លោក សុន ឆ័យ ក្នុងកិច្ចពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៤ សីហា ឆ្នាំ២០១៣។
Photo: RFA
តំណាងរាស្ត្រ បក្សប្រឆាំង គ្រោង ទៅជួប ពលរដ្ឋ ២៣នាក់ ជាប់ឃុំ នៅកំពង់ចាម ថ្ងៃទី៤
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គ្រោងធ្វើដំណើរទៅសួរសុខទុក្ខពលរដ្ឋ ២៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខ។ ការព្យាយាមទៅសួរសុខទុក្ខនេះ បន្ទាប់សហជីពកម្មករ និងអ្នកការពារសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារបដិសេធសំណើសុំចូលជួបអ្នកទាំង ២៣នាក់នោះ។
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
គណបក្សប្រឆាំងកំពុងរង់ចាំការឆ្លើយតបពីសាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណើសុំចូលជួបជនជាប់ចោទ ២៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមករា។
អ្នកទាំង ២៣នាក់នោះ រួមមាន កម្មករ និងសកម្មជនសិទ្ធិមនុស្សដែលត្រូវចាប់ខ្លួនក្នុងព្រឹត្តិការណ៍សមត្ថកិច្ចប្រដាប់អាវុធ បង្ក្រាបបាតុកម្មរបស់កម្មករដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ប្រធានក្រុមបេក្ខជនតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកបានដាក់សំណើសុំចូលជួបអ្នកទាំនោះ តាំងពីថ្ងៃទី២៨ ខែមករា ទៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានចម្លើយយ៉ាងណានៅឡើយ។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ បញ្ជាក់ថា បើទោះជាមានការអនុញ្ញាត ឬមិនមានក្តី ក៏កម្មវិធីនោះអត់មានការប្រែប្រួលដែរ៖
«ខ្ញុំមានគម្រោងដោយសារមានជំនួយឧបត្ថម្ភពីប្រទេសអូស្ត្រាលី ទីក្រុងម៉ែលប៊ន ដើម្បីជួយទៅដល់គ្រួសារអ្នកដែលស្លាប់ របួស រួមនិងអ្នកដែលជាប់ពន្ធនាគារហ្នឹង ខ្ញុំយល់ថា វាជាគោលការណ៍យើងជាអ្នកតំណាងឲ្យពលរដ្ឋហ្នឹង យើងមានសិទ្ធិហើយមានកាតព្វកិច្ចទៅទៀត ដើម្បីទៅជួបសួរសុខទុក្ខគាត់»។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយកាលពីថ្ងៃទី៣១ មករា បានឲ្យដឹងថា ក្រុមគ្រួសារជនជាប់ចោទទាំង ២៣នាក់នោះ ក៏នឹងរួមដំណើរទៅជាមួយក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នោះដែរ។
ទាក់ទងនឹងគម្រោងទៅសួរសុខទុក្ខអ្នកទាំង ២៣នាក់នេះដែរ ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គា សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី០១ កុម្ភៈ ថា ក្រៅពីក្រុមគ្រួសារអ្នកដែលត្រូវឃុំខ្លួន គឺមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខឡើយ បើពុំមានលិខិតអនុញ្ញាតពីតុលាការនោះទេ ពីព្រោះសំណុំរឿងរបស់អ្នកទាំង ២៣នាក់នោះ កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ ដែលចៅក្រមស៊ើបសួរធ្វើការងារនេះពុំទាន់ចប់សព្វគ្រប់នៅឡើយ៖ «ម៉ែឪរបស់គេអាចអនុញ្ញាតឲ្យចូលជួប ប៉ុន្តែបើគណបក្សសង្គ្រោះជាតិ ទាល់តែមានការអនុញ្ញាតពីតុលាការមក»។
ទាក់ទងករណីនេះដែរ សហជីពកម្មករ និងអ្នកការពារសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានខកចិត្តម្តងរួចទៅហើយនៅពេលដែលអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រេចបដិសេធសំណើរបស់ពួកគេកាលពីថ្ងៃទី២៤ មករា ដែលសុំចូលទៅសួរសុខទុក្ខ លោក វន់ ពៅ និងមនុស្ស ៧នាក់ ក្នុងចំណោមពលរដ្ឋ ៣នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងខេត្តកំពង់ចាម នោះ។ ក្នុងគោលបំណងដដែលនេះ ពួកគេបានដាក់សំណើមួយទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តទៀត ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ៕
No comments:
Post a Comment