផលប្រយោជន៍អ្វីទាល់តែសោះសម្រាប់កម្មករនិយោជិត តែផ្ទុយទៅវិញ កម្មករនិយោជិតតែងតែបាត់បង់នូវប្រាក់ឈ្នួលប្រចាំថ្ងៃ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងបាត់បង់ការងារជាដើម។ លើសពីនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក៏បានស្នើឲ្យកម្មករនិយោជិត កុំយកកូដកម្ម បាតុកម្ម ជាថ្នូរសម្រាប់ដោះស្រាយបញ្ហារបស់ជនសង្ស័យទាំង ២៣រូប ព្រោះវាជានីតិវិធីរបស់តុលាការ។
ទាក់ទិននឹងបញ្ហាដំឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរនេះ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលបានខិតខំហៅ និងថ្នាក់ថ្នមអ្នកវិនិយោគបរទេសឲ្យមកធ្វើវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា។
លោកថា អ្នកវិនិយោគបរទេសមួយចំនួនបានរើរោងចក្រពីប្រទេសនានា ដែលមានតម្លៃពលកម្មខ្ពស់មកកាន់កម្ពុជា ដែលមានតម្លៃពលកម្មសមល្មម។ លោក ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រឹងប្រែងដើម្បីធ្វើឲ្យតម្លៃដើមនៃការផលិត មានភាពអនុគ្រោះសម្រាប់ឲ្យក្រុមហ៊ុនផលិត ដើម្បីឲ្យក្រុមហ៊ុនខិតខំដំឡើងប្រាក់ខែអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករ ប៉ុន្តែលោកថា រដ្ឋាភិបាលបែរជាក្លាយខ្លួនជាអ្នកមានទោស ឯអ្នកដែលមានគុណសម្បត្តិគឺជាអ្នកដើរសន្យាឲ្យប្រាក់ខែខ្ពស់ទៅវិញ។
លោក ហ៊ុន សែន៖ «យើងគិតមើលនៅប្រទេសឡាវ នៅបង់ក្លាដេស នៅឥណ្ឌា នៅនេប៉ាល់ ប្រទេសដទៃ ប្រាក់ខែតិចជាង ១០០ដុល្លារ ទាបជាងស្រុកយើងទេ នៅមីយ៉ាន់ម៉ា ទាបជាងស្រុកយើង អ៊ីចឹងអ្នកដើរសន្យាឥឡូវនេះ ក្លាយទៅជាព្រះឥន្ទព្រះព្រហ្មទៅហើយ មានអ្នកខ្លះគេចាត់ថា ព្រះឥន្ទព្រះព្រហ្ម ប៉ុន្តែអាហ្នឹងបោកសុទ្ធ។ រឿងដែលធ្វើមិនបានយើងនឹងរង់ចាំមើលរោងចក្រណាបិទទ្វារដោយសារបាតុកម្ម ឬកូដកម្មដំឡើងប្រាក់ខែ ដល់ទៅគេបិទរោងចក្រ សុំអញ្ជើញកម្មករកម្មការិនី មេត្តាធ្វើបាតុកម្មទៅទាមទារឲ្យអ្នកដែលញុះញង់ហ្នឹងរកការងារឲ្យធ្វើទៅ អាហ្នឹងគឺតិចទៀត តម្រិះជិះកឯងហើយ អាពេលហ្នឹងត្រូវលេងគ្នាម្ដងហើយ»។
លោក អាត់ ធន់ បានកត់សម្គាល់ថា ក្រុមសហជីពរបស់លោកតែងចង់ឲ្យមានដំណោះស្រាយឆាប់រហ័សពីរដ្ឋាភិបាលនិងក្រុមនិយោជក។ លោកថា អ្វីដែលក្រុមលោកទាមទារ គឺគ្រាន់តែចង់ឲ្យរដ្ឋាភិបាល និងថៅកែរោងចក្រ ផ្ដល់ប្រាក់ខែឲ្យកម្មករក្នុងកម្រិតមួយដែលអាចរស់នៅបានសមរម្យ ហើយថា កន្លងមក បើគ្មានការទាមទាររបស់កម្មករនោះទេ រដ្ឋាភិបាលនិងក្រុមហ៊ុនមិនដែលបានដំឡើងប្រាក់ខែឲ្យកម្មករឡើយ៕
No comments:
Post a Comment