Paris Peace Accords 23 Oct. 1991

Friday, March 14, 2014

វប្បធម៌ ​«​ចេះ​គ្មាន​ក្បួន​» ​ជា​ប្រភព​ នៃ​ភាព​ទន់​ខ្សោយ ​របស់​ សង្គម​ខ្មែរ​

វប្បធម៌ ​«​ចេះ​គ្មាន​ក្បួន​» ​ជា​ប្រភព​ នៃ​ភាព​ទន់​ខ្សោយ ​របស់​ សង្គម​ខ្មែរ​
RFI |  ១៤ មីនា ២០១៤
សាលារៀន​ ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ។
សាលារៀន​ ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​កំពុង​រង់ចាំ​ការ​អភិវឌ្ឍ។
Siv Channa/RFI

នៅ​ក្នុង​សង្គម​ កម្ពុជា ជំនាញ​វិជ្ជាជីវៈ​ មួយចំនួន​ ត្រូវ​ បាន​ផ្ទេរ ​ពី​ជំនាន់​មួយ ​ទៅ​ជំនាន់​មួយ​ តាមរយៈ​ ការ​អនុវត្ត​ផ្ទាល់ ដោយ​មិន​ឆ្លង​កាត់​ សាលារៀន។  ទម្លាប់​នេះ​ បាន​ធ្វើ​ ឲ្យ​មុខ​ជំនាញ ​វិជ្ជាជីវៈ​ ទាំងនោះ ​ចេះ​តែ ​រេចរឹល និង​ប្រែ​ធាតុ​ខុស ​ពី​សភាព​ដើម ​កាន់​តែ​ ឆ្ងាយ​ទៅ។  ម្យ៉ាងទៀត ទម្លាប់​នេះ ​ក៏បាន​ធ្វើ ​ឲ្យ​ខ្មែរ ​ខ្វះ​ឯកសារ​ ក្បួនខ្នាត សម្រាប់​ បង្រៀន​កូនចៅ​ ជំនាន់​ក្រោយ​ដែរ។  វប្បធម៌​ ចេះ​ គ្មាន​ក្បួន ​មិន​ត្រឹមតែ ​ធ្វើ​ ឲ្យ​កម្ពុជា​ខ្វះ ​អ្នកជំនាញ​ ប៉ុណ្ណោះ​ទេ, ប៉ុន្តែ វា ​ក៏​បាន​ធ្វើ​ ឲ្យ​អ្វី​ ដែល​ជា ​របស់​ខ្មែរ​ កប់​បាត់​ មិន​សូវ​ មាន​អ្នក​ស្គាល់។   ដូច្នេះ ខ្មែរ​ គួរ​រៀបចំ​សង្គម​ ឲ្យ​មាន​ក្បួនខ្នាត និង​ចំណេះ​ជំនាញ​ ពិតប្រាកដ​ ដើម្បី​ លើកកម្ពស់​ តម្លៃ​សង្គម ​របស់​ខ្លួន​ ឡើងវិញ។


តាមពិត សង្គម​ខ្មែរ​សម្បូរបែប​ដោយ​មុខជំនាញ​វិជ្ជាជីវៈ វប្បធម៌ និង​ទំនាមទម្លាប់​ជាច្រើន​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ។ មុខជំនាញ​ទាំងនោះ​មាន​តាំងពី​សិប្បកម្ម ចម្លាក់ តម្បាញ ជាងទង និង​ក្បួនខ្នាត​រៀបចំ​ពិធីផ្សេងៗតាំងពី​បុណ្យ មង្គលការ ភ្លេង រហូតដល់​កីឡា ក្បាច់គុណ និង​មុខម្ហូប​ជាច្រើន​ទៀត។ ប៉ុន្តែ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ការផ្ទេរ​ចំណេះដឹង​ទាំងនោះ​ច្រើនតែ​ធ្វើឡើង​តាមរយៈ​ការចេះ​ចាំតៗគ្នា​ពី​ ឪពុក​ទៅ​កូន ពី​បង​ទៅ​ប្អូន និង​ពី​កូន​ទៅ​ចៅ។

ចំណេះដឹង​ដែល​មិនបាន​ឆ្លងកាត់​សាលា​បានធ្វើ​ឲ្យ​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន​ រេចរឹល​បន្តិចម្តងៗស្ទើរ​បាត់បង់​ធាតុ​ដើម។ ចំណេះ​ជំនាញ​ខ្លះទៀត​បាន​កប់​បាត់​ដោយ​គ្មាន​អ្នកណា​ស្គាល់។ ខុសពី​ប្រទេសជិតខាង​ដែល​គេ​លួច​ចម្លង​ពី​ខ្មែរ​សោះតែ​គេ​បាន​ចងក្រង​ជា​ ឯកសារ​និង​បាន​ផ្សព្វផ្សាយ​ល្បី​រន្ទឺ​ពាសពេញ​ពិភបលោក។ ជាក់ស្តែង ក្បាច់គុណ​បូរាណ​ខ្មែរ និង​ភ្លេងពិណពាទ្យ របស់​ខ្មែរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​ថៃ​ទៅវិញ។ សូម្បីតែ​ខ្មែរ​ខ្លួនឯង​ខ្លះ​ក៏បាន​ហៅ​ភ្លេងខ្មែរ​មួយ​ប្រភេទ​នេះ​ថា​ ជា«ភ្លេង​សៀម»ទៅវិញ​ដែរ។

នេះ​មកពី​ខ្មែរ​រវល់​តែ​ធ្វើសង្គ្រាម​ហែកហួរ​និង​កាប់សម្លាប់​គ្នា​ដោយ​ មិនបាន​ចងក្រង​អ្វី​ដែលជា​កេរដំណែល​ដូនតា​ឲ្យ​ទៅជា​ឯកសារ​ក្បួនខ្នាត​ ត្រឹមត្រូវ​សម្រាប់​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ។ អ្នក​ដែល​ចេះ​មុខជំនាញ​ទាំងនោះ​មួយចំនួន​ក៏​មិនបាន​ស្គាល់​ប្រភពដើម​ ច្បាស់លាស់​និង​មិនមែនជា​អ្នកជំនាញ​ពិតប្រាកដ​ទេពី​ព្រោះតែ​ពួកគេ​បាន​រៀន​ ចេះ​ចាំ​តាម​គ្នា​តែប៉ុណ្ណោះ។ កុំថាឡើយ​តែ​វិស័យធំៗ សូម្បីតែ​ជាងសំណង់​និង​មុខរបរ​តូចតាច​ជាច្រើន​ទៀត​ក៏​គ្មាន​អ្នកជំនាញ​ ពិតប្រាកដ​ដែរ​គឺ​ខ្មែរ​សម្បូរ​តែ​អ្នកចេះ ប៉ុន្តែ «ចេះ​ដប់​មិន​ស្មើនឹង​ប្រសប់​មួយ។»

សូម្បីតែ​អាចារ្យ​ដែលជា​អ្នកដឹកនាំ​ពិធី​សាសនា​ឬ​ពិធីមង្គលការផ្សេងៗក៏​ខ្វះ ​ជំនាញ​ដែរ។ ជាក់ស្តែងថ្មីៗនេះ វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី​និង​ភារកិច្ច​អាចារ្យ​ក្នុង​ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ធម្មការ​និង​កិច្ចការ​ សាសនា។  វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​សង្កេតឃើញ​ជាទូទៅ​ថា អាចារ្យ​ជាច្រើន​គ្មាន​ជំនាញ​ច្បាស់លាស់​ហើយ​បានរៀបចំ​ពិធីផ្សេងៗដោយ​ មិនត្រូវ​តាម​ក្បួនខ្នាត​ពី​បូរាណ។

ជាការ​ពិតណាស់ សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​បាន​រុញច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ ក្នុង​ភាពក្រីក្រ​យ៉ាងខ្លាំង។ ភាពក្រីក្រ​ខាង​សេដ្ឋកិច្ច​ជា​រឿង​មួយ​ហើយ ប៉ុន្តែ ភាពក្រីក្រ​នៃ​ឯកសារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​គឺជា​បញ្ហា​ធំធេង​មួយទៀត។ ក្រៅពី​មិនសូវ​សម្បូរ​អ្នកសរសេរ​ឯកសារ​ទុក​ហើយ​នោះ កម្ពុជា​ក៏​ជួបនឹង​រឿង​អ​ភ​ព្វ័​ម្យ៉ាងទៀត នោះ​គឺ​ឯកសារ​ដែលមាន​បន្តិច​បន្តួច​ត្រូវបាន​បំផ្លាញ​ស្ទើរតែ​គ្មាន​សល់​ ដោយសារ​សង្គ្រាម​និង​មនោគមន៍វិជ្ជា​នយោបាយ។ កង្វះ​ឯកសារ ក្បួនខ្នាត រួមផ្សំ​នឹង​ការ​មិនសូវ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រសួង​ជំនាញនីមួយៗអំពី​ ការ​ចងក្រង​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើ​ឲ្យ«វប្បធម៌​ចេះ​គ្មាន​ក្បួន»បន្ត​មាន​អត្ថិភាព​នៅ​កម្ពុជា​រហូតមក។ ជា​ផលវិបាក ប្រទេស​នេះ​កំពុង​ខ្វះ​អ្នកជំនាញ​គ្រប់​វិស័យ។

ចំណេះ​ដែល​មិនបាន​ឆ្លងកាត់​សាលា​មានគុណ​វិបត្តិ​ច្រើនយ៉ាង៖ ទី១ គឺ​អ្នកទទួល​ចំណេះដឹង​ចេះ​មិន​ច្បាស់លាស់​និង​មិន​យល់​ខ្លឹមសារ​ឲ្យ​បាន​ ត្រឹមត្រូវ​តាម​លំនាំ​ដើម​នោះឡើយ។ ទី២៖ ចំណេះដឹង​បែបនេះ​គ្មាន​ស្ថេរភាព​ពីព្រោះ​ទាំង​អ្នក​ផ្ទេរ​ទាំង​អ្នកទទួល​ សុទ្ធតែ​ចេះ​មិន​ច្បាស់​ដូច​តែ​គ្នា។ និង​ទី៣៖ នៅពេល​ណាមួយ​ចំណេះដឹង​ទាំងនោះ​នឹង​បាត់បង់​ទាំងស្រុង​តែម្តង។ ជាក់ស្តែង បច្ចុប្បន្ននេះ មាន​ទំនាមទម្លាប់​ឬ​ជំនាញ​បច្ចេកទេស​ខ្លះ​បាន​បាត់បង់​ទៅហើយ។ សូម្បី​ការស្រាវជ្រាវ​ក៏​ពិបាក​នឹងធ្វើ​ដែរ​ពីព្រោះ​អ្នកចេះ​ចាំ​ជំនាញ​ទាំង ​នោះបាន​ស្លាប់​បាត់អស់​ទៅហើយ។

ដូច្នេះ អំណឹះតទៅ​ខ្មែរ​គួរតែ​នាំគ្នា​ចងក្រង​ឯ​ឝ​សារ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ ក្រោយ​ឲ្យ​បាន​ច្រើន​និង​គ្រប់​វិស័យ​តាម​ដែល​អាចធ្វើ​ទៅបាន។ ឯកសារ​ទាំងនោះ​ក៏​ត្រូវតែ​រក្សាទុក​ឲ្យ​បាន​គង់វង្ស​ចៀស​ផុតពី​ ការបំផ្លិចបំផ្លាញ​ទោះ​ក្រោមរូបភាព​ណាក៏ដោយ។ ទន្ទឹមនឹងនោះ ការបង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ត្រូវធ្វើ​ដំណាលគ្នា​ដែរ​ ពីព្រោះ​សង្គម​មួយ​មិនអាច​រឹងមាំ​និង​មាន​ស្ថេរភាព​បានទេ បើ​សង្គម​នោះ​ឈរលើ​ចំណេះដឹង​ដែល​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ។ ផ្ទុយទៅវិញ អ្នកមាន​ជំនាញ​ពិតប្រាកដ​ទោះជា​ជំនាញ​តូចតាច​មួយ​ក៏ដោយ ក៏មាន​តម្លៃ​ជាង​អ្នក​គ្មាន​ជំនាញ​ដែរ។ តម្លៃ​ខាង​សេដ្ឋកិច្ច​ជា​រឿង​មួយ ប៉ុន្តែ តម្លៃ​ខាង​វប្បធម៌​រឹតតែ​មាន​សារៈសំខាន់​ជាងនេះទៅទៀត៕



No comments:

Post a Comment