តំណាងអ្នកភូមិបឹងបឹងកក់ អ្នកស្រី ទេព វន្នី(រូបភាពដោយជន ស្រីណុច)
សហគមន៍ មានជម្លោះដីធ្លី បន្តចេញមុខ តវ៉ា នៅសាលារាជធានី ភ្នំពេញ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
ពលរដ្ឋ ប្រមាណជា៥០នាក់ មកពី សហគមន៍បឹងកក់ អតីតបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នា តវ៉ា ជាថ្មី ជំរុញឲ្យ ពន្លឿន ការដោះស្រាយ បញ្ហាដីធ្លី និងបញ្ហាការបណ្តេញចេញ ដែលអូសបន្លាយយូរឆ្នាំមកហើយ។
ពលរដ្ឋដែលតវ៉ា លើកឡើងថា ពួកគេចង់ឲ្យមានដំណោះស្រាយ ដូចដែលបានសន្យាដោយអភិបាលរាជធានីភ្នំពេញ។នៅព្រឹកនេះ អ្នកបុរីកីឡា១០នាក់ ត្រូវបានអនុញ្ញាតឲ្យទៅពិភាក្សានៅសាលារាជធានីភ្នំពេញ។
កន្លងទៅ អ្នកមានជម្លោះដីធ្លី អះអាងថា មន្ត្រីសាលារាជធានីភ្នំពេញ ហាក់គ្មានបំណង ចង់ពន្លឿនកិច្ចអន្តរាគមន៍ រកដំណោះស្រាយ ជូនពលរដ្ឋរងគ្រោះ ដែលបានបណ្តេញចេញ ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទេ។
តាមញត្តិអ្នកភូមិឲ្យដឹងថា ពួកគេ ជំរុញឲ្យសាលារាជធានីភ្នំពេញ ដាក់សម្ពាធឲ្យក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ សុផាន សង់អាគារចំនួន១០ជូនពួកគេ តាមកិច្ចសន្យា ដែលបានព្រមព្រៀង តាំងពីឆ្នាំ២០០៤ ខណៈក្រុមហ៊ុននេះ សង់បានតែ៨អាគារ រួចបណ្តេញអ្នកភូមិចេញ ផ្ទុយនឹងកិច្ចសន្យា។
តំណាងអ្នកភូមិបឹងកក់អ្នកស្រី ទេព វន្នី ឲ្យដឹងដែរថា អនុក្រិត្យរបស់លោកនាយករដ្ឋមន្ត្រី បានកាត់ដីនៅតំបន់នោះ១២.៤៤ហិកតា តាំងពីឆ្នាំ២០១១ សម្រាប់ពលរដ្ឋ ជិត១០០០គ្រួសារនៅតំបន់នោះ។ ប៉ុន្តែអ្នកស្រីថា មកដល់ពេលនេះពួកគេប្រមាណ៤០គ្រួសារទៀត មិនទាន់ទទួលប័ណ្ណកម្មសិទ្ធិ តាមអនុក្រិត្យនៅឡើយ៕
No comments:
Post a Comment