នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា នៅក្នុងកិច្ចពិភាក្សាលើអនុសាសន៍ចំនួន ១៦ចំណុច កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។
ប្រតិកម្មជុំវិញ ការចោទ ថា អង្គការ មិនមែនរដ្ឋាភិបាល លំអៀង ទៅ បក្សប្រឆាំង
ដោយ កែវ និមល / អាស៊ីសេរី | ៣១ មីនា ២០១៤
អ្នកនយោបាយមួយចំនួនបានចោទប្រកាន់អង្គការពុំមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនៅកម្ពុជា ថាមានភាពលំអៀង កាន់ជើងគណបក្សប្រឆាំង និងវាយប្រហារសកម្មភាពនានារបស់គណបក្សកាន់អំណាច។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ អ្នកដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនបានបញ្ជាក់អះអាងថា អង្គការមិនមែនរដ្ឋាភិបាលនិងសង្គមស៊ីវិល មិនដែលមានចេតនាដណ្ដើមអំណាចដឹកនាំរដ្ឋាភិបាលទេ ហើយការលើកឡើងជាមតិយោបល់នានារបស់អង្គការមិនមែនរដ្ឋាភិបាលនិងសង្គមស៊ីវិល គឺដើម្បីរួមចំណែកកែលំអសង្គម និងចង់ឲ្យការដឹកនាំរបស់គណបក្សកាន់អំណាចនិងរដ្ឋាភិបាល ថិតនៅលើគន្លងផ្លូវត្រឹមត្រូវ និងគោរពច្បាប់ដែលមានចែងជាធរមានប៉ុណ្ណោះ។
លោក គល់ បញ្ញា បានរិះគន់ចំពោះមតិចង់បង្កើតច្បាប់ដើម្បីគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលថា ជាគោលគំនិតចង់បង្វែរបញ្ហាទាញការចាប់អារម្មណ៍ពីបញ្ហាកំពុងកើតមាន ទៅជាបញ្ហាមួយថ្មី ដោយគេចវេះមិនដោះស្រាយបញ្ហាកំពុងកើតមានចំពោះមុខប៉ុណ្ណោះ។
លោក គល់ បញ្ញា៖ «យើងដូចជាមិនទៅគាំទ្រគណបក្សណាមួយទេ។ គ្រាន់តែយើងតែងផ្ដល់អនុសាសន៍ ឬក៏ផ្ដល់ព័ត៌មានផ្សេងៗ ដែលទាក់ទិននឹងដំណើរការគោរពសិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស ហើយការផ្ដល់យោបល់នោះ អាចធ្វើឲ្យគណបក្សកាន់អំណាចគាត់មិនសប្បាយចិត្ត។ នេះជាភារកិច្ចរបស់យើង យើងត្រូវតែជូនព័ត៌មាន ហើយមានព័ត៌មានខ្លះ គណបក្សខ្លះគេមិនសប្បាយចិត្តទេ។ ព័ត៌មានដែលយើងផ្ដល់ឲ្យនេះមានគណបក្សខ្លះគេយកចិត្តទុកដាក់ តែគណបក្សខ្លះគេមិនយកចិត្តទុកដាក់ទេ»។
កាលពីថ្ងៃទី១០ មីនា លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភាបានថ្លែងថា មានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងសង្គមស៊ីវិល មានចេតនាអាក្រក់ ព្យាយាមវាយប្រហារគណបក្សកាន់អំណាច។
លោក ជាម យៀប ជាសមាជិកគណៈកម្មការចម្រុះ និងជាតំណាងគណបក្សប្រជាជនកម្ពុជា ដែរនោះ បានអំពាវនាវឲ្យរដ្ឋាភិបាលនិងសភា រៀបចំច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឲ្យបានឆាប់៖ «យើងចង់ធ្វើយ៉ាងម៉េចឲ្យច្បាប់គ្រប់គ្រងសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលនោះចេញទៅ។ ដើម្បីឲ្យស្រួលទាំងរដ្ឋ ស្រួលទាំងសង្គមស៊ីវិល។ តើតួនាទីរបៀបណាខ្លះ? ដល់អីចឹងទៅ យើងឃើញថា កន្លងទៅចង់ធ្វើយ៉ាងណាឲ្យសង្គមស៊ីវិលនោះ មានភាពអព្យាក្រឹត មានសុចរិតភាពចំពោះគ្រប់គណបក្សនយោបាយ មិនថា គណបក្សណាៗទេ។ កន្លងទៅយើងឃើញកាន់ជើងតែគណបក្សម្ខាងនោះ»។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៧ មីនា ថា អង្គការមិនមែនរដ្ឋាភិបាលអាចមានច្រើនប្រភេទ ហើយពិតជាមានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនមានភាពលំអៀងមែន។ ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលមិនមែនជាស្ថាប័នកាន់អំណាចឡើយ ហើយពួកគេគ្មានអំណាចចាប់បង្ខំឲ្យប្រជាពលរដ្ឋអនុវត្តតាមការយល់ឃើញរបស់ខ្លួនទេ គឺគ្រាន់តែលើកជាគំនិតប៉ុណ្ណោះ ហើយនៅក្នុងករណីអង្គការមិនមែនរដ្ឋាភិបាលអនុវត្តមិនត្រឹមត្រូវ គឺប្រជាពលរដ្ឋអាចវាយតម្លៃចំពោះសកម្មភាពនោះ និងបើមានការរំលោភច្បាប់ គឺអាចផ្ដន្ទាទោសតាមច្បាប់ទៅ។
លោក អ៊ូ វីរៈ៖ «NGO លើកឡើងតែពីគំនិតនោះ មានអីចាំបាច់ច្បាប់? ហើយបើ NGO ប្រព្រឹត្តបទល្មើសអី មានបោកប្រាស់អីនោះ ឆបោកអី ប្ដឹងទៅ ពីបទព្រហ្មទណ្ឌទៅ មានច្បាប់ព្រហ្មទណ្ឌតើ! វាអត់ចាំបាច់គ្រាន់តែប៉ុណ្ណឹង យើងអត់ចេះដោះស្រាយ ហើយប្រជាពលរដ្ឋរៀនមើលគំនិត NGO ទៅ តើត្រូវឬខុស មិនមែនឲ្យតែ NGO និយាយត្រូវទាំងអស់ឯណា»។
ចំណែកលោក សុក សំអឿន នាយកអង្គការក្រៅរដ្ឋាភិបាលធ្វើការងារខាងវិស័យច្បាប់ មានប្រសាសន៍ថា ភាគច្រើនអង្គការមិនមែនរដ្ឋាភិបាលច្រើនធ្វើការងារសង្គមកិច្ច ជួយប្រជាពលរដ្ឋក្រីក្រលំបាក និងទាញហេតុផលឲ្យប្រជាពលរដ្ឋឃើញភាពត្រូវនិងខុស នៅក្នុងសកម្មភាពប្រចាំថ្ងៃ។ ដូច្នេះមតិមួយចំនួននោះ ភាគច្រើនលើកឡើងពីចំណុចខ្វះខាតរបស់អាជ្ញាធរដើម្បីកែលំអ ប៉ុន្តែមិនមែនដើម្បីកាន់អំណាចដឹកនាំបញ្ជាដោយខ្លួនឯងទេ។
លោក សុក សំអឿន បន្ថែមឲ្យដឹងថា ដើម្បីកំណត់ឲ្យបានថា តើសកម្មភាពអ្វីលំអៀងនិងមិនលំអៀងនោះ ទាល់តែមានការកំណត់និយមន័យឲ្យបានច្បាស់លាស់ថា តើសកម្មភាពណាខ្លះដែលគួរចៀសវាង? ប៉ុន្តែលោកមិនបានលើកទឹកចិត្តឲ្យមានច្បាប់ស្ដីពីការគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមទេ។
ចំណែកលោក កែម ឡី អ្នកវិភាគឯករាជ្យលើបញ្ហានយោបាយ សេដ្ឋកិច្ចនិងសង្គម បានទទួលស្គាល់ថា មានអង្គការមិនមែនរដ្ឋាភិបាលខ្លះចូលចិត្តគណបក្សកាន់អំណាច និងខ្លះទៀតចូលចិត្តគាំទ្រគណបក្សប្រឆាំងនៅកម្ពុជា។ ប៉ុន្តែលោកសុំឲ្យមានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានត្រឹមត្រូវមុនពេលមានការវាយតម្លៃជារួមថា អង្គការមិនមែនរដ្ឋាភិបាលភាគច្រើនគាំទ្រគណបក្សប្រឆាំងនោះ។
លោក កែម ឡី៖ «យើងត្រូវពិចារណាហើយ។ ខ្ញុំថា GNO មាន មិនមែនអត់ទេ អ្នកគាំទ្រខាងណេះ ខាងណោះ។ មានអ្នកស្រឡាញ់គណបក្សប្រឆាំង និងមានអ្នកគាំទ្រគណបក្សប្រជាជនដែរ ហើយភាគច្រើនគាត់នៅអព្យាក្រឹត។ អ៊ីចឹងចោទជារួមអ៊ីចឹងអត់មានការសិក្សាអីត្រឹមត្រូវ គឺអត់សមស្របទេ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃទី៣០ មីនា ថា អ្វីដែលរដ្ឋាភិបាលចង់បានពីអង្គការមិនមែនរដ្ឋាភិបាលនោះ គឺភាពជាដៃគូមួយសម្រាប់អភិវឌ្ឍន៍៖ «ហើយរាល់សម្រង់អត្ថបទ និងរបាយការណ៍ គឺមានគោលដៅចូលរួម គឺឲ្យមានវឌ្ឍនភាពទាំងអស់គ្នា។ យើងមិនចង់ឃើញអង្គការមិនមែនរដ្ឋាភិបាលដើរតួជានគរបាល ដើរតួជាចៅក្រម ឬជាជនបរទេសនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលនោះទេ»។
ប្រភពឯកសារពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅប្រទេសកម្ពុជា មានអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ១ពាន់នាក់ បានចុះបញ្ជីឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ។ ចំនួនអាចច្រើនជាងនេះ បើសិនជាគិតថែមចំនួនអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលចុះឈ្មោះនៅក្រសួងការបរទេស និងទីស្ដីការគណៈរដ្ឋមន្ត្រីទៀតផង៕
No comments:
Post a Comment