កុមារ ម្នាក់ទៀតហើយ នៅខេត្តក្រចេះ ឆ្លងជំងឺ ផ្តាសាយបក្សី (H5N1)
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ក្រសួងសុខាភិបាល និងអង្គការ សុខភាពពិភពលោក (WHO) រកឃើញ ករណីថ្មី នៃជំងឺផ្តាសាយបក្សី (H5N1) កើតឡើង នៅខេត្តក្រចេះ ដែលនេះ ជាករណីទីបីហើយ សម្រាប់ឆ្នាំ២០១៤នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា ករណីទីបីនេះ កើតលើកុមារាម្នាក់ អាយុ៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។ កុមារ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៤ខែកុម្ភៈ ថាមានជំងឺផ្តាសាយបក្សី។ កុមារ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានទទួលការព្យាបាលដោយឱសថTamiflu។ កុមារមានរោគសញ្ញា មិនសូវធ្ងន់ធ្ងរទេ ហើយបច្ចុប្បន្ន កុមារមានស្ថានភាពសុខភាពល្អ។
ក្រសួងសុខាភិបាល ឲ្យដឹងទៀតថា កុមារ បានប៉ះពាល់ជាមួយបក្សីឈឺ និងងាប់។កុមារ បានលេង និងកាន់មាន់ងាប់អំឡុងពេល៦ថ្ងៃ មុនកុមារ មានរោគសញ្ញា។ ប្រហែលនៅពាក់កណ្តាលខែមករា មានបសុបក្សីជាច្រើន(មាន់ ទា ក្ងាន)ចាប់ផ្តើមងាប់ក្នុងភូមិ(ប្រហែល៥០ក្បាល)។
ករណីជំងឺផ្តាសាយបក្សីទីបីនេះ ជាករណីទី៥០ហើយនៃជំងឺផ្តាសាយបក្សីនៅប្រទេសកម្ពុជា ហើយ៣៨ករណីក្នុងចំណោមនោះ កើតឡើងកុមារអាយុក្រោម១៤ឆ្នាំ និង២៧ករណីក្នុងចំណោម៥០ករណី កើតលើនារី។១៦ករណីក្នុងចំណោម៥០ករណី អ្នកជំងឺនៅមានជីវិត។
ករណីជំងឺផ្តាសាយបក្សីH5N1នៅកម្ពុជា
ប្រភព៖ទិន្នន័យពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល
No comments:
Post a Comment