បក្ស សិទ្ធិមនុស្ស និងបក្ សជាតិនិយម មិនចូលរួម បោះឆ្នោត សមាជិកក្រុមប្រឹក្សា អាណត្តិទី២
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២៤ កុម្ភៈ ២០១៤
គណបក្សសិទ្ធិមនុស្ស និងគណបក្សជាតិនិយម ចេញសេចក្ដីថ្លែងការណ៍មិនចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី២ នាខែឧសភា ឆ្នាំ២០១៤ ទេ ប៉ុន្តែបានស្នើដល់អង្គបោះឆ្នោតរបស់ខ្លួន ឬសមាជិកគណបក្សដែលមានសិទ្ធិបោះឆ្នោតរបស់ខ្លួន បោះឆ្នោតជូនបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ។
សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់គណបក្សសិទ្ធិមនុស្ស និងបក្សជាតិនិយម ចុះថ្ងៃទី២៤ ខែកុម្ភៈ បានបញ្ជាក់ប្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតឲ្យបោះឆ្នោតជូនបេក្ខជនគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
លោក ស៊ឺន ស៊ូប៊ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស ក៏បានឲ្យដឹងថា គណបក្សខ្លួនមិនសុំចុះបញ្ជីឈរឈ្មោះគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតសមាជិកក្រុមប្រឹក្សាអាណត្តិទី២នេះទេ។ លោកបន្តថា ចំពោះការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ នៅខែឧសភា ឆ្នាំ២០១៤ គណបក្សសិទ្ធិមនុស្សដែលជាដៃគូជាមួយគណបក្ស សម រង្ស៊ី បានចូលរួមគាំទ្រ និងសហការជាមួយគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតនេះ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។ រីឯការសុំចុះបញ្ជីឈរគណបក្សនយោបាយ និងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤៕
No comments:
Post a Comment