Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

"ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?"

កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង។ រូបថត RFA/Sek Bandith

"ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?"

ដោយ កែវ និមល / អាស៊ីសេរី | ២០ មីនា​ ២០១៤

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ មីនា ថា មជ្ឈមណ្ឌល​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​មួយ​ក្រោម​ប្រធាន​បទ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?" ទាក់ទង​ជាមួយ​ការ​បង្ក្រាប និង​ចាប់​ខ្លួន​របស់​កង​កម្លាំង​សន្តិសុខ​អាជ្ញាធរ មក​លើ​កម្មករ ប្រជាពលរដ្ឋ ដែល​ធ្វើ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា នឹង​រៀប​ចំ​ឲ្យ​មាន​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃ​ទី​២៤ មីនា អំពី​ការ​បើក​ធ្វើ​យុទ្ធនាការ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?" ហើយ​វាគ្មិន​ដែល​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ មាន​តំណាង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ជន​រងគ្រោះ​ផ្ទាល់ និង​លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
ចំពោះ​មូលហេតុ​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រៀប​ចំ​យុទ្ធនាការ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?" នោះ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ក្រោយ​កា​របោះ​ឆ្នោត កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ទៅ​លើ​ការ​ជួបជុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់​ខ្លួន​មួយ​ចំនួន។ ប៉ុន្តែ នៅ​ពេល​អ្នក​តវ៉ា​ដោយ​សន្តិវិធី ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ព្រម​ទាំង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់។ ម្យ៉ាង នា​ពេល​បច្ចុប្បន្ន​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​ចំណាត់​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ទៅ​លើ​ករណី​ប្រើប្រាស់​កម្លាំង​របស់​កង​កម្លាំង​សន្តិសុខ​កម្ពុជា នៅ​ឡើយ​ទេ។ ដូច្នេះ យុទ្ធនាការ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ?" នេះ មាន​គោលដៅ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ និង​ឯករាជ្យ ទៅ​លើ​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នេះ ដើម្បី​នាំ​យក​ជន​ទទួល​ខុស​ត្រូវ​មក​កាត់​ទោស និង​ដើម្បី​ធានា​ថា ជន​រងគ្រោះ​បាន​ទទួល​សំណង។
ការ​បង្ក្រាប​លើ​ការ​តវ៉ា​របស់​កម្មករ និង​ប្រជាពលរដ្ឋ កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ​របស់​កង​កម្លាំង​សន្តិសុខ អាជ្ញាធរ ទាហាន នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​វ៉េងស្រេង ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​រោងចក្រ​កាត់​ដេរ​ខោអាវ​នាំ​ចេញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ របួស​ជិត ៤០​នាក់ និង​មាន​ចាប់​ខ្លួន​មនុស្ស ២៣​នាក់ តែ​ក្រោយ​មក​បាន​ដោះ​លែង ២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ៕



No comments:

Post a Comment