បក្សសង្គ្រោះជាតិ ចោទបក្ស ប្រជាជន ខេត្តតាកែវ ថា រំខាន កិច្ចប្រជុំ បក្សខ្លួន
ដោយ ម៉ម មុនីរតន៍ / ១០ មីនា ២០១៤
គណបក្សសង្គ្រោះជាតិ សម្រេចលុបកម្មវិធីជួបជុំជាមួយសមាជិកគាំទ្ររបស់ខ្លួនចោលភ្លាមៗ នៅថ្ងៃទី១០ មីនា។ ការផ្អាកនេះ ក្រោយពីមានការរំខានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពីរដាច់ដោយឡែកពីគ្នានៅខេត្តតាកែវ។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រប្រមាណ ២០០នាក់ដែលរៀបចំធ្វើដាច់ពីគ្នា នៅព្រឹកថ្ងៃទី១០ មីនា ក្នុងស្រុកគិរីវង់ និងស្រុកកោះអណ្ដែត ត្រូវរំសាយទៅវិញ។ មូលហេតុនៃការផ្អាកពិធីជួបជុំនេះ ព្រោះតែគណបក្សប្រជាជនកម្ពុជា បើកវេទិកាក្នុងពេលតែមួយ និងដាក់កម្លាំងនគរបាលជាច្រើននាក់ ក្នុងបំណងរំខាន និងប្រឆាំងសកម្មភាពជួបជុំរបស់គណបក្សសង្គ្រោះជាតិ។
អភិបាលស្រុកគិរីវង់ លោក តឹក តុងលីម ដែលចុះបញ្ជាភាគីប្រឆាំងតបវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ដោយផ្ទាល់ ព្យាយាមមិនលើកទូរស័ព្ទ។ ចំណែកប្រធានក្រុមប្រឹក្សាស្រុកខាងគណបក្សប្រជាជនកម្ពុជា លោក វង ឆន ឆ្លើយថា លោកពុំមែនជាឈ្មោះនេះទេ ហើយនៅស្រុកផ្សេងទៀត មុនដាក់ទូរស័ព្ទចុះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរកាលពីថ្ងៃទី២៥ កុម្ភៈ ថា ចាប់ពីពេលនេះទៅនឹងមានបាតុកម្មប្រឆាំងតបវិញ រាល់មានការជួបជុំរបស់បក្សម្ខាងទៀត ឬក្រុមណាមួយ។ ការអំពាវនាវដូចនេះ របស់លោក ហ៊ុន សែន ដោយលោកចាត់ទុកថា គឺជាការប្រើសិទ្ធិក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា។ ហើយលោក ហ៊ុន សែន ថែមទាំងចំអកថា សិទ្ធិអីតែភាគីម្ខាង ចំពោះរដ្ឋាភិបាលកើតពីការបោះឆ្នោតមិនមានសិទ្ធិ ឬយ៉ាងណា? ហេតុនេះបើមានការប្រមូលម្ដុំម្ខាង ត្រូវម្ខាងទៀតប្រមូលផ្ដុំដើម្បីឆ្លើយតបវិញដែរ។
លោក ហ៊ុន សែន៖ «ប៉ុន្តែឥឡូវបាតុកម្មវាមានពីរហើយ។ អ្នកគាំទ្រក៏មានសិទ្ធិ អ្នកប្រឆាំងក៏មានសិទ្ធិ សិទ្ធិដូចគ្នា សិទ្ធិទល់សិទ្ធិ ព្រោះអាហ្នឹងគឺកុំឲ្យមានវាតែម្ខាង។ កុំឲ្យវាមានតែម្ខាង សិទ្ធិទល់សិទ្ធិ ឆន្ទៈទល់នឹងឆន្ទៈ។ ស្អីឡើងឆន្ទៈរាស្ត្រ បើអ៊ីចឹងខាងណេះ ក៏មានឆន្ទៈរាស្ត្រដែរ។ បើសិទ្ធិជួបជុំ អ្នកខាងណេះក៏មានអ្នកគាំទ្រសិទ្ធិជួបជុំដែរ។ ប៉ុន្តែខ្ញុំករុណាខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវធានាសុវត្ថិភាពឲ្យទាំងអស់គ្នា។ ធានាទាំងសិទ្ធិជួបជុំទាំងអស់គ្នា ឧបមាថា ត្រូវទៅទីលានប្រជាធិបតេយ្យ បើសិនទាំងសង្ខាងសុំទីលានប្រជាធិបតេយ្យ សាលាក្រុងភ្នំពេញ ត្រូវត្រៀមចែកជាពីរឲ្យហើយទៅ»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) ចាត់ទុកថា អ្វីដែលលោកនាយករដ្ឋមន្ត្រីអំពាវនាវនេះ គឺមិនខុសពីព្យាយាមបង្កើតហិង្សាឡើយ៖ «ខ្ញុំថា បើសិនជារដ្ឋធម្មនុញ្ញចែងពីប្រជាធិបតេយ្យសេរីពហុបក្សហើយ ភាគីពាក់ព័ន្ធនយោបាយទាំងអស់ គួរតែដើរទៅតាមលំអានហ្នឹងៗ បើសិនជាខ្លួនមានឆន្ទៈក្នុងការស្រលាញ់ជាតិ ស្រលាញ់ពលរដ្ឋពិតប្រាកដ។ ផ្ទុយទៅវិញ បើអនុវត្តផ្ទុយបានន័យថា ធ្វើឲ្យមានអរិយភាពរវាងពលរដ្ឋនិងពលរដ្ឋ នេះគឺជាការបង្កាត់ភ្លើងគំនុំរវាងគ្នានឹងគ្នាដែលគួរលុបបំបាត់ ឲ្យអស់»។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សកត់សំគាល់ថា អនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីក្នុងចេតនាល្អ គេកម្រឃើញមន្ត្រីនៅក្រោមបង្គាប់អនុវត្តបានណាស់ ដូចជាលុបបំបាត់ស្លាកលេខឡាន ឬម៉ូតូ ខ.ម ឬ ន.ប ជាដើម។ ក៏ប៉ុន្តែ សារនយោបាយដែលមានចេតនាហិង្សា ហាក់ទំនងជាមានឥទ្ធិពលជាង និងកំពុងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដូចជាបទបញ្ជាឲ្យបិទទីលានប្រជាធិបតេយ្យ ហើយច្រកចេញចូលត្រូវរឹតបន្តឹងរាល់ការប្រមូលម្តុំណាមួយរបស់ក្រុមសហជីព ឬគណបក្សនយោបាយ និងសិទ្ធិសម្ដែងមតិ។ លើសពីនេះ សិទ្ធិនៃការប្រមូលម្ដុំតាមទីសាធារណៈត្រូវរឹតត្បិតយ៉ាងតឹងណែន៕
No comments:
Post a Comment