HRW ជំរុញឲ្យ កម្ពុជា ទម្លាក់បទចោទ និងដោះលែង មនុស្ស ៦នាក់
ដោយ វោហារ ជាតិ / អាស៊ីសេរី | ២០ កុម្ភៈ ២០១៤
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែង និងទម្លាក់ចោលបទចោទមនុស្ស ៦នាក់ ដែលអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃ១៥ កញ្ញា ឆ្នាំ២០១៣ កន្លងទៅ ក្នុងព្រឹត្តិការប៉ះគ្នារវាងក្រុមប្រជាពលរដ្ឋ និងកងកម្លាំងប៉ូលិស នៅស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ មានការរិយាល័យនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក (U. S. A) ចុះទី១៩ កុម្ភៈ បានស្រង់សម្ដីនាយក យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី គឺលោក ប៊្រែដ អាដាម (Brad Adams) ថា អាជ្ញាធរបានចាប់ខ្លួនអ្នក ៦នាក់នោះ ភាគច្រើនជាមនុស្សមិនទាន់ពេញវ័យ គឺជាអ្នកគ្មានកំហុស ដែលអាជ្ញាធរកម្ពុជា ត្រូវដោះលែងវិញ។ ជាងនេះទៅទៀត យូមែន រ៉ៃត៍ វ៉ច្ឆ បានសុំអាជ្ញាធរកម្ពុជា ប្ដឹងកងកម្លាំងសន្តិសុខដែលបានប្រើអាវុធហួសហេតុ បាញ់ប្រហាមនុស្សអោយស្លាប់ និងរបួស ទៅតុលាការជំនួសវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលបានទេនៅថ្ងៃទី២០ កុម្ភៈ ដើម្បីសុំការឆ្លើយតបទៅនឹងការទាមទាររបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។
ជនជាប់ចោទទាំង ៦នាក់នោះ ត្រូវបានចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ ក្នុងចំណោមពួកគេ មាន ៥នាក់ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ដោយឡែកម្នាក់ទៀត ជាជនជាតិវៀតណាម ឈ្មោះ ង្វៀន ធីដុក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនៅឡើយ។ ចៅក្រមសម្រេចប្រកាសសាលក្រមសុំឲ្យជនជាតិវៀតណាមរូបនេះនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវីនៅថ្ងៃទី២១ កុម្ភៈ គឺប្រកាសព្រមគ្នានឹងសាលក្រមជំនុំជម្រះប្រឆាំងជនជាប់ចោទទាំង ៦នាក់នោះ៕
No comments:
Post a Comment