អ្នកបឹងកក់, ព្រះសង្ឃ, និងកម្មករ
នាំគ្នា យកលុយដុល្លារ ថតចម្លង ទៅបិទ នឹងស្លាក របស់ សាលាដំបូង
រាជធានីភ្នំពេញ កាលពីថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Ouk Savborey
|
បទវិភាគ៖ តើ ពេលណា តុលាការ កម្ពុជា អាចមានលទ្ធភាព កាត់ទោសមន្ត្រី ដូចអ៊ុយក្រែន?
RFA | 28 Feb. 2014
អំពើនិទ្ទណ្ឌភាព មិនអាចខាត់ជម្រះ ដោយគ្មាន ការដាក់ទោសទណ្ឌ ពីតុលាការបានទេ ក្នុងប្រទេស ដែលគោរព ប្រព័ន្ធតុលាកា រឯករាជ្យ, ទោះ អ្នកប្រព្រឹត្តិ ជាប្រធានាធិបតី, នាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ឬមេបញ្ជាការ យោធា ក៏ដោយ។ ជាក់ស្តែង ក្នុងពេលថ្មីៗនេះ, តុលាការ នៃប្រទេស អ៊ុយក្រែន (Ukraine) បានចេញដីកា តាមចាប់ប្រធានាធិបតី របស់ខ្លួន ដែលរងការ ចោទប្រកាន់ ពីបទសម្លាប់ ក្រុមបាតុករ ជាច្រើន កាលពីខែ ពាក់កណ្ដាល ខែមករា ឆ្នាំ២០១៤។
ចុះចំណែកបរិបទប្រទេសកម្ពុជា វិញ តើតុលាការបានចេញដីកាចាប់ខ្លួនអ្នកបញ្ជាឲ្យបាញ់សម្លាប់ក្រុម កម្មករទាំងកណ្ដាលថ្ងៃត្រង់ កាលពីចុងខែមករា ឆ្នាំ២០១៤ នោះដែរហើយឬនៅ?
ករណីរត់ចោលស្រុកគេចពីគុករបស់មេដឹកនាំផ្តាច់ការលើពិភពលោក បានកើតឡើងទៀតហើយ។ ពេលនេះ គឺជាមេដឹកនាំនៃប្រទេសដែលនៅកៀកក្លៀកអតីតប្រទេសមហាអំណាច កុម្មុយនីស្តតែម្តង នោះគឺប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក វ៉ិចត័រ យ៉ានុកូវ៉ិច (Viktor Yanukovych)។
លោក វ៉ិចត័រ យ៉ានុកូវ៉ិច ត្រូវបានតុលាការចោទប្រកាន់ពីបទបញ្ជាឲ្យមានការបាញ់ក្រុមបាតុករ ជាង ២០នាក់ ហើយជាង ២០០នាក់ផ្សេងទៀតរបួស។
ពលរដ្ឋអ៊ុយក្រែន កាលពីពាក់កណ្ដាលខែមករា បានធ្វើបាតុកម្មប្រឆាំងនឹងការបដិសេធរបស់រដ្ឋាភិបាលក្នុងការធ្វើ ពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុប ដោយសារទទួលសំណូកចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីប្រទេសរុស្ស៊ី។
អ៊ុយក្រែន ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណុះរបស់សហភាពសូវៀត ដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត។ ប្រទេសមួយនេះបានទទួលឯករាជ្យពីសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយចាប់ផ្ដើមអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធ្វើឲ្យអំណាចទាំងបី រួមមានអំណាចរដ្ឋាភិបាល អំណាចរដ្ឋសភា និងអំណាចតុលាការ ស្ថិតនៅដាច់ពីគ្នា។
ប្រព័ន្ធតុលាការក្នុងប្រទេសអ៊ុយក្រែន ធ្លាប់មានរូបភាពដូចគ្នាទៅនឹងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ដែលរងសម្ពាធធ្ងន់ធ្ងរដោយក្រុមអ្នកនយោបាយ អ្នកមានអំណាច និងអ្នកជំនួញធំៗ។
នៅឆ្នាំ២០១០ អ៊ុយក្រែន បានចាប់ផ្ដើមបោះពួយខ្លាំងឆ្ពោះទៅរកការកែទម្រង់ប្រព័ន្ធតុលាការ ឲ្យមានភាពឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនសង្គម និងធានាសិទ្ធិសេរីភាពពេញលេញជូនពលរដ្ឋរួចមក ពេលនោះឥទ្ធិពលរបស់រដ្ឋាភិបាល អ្នកនយោបាយ និងអ្នកជំនួញ ហាក់លែងអាចហក់រំលងរបងអំណាចច្បាប់ដូចមុនៗទៀតហើយ។
រហូតមកទល់ពេលនេះ តុលាការនៃប្រទេសអ៊ុយក្រែន ត្រូវបានពលរដ្ឋរបស់ខ្លួនចាត់ទុកថា ជាតុលាការដែលមានភាពឯកភាព និងឥតលម្អៀង ហើយជាស្ថាប័នមួយដែលផ្តល់នូវក្តីសង្ឃឹម និងផ្តល់ការជឿជាក់ខ្ពស់ធំបំផុតសម្រាប់មហាជន។ លើសពីនេះទៅទៀត តុលាការនៃប្រទេសអ៊ុយក្រែន បានកាត់ក្តីមន្ត្រីរដ្ឋាភិបាលកំពូលៗជាច្រើនសឹងរាប់មិនអស់ទៅហើយ រួមទាំងប្រធានាធិបតី លោក Victor Yanukovych កាលពីពេលថ្មីៗនេះថែមទៀត។
ចុះចំណែកប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា វិញយ៉ាងម៉េចដែរ?
បើនិយាយពីប្រព័ន្ធតុលាការកម្ពុជា វិញ ភាពមិនប្រក្រតីមានច្រើនណាស់ សេចក្តីរាយការណ៍ខ្លីមួយនេះនិយាយមិនអស់ទេ ប៉ុន្តែសូមលើកខ្លះៗទៅចុះ។ សម្រាប់កម្ពុជា ពាក្យថាប្រព័ន្ធតុលាការឯករាជ្យ និងឥតលម្អៀង គ្រាន់តែជាការផាត់ពណ៌ឲ្យល្អមើលប៉ុណ្ណោះ។ មនុស្សជាច្រើនដឹងសឹងគ្រប់ៗគ្នាទៅហើយថា មន្ត្រីតុលាការភាគច្រើនតាំងពីសាលាដំបូង រហូតដល់សាលាកំពូល សុទ្ធសឹងតែជាសមាជិករបស់បក្សកាន់អំណាច សុទ្ធសឹងតែបង់លុយចូលបក្ស ដើម្បីការពារអំណាច និងតួនាទី។
បើនិយាយអំពី លោក ជីវ កេង វិញ លោកមានតួនាទីជាប្រធានតុលាការក្រុងភ្នំពេញផង ជាចៅក្រមផង ជាទីប្រឹក្សាផ្ទាល់របស់រដ្ឋាភិបាលផង និងថែមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ផង។ នេះមិនទាន់និយាយអំពី លោក ឌិត មុន្ទី ប្រធានតុលាការកំពូលទេ។ លោក ឌិត មុន្ទី លោកក៏មានតួនាទីមិនចាញ់ លោក ជីវ កេង ប៉ុន្មានដែរ លោកមិនមែនត្រឹមតែជាសមាជិកធម្មតានៃបក្សកាន់អំណាចប៉ុណ្ណោះទេ តែលោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន កម្ពុជា ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាចៅក្រមថែមទៀត។
ដូច្នេះ ប្រសិនបើមេតុលាការកំពូលៗរបស់ប្រទេសជាសមាជិករបស់បក្សកាន់អំណាច ទៅហើយ តើនៅមានការសង្ស័យអ្វីទៀតដែលមន្ត្រីតុលាការតូចតាចផ្សេងៗមិនចូល ជាសមាជិកបក្ស ដើម្បីបានយ័ន្តការពារ និងពង្រឹងអំណាចរបស់ពួកគេរៀងៗខ្លួននោះ?
ក្នុងរដូវឃោសនាបោះឆ្នោតម្តងៗ ការងារដែលរវល់ជាងគេរបស់ចៅក្រម ព្រះរាជអាជ្ញាក្រៅតែពីកាត់ក្តីជម្រះក្តីនោះ គឺចេញជួយឃោសនាបក្សជួយពង្រឹងបក្សតាមមូលដ្ឋាន ឬជួយរកលុយដើម្បីទ្រទ្រង់បក្ស ជាដើម។
ផ្អែកតាមភស្តុតាងទាំងនេះ ស្តង់ដារនៃប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចគ្នាទៅនឹងប្រព័ន្ធតុលាការនៃបណ្ដាប្រទេសកុម្មុយនីស្តមួយ ចំនួន ដូចជា ប្រទេសចិន វៀតណាម កូរ៉េខាងជើង ឬបណ្ដាអតីតប្រទេសកុម្មុយនីស្តមួយចំនួន ដូចជាប្រទេសរុស្សី ហ្សេអ័រហ្សី (Georgia) អ៊ុយបេគីស្តង់ ឬកាហ្សាស្តង់ ជាដើម។
តុលាការនៃប្រទេសកុម្មុយនីស្ត រាល់ចៅក្រម ព្រះរាជអាជ្ញា សុទ្ធសឹងជាសមាជិករបស់បក្សដែលធ្វើកិច្ចការ ដើម្បីផលប្រយោជន៍បក្ស គោរពនយោបាយរបស់បក្ស និងការពារការដឹកនាំរបស់បក្ស។ ដូច្នេះ ស្ថាប័នតុលាការជាស្ថាប័នកំពូលមួយដែលមានសារសំខាន់ជាទីបំផុត សម្រាប់ប្រទេស។ ស្ថាប័ននេះ គឺជន្ទល់សម្រាប់ការដឹកនាំប្រទេស។ ប្រសិនបើមេដឹកនាំមួយចាប់យកតុលាការជាចំណាប់ខ្មាំងបានទៅហើយ នោះការដឹកនាំប្រទេសនឹងក្លាយទៅជាការដឹកនាំបែបផ្តាច់ការតែ ម្តង។ ប៉ុន្តែ ប្រសិនបើមេដឹកនាំបែងចែកប្រព័ន្ធតុលាការឲ្យនៅឯករាជ្យបាន នោះការដឹកនាំប្រទេសនឹងមានសេរីភាពប្រកបដោយយុត្តិធម៌។
ប្រព័ន្ធតុលាការក្រោមគំនាបរបស់អ្នកមានអំណាច អាចធ្វើឲ្យជញ្ជីងយុត្តិធម៌ផ្អៀងញាំញីដោយអំពើគ្មានទោសពៃរ៍ ហើយអ្នកមានអំណាចតែងរួចផុតពីបទល្មើសដែលខ្លួនប្រព្រឹត្ត។
ចាប់តាំងពីឆ្នាំ១៩៩៧ មក បទឧក្រិដ្ឋកម្មទ្រង់ទ្រាយធំនៅកម្ពុជា បានកើតឡើងមិនចេះចប់ ចាប់តាំងពីការសម្លាប់រង្គាលកងទ័ពរាជានិយមរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច នៅដើមខែកក្កដា ការសម្លាប់ជីវិតអ្នកកាសែតជាង ១០នាក់ ការធ្វើគត់ព្រះសង្ឃ និងអ្នកសិល្បៈដ៏សន្ធឹកការបោកគ្រាប់បែកមុខរដ្ឋសភាសម្លាប់មនុស្ស ១៦នាក់ ការបាញ់សម្លាប់ក្រុមមេដឹកនាំសហជីព អ្នកការពារព្រៃឈើ និងការបាញ់សម្លាប់កម្មករកាត់ដេរចំនួន ៥នាក់ កាលពីខែមករា ឆ្នាំ២០១៤។
បទឧក្រិដ្ឋកម្មទាំងនេះសុទ្ធសឹងធ្វើឡើងក្រៅប្រព័ន្ធតុលាការ ផ្ទុយច្បាប់ជាតិ និងអន្តរជាតិ។ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានជនដៃដល់ទាំងនោះ ត្រូវបាននាំយកមកកាត់ទោសចំពោះមុខច្បាប់នោះឡើយ។
ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា កាន់តែមានឈ្មោះអាក្រក់ៗទៅក្នុងពិភពលោក ខាងការសម្លាប់មនុស្សដើម្បីដោះស្រាយបញ្ហា។ អំពើអាក្រក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានធ្វើអោយឥស្សរជននយោបាយអន្តរជាតិមួយរូប ដែលធ្លាប់តែទប់ចិត្តមិនហ៊ានរិះគន់ លោក ហ៊ុន សែន ជាសាធារណៈ ទ្រាំលែងបាន។
លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) អ្នកការទូតជើងចាស់អូស្ត្រាលី ម្នាក់ និងជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានប្រកាសជាសាធារណៈថា មេដឹកនាំពិភពលោកគួរឈប់ប្រើសម្ដីការទូតទៀតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយគួរតែស៊ើបអង្កេតពីអំពើរំលោភបំពាន និងអំពើពុករលួយនានា ហើយដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស្ដីពីសិទ្ធិមនុស្សពិភពលោក សម្រាប់ឆ្នាំ២០១៣ ដែលបានរិះគន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ការជ្រៀតជ្រែកនយោបាយក្នុងប្រព័ន្ធយុត្តិធម៌ ការគាបសង្កត់សិទ្ធិក្នុងការប្រមូលផ្តុំ និងការរំលោភបំពានលើអ្នកជាប់ឃុំឃាំងនៅកម្ពុជា ជាដើម។
របាយការណ៍នោះក៏បានរិះគន់អំពើពុករលួយ ដែលកំពុងកើតមាននៅគ្រប់ស្ថាប័នសំខាន់ៗទាំងអស់ក្នុងប្រទេសកម្ពុជា ហើយថា ព្រះរាជអាជ្ញា ចៅក្រម ប៉ូលិស ទទួលសំណូកខុសច្បាប់ពីពាណិជ្ជករ ដែលធ្វើឲ្យអំពើពុករលួយបានរុញច្រានឲ្យមានអំពើនិទ្ទណ្ឌភាពកាន់ តែខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអំពើនិទ្ទណ្ឌភាពដ៏ក្រាស់ក្រៃលែងមិនយកមកខាត់ជម្រះនៅ តុលាការ ដែលញាំញីដោយសម្ពាធនយោបាយបានទេ នោះមានតែតុលាការអន្តរជាតិប៉ុណ្ណោះទើបជាក្តីសង្ឃឹមចុងក្រោយ ក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋខ្មែរស្លូតត្រង់បាន៕
No comments:
Post a Comment