ជនជាតិ វៀតណាម ១៥នាក់ ដែលចូលកាប់ឈើ ខុសច្បាប់ នៅមណ្ឌលគិរី កំពុងស្ថិតក្នុងការស៊ើបអង្កេត របស់ ព្រះរាជអាជ្ញា
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃចន្ទ ទី10 ខែមិនា ឆ្នាំ2014
សំណុំរឿងរបស់ ជនជាតិវៀតណាម១៥នាក់ ដែលលួចចូលកាប់ឈើក្នុងព្រៃសហគមន៍ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានការិយាល័យអន្តោប្រវេសន៍ខេត្តមណ្ឌលគិរីបញ្ជូនទៅដល់ស្ថាប័នតុលាការហើយ។
ប្រធានការិយាល័យអន្តោប្រវេសន៍ខេត្តមណ្ឌលគិរី លោក អ៊ិន ហេង ប្រាប់ VOD នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនានេះថា ទាក់ទងនឹងជនជាតិវៀតណាមដែលប្រជាពលរដ្ឋឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនានោះ គឺហួសដែនសមត្ថកិច្ចរបស់លោកហើយ ស្របពេលនេះដែរ ពួកគេត្រូវបានបញ្ជួនទៅតុលាការអស់ហើយ។
លោកបន្តថា សំណុំរឿងនេះព្រះរាជអាជ្ញាលោក ឃុត សុភាង ជាអ្នកកាន់។ VOD មិនទាន់អាចទាក់ទង ព្រះអាជ្ញាលោកឃុត សុភាងបានទេ ដោយលោកអះអាងថាជាប់រវល់។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា មានប្រសាសន៍ថា ករណីនេះលោកបានតាមដានដែរ គឺជនជាតិវៀតណាមទាំងនោះពិតជាប្រព្រឹត្តបទល្មើស ដូចប្រជាពលរដ្ឋអះអាងមែន ប៉ុន្តែមកដល់ពេលនេះមិនទាន់ដឹងថាជនជាតិវៀតណាមទាំង១៥នាក់នោះនៅកន្លែងណាទេ។
លោកបន្តថា ករណីនេះហាក់បីដូចជាមានភាពមិនប្រក្រតី ព្រោះជាក់ស្តែងកន្លងមក ពេលដែលប្រជាពលរដ្ឋវៀតណាមធ្វើល្មើសនឹងច្បាប់កម្ពុជា អាជ្ញាធរ ឬតុលាការកម្ពុជា មិនបានចាត់ការភ្លាមៗទេ តែផ្ទុយទៅវិញ បើប្រជាពលរដ្ឋខែ្មរខុសឆ្គងបន្តិចបន្តួច គឺត្រូវចាត់ការភ្លាមៗ «អត់ដឹងទេ ព្រោះរឿងហ្នឹង វាមានខុសភាពប្រក្រតី ច្រើនណាស់។ ខុសប្រក្រតីត្រង់ថា រាល់ជនល្មើសដែលប្រព្រឹត្ត សកម្មភាពកាប់ឈើខុសច្បាប់ហ្នឹង បើជាជនជាតិខ្មែរ គឺតែងតែតុលាការចោទហើយចាប់ដាក់គុកតែម្តង។ តែភាគច្រើនឲ្យតែ ជាជនជាតិវៀតណាម ដូចជាមានការរអាក់រអួលនិងសកម្មភាព ចំណាត់ការ ជនល្មើសប្រព្រឹត្តបទល្មើសឧក្រិដ្ឋហ្នឹង មានការយឺតយ៉ាវ»។
ប្រជាសហគមន៍ជនជាតិដើមភាគតិច កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចលើករណីនេះ។ ពួកគាត់អះអាងថា កន្លងមកពួកគាត់មិនដែលចាប់បានជនជាតិវៀតណាមដូចពេលនេះទេ ដោយសារពួកគេរត់គេចយករួចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងប៉ុណ្ណោះ។
កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៨ មីនា ប្រជាសហគមន៍ជនជាតិដើមភាគតិចចំនួនបីភូមិ គឺភូមិពូលុ ភូមិឡាំមេះ និងភូមិទូចារ ក្នុងឃុំប៊ូស្រា ចំនួន៦៦នាក់ បានចុះល្បាតការពារព្រៃសហគមន៍ និងចាប់បានជនជាតិវៀតណាម១៥នាក់ ដែលកំពុងធ្វើសកម្មភាពកាប់ឈើដោយខុសច្បាប់នៅចំណុចអូរជឺដាច ដោយប្រមូលបានវត្ថុតាងមួយចំនួន ដូចជា គោយន្តច្នៃចំនួន ៤គ្រឿង រណាយន្ត ឬត្រុងសោន័រ ៧គ្រឿង កាំភ្លើងធុនអ៊ឹមសី (M16) ១ដើម ម៉ូតូ ៩គ្រឿង និងឈើគគីរកាត់រួចប្រមាណ ៤ម៉ែត្រគូប។
No comments:
Post a Comment