Paris Peace Accords 23 Oct. 1991

Wednesday, March 26, 2014

មន្ត្រី​ សង្គម​ស៊ីវិល ចាត់ទុក​ ការបន្ត​ឃុំ​ ខ្លួន ​លោក ​វ​ន់ ពៅ ថា ​រង​សម្ពាធ​នយោបាយ ខណៈ​ការចរចា ​ជាប់គាំង​​

ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក វន់ ពៅ រងចាំស្តាប់សាលដីការបស់សាលាឧទ្ធរណ៍ ស្តីពីការសុំនៅក្រៅឃុំរបស់លោក វន់ ពៅ កាលពីម្សិលមិញ (រូបថត៖ សុទ្ធ គឹមសឿន)

មន្ត្រី​ សង្គម​ស៊ីវិល ចាត់ទុក​ ការបន្ត​ឃុំ​ ខ្លួន ​លោក ​វ​ន់ ពៅ ថា ​រង​សម្ពាធ​នយោបាយ ខណៈ​ការចរចា ​ជាប់គាំង​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014

មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល  ចាត់ទុក​ ការបន្ត​ឃុំ​ខ្លួន ​លោក​ វ​ន់ ពៅ ក្នុង​ពន្ធនាគារ ថា​រង​សម្ពាធ​នយោបាយ ដោយ​ទទូច​ឲ្យ ​តុលាការ ​ពន្លឿ​ននីតិវិធី​ ស៊ើប​អង្កេត និង​បើក​សវនាកា​រ លើ​​សំណុំរឿង​ អ្នកជាប់ចោទ ២៣​នាក់​នេះ ឲ្យបាន​ឆាប់ ដើម្បី​ផ្តល់​ យុត្តិធម៌​ ឲ្យដល់​ អ្នក​ដែល​រងគ្រោះ និង​ពង្រឹង​និតិរដ្ឋ ​នៅ​កម្ពុជា​។
​ការជំរុញ​របស់​មន្ត្រី​សិទ្ធិមនុស្ស ធ្វើឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​លើក​ហេតុផល​ថា អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះ​ពាល់​​ដំណើរការ​សវនាការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺ​ហាក់​មាន​គំនាប​នយោបាយ និង​គ្មាន​ភាពយុត្តិធម៌ ដោយសារតែ​លោក វ​ន់ ពៅ មិន​មាន​កំហុស តែ​បែរជា​ត្រូវ​ចាប់​លោក​ដាក់ពន្ធនាគារ​ទៅវិញ «​លោក វ​ន់ ពៅ មិន​មាន​ទោស​ទេ ហើយ​ម្យ៉ាងទៀត គឺ​អ្វី​ដែល​គេ ចោទប្រកាន់​គាត់ ដោយសារតែ គេ​ចង់​កម្លាច​គាត់​ចង់​ធ្វើ​បាប​គាត់ ហើយ​ប្រសិន​ជា​មានរឿង​នយោបាយ​នៅ​ពីក្រោយ​ខ្នង បានន័យថា​កាន់តែ​ធ្វើបាប​គាត់​ថែម​ទៀត​។ អ៊ីចឹង​រឿង វ​ន់ ពៅ នេះ​ទោះបី​អ្នកនយោបាយ មិន​អ្នកនយោបាយ​ក៏ដោយ ខ្ញុំ​គិតថា មិនគួរ​ចោទប្រកាន់​ឬ​ក៏​ចាប់​ខ្លួន​គាត់​ទេ​»​។​
​ជាមួយគ្នានេះដែរ មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វ៉េ​ត មានប្រសាសន៍ថា ការបន្ត​ឃុំខ្លួន​លោក​វន់ ពៅ និង​អ្នក​ជាប់​ឃុំ​២០​នាក់​ផ្សេង​ទៀត​នេះ គឺជា​កំហុស​ឆ្គង​មួយ​របស់​រដ្ឋាភិបាល ខណៈ​ដែល​ការចរចា​បញ្ហានយោបាយ​ជាប់គាំង និង​បង្ហាញ​ទៅ​សហគមន៍​ជាតិ​-​អន្តរជាតិ មើលឃើញ​កាន់តែ​ច្បាស់​ពី​ឯករាជ្យភាព​របស់​តុលាការ ដែល​មិន​អាច​ការពារ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភបំពាន​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​។ លោក​បាន​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ការងា​ររបស់​ខ្លួន ក្នុង​ការដោះស្រាយ​សំណុំរឿង​ជនជាប់ចោទ​ទាំង​២៣​នាក់​នេះ ឲ្យបាន​ឆាប់ «​គឺមាន​តែ​ខាង​តុលាការ​ទេ ដែល​លោក​ត្រូវតែ​សម្រេច ត្រូវធ្វើ​យ៉ាងណា​បើក​សវនាការ​ឲ្យ​ឆាប់​ទៅ ហើយ​ផ្តល់​យុត្តិធម៌​ត្រឹមត្រូវ​មក​ពលរដ្ឋ ក្នុង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ពេញលេញ ធានាឲ្យបាន​នូវ​ការអនុវត្ត​និរិ​រដ្ឋ​នៅក្នុង​ប្រទេស អាហ្នឹង​បាន​ប្រសើរ»​។​
VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​​បាន​ទេ​។
ដោយឡែក លោក ទិ​ត្យ សុធា មន្ត្រី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការរិះគន់​ទៅ​លើ​ករណី​ណាមួយ ប៉ុន្តែ​រដ្ឋាភិបាល ពុំ​មាន​សិទ្ធិ​ទៅ​បង្គាប់បញ្ជា​នីតិវិធី​របស់​តុលាការ​នោះ​ទេ «​ពីព្រោះ​ជា​អំណាច​ដាច់ដោយឡែក​ពី​គ្នា​មួយ នេះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​យើង​ទៅ​បង្គាប់បញ្ជា​អី​កើត អញ្ចឹង​ការចោទប្រកាន់​ចេះ​តែ​ចោទ​ទៅ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គឺ អត់​មាន​សិទ្ធិ​ទៅ​ធ្វើ​អី​ទៅ​លើ​ការងារ​របស់​តុលាការ​ទេ»។​
អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់ ក្នុងនោះ​មាន​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្រប​សម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក​កម្មករ​ម្នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួក​គេ​ចំនួន​២១​នាក់ កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម ខណៈ​ដែល​ពីរ​នាក់​ទៀត ត្រូវបាន​តុលាការ​សាលាដំបូង សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​។​
​អ្នក​ទាំង​២៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា ខណៈ​ដែល​ពួកគេ​ចូលរួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ ដល់​កម្មករ​៕




No comments:

Post a Comment