រូបសំណាកគោព្រៃ ២ក្បាល ជានិមិត្តរូបសម្រាប់សម្គាល់ខេត្តមណ្ឌលគិរី
ការវិវត្តន៍ នៃពិធី រៀបការ របស់ជនជាតិ ភាគតិចព្នង នៅភូមិភាគឦសាន
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ៣០ មីនា ២០១៤
ពិធីរៀបការរបស់ជនជាតិភាគតិចព្នង នៅភូមិភាគឦសាន ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ជាទម្លាប់គេមិនដែលមានការបង្គាប់ថ្លៃបណ្ណាការ និងហែជំនូនដូចជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរទេ។
នៅពេលណាខាងកូនកំលោះពេញចិត្តនារីណាម្នាក់ក្នុងសហគមន៍ហើយ គឺគេប្រាប់ចាស់ទុំខាងប្រុសបន្ទាប់មករៀបចំពិធីតាមទំនៀមទម្លាប់របស់ប្រពៃណីជនជាតិដើមភាគតិចព្នងតែម្ដង ដោយពុំចាំបាច់គុណគូលេខអាតាក់ ឬមានអាចារ្យចូលចែចូវ និងសូត្រមន្តលើករាសីឡើយ។
និយាយពីរឿងការវិវត្តន៍នៃពិធីរៀបការនៃជនជាតិដើមភាគតិចព្នងវិញ។ បើគិតពីអតីតកាល ប្រពៃណីដែលបានចាក់ឫសអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនេះ នៅផ្នែកខ្លះនៃពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិដើមភាគតិចព្នង ក៏មិនទាន់មានការប្រែប្រួលច្រើននោះដែរ នៅក្នុងសម័យទំនើបនេះ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ ផ្នែកខ្លះនៃពិធីរៀបការរបស់ពួកគេបានក្លាយខ្លះហើយ ក្នុងសម័យបច្ចុប្បន្ន។
នៅរស់នៅភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី លោកស្រី ខ្វើយ តុំ ឲ្យដឹងថា ពិធីរៀបការនៅសម័យមុនរបស់ជនជាតិដើមភាគតិចព្នង គឺសាមញ្ញបំផុត ហើយមិនទាមទារអ្វីច្រើនពីខាងកូនកំលោះនោះទេ។
លោកស្រីបន្តថា បើកូនកំលោះគិតថា ពេញចិត្តនារីណាមួយនៅក្នុងសហគមន៍របស់ខ្លួនហើយ គឺគ្រាន់តែប្រាប់ចាស់ទុំ បន្ទាប់មកជ្រើសរើសថ្ងៃរៀបការតែម្ដង៖ «កំណត់ឧបមាថា ៣ខែអី ឬពីរខែអី មួយខែកន្លះអី។ អត់ទេ ឲ្យស្រលាញ់គ្នាហើយ គេកំណត់ថ្ងៃការ។ គ្រូបូរាណអីក៏អត់មានដែរ មានតែម៉ែឪ ហើយមានតែតាមប្រពៃណីសែនព្រេន លីសលៀងហ្នឹងស្លៀកពាក់ ស្លៀកពាក់ខោអាវធម្មតាហ្នឹង»។
ដោយហេតុថា ជនជាតិដើមភាគតិចព្នង ជាជាតិសាសន៍មួយមានជំនឿខ្លាំងបំផុតទៅលើអារក្សអ្នកតា ព្រៃឈើ ឬទីកប់ខ្មោចជាដើម។ ហេតុនេះ ប្រសិនបើកំលោះក្រមុំដែលបានគ្នាជាប្ដីប្រពន្ធមុនរៀបការ គេតែងចាត់ទុកថា ជាប្រផ្នូលមិនល្អ។ ហើយបើគូថ្មីថ្មោងនេះ ត្រូវឆ្លងកាត់មុនការរៀបការ គឺគេត្រូវរៀបចំពីសែនព្រេង ឬហៅតាមភាសាជនជាតិដើមភាគតិចព្នងថា លីសលៀង ដែលមានន័យថា សូមខមាទោសនោះ មានគ្រឿងថ្វាយច្រើនជាងពិធីដែលឆ្លងកាត់តាមប្រពៃណី។ ពិធីរបៀបនេះ គេតែងរៀបចំមួយថ្ងៃមុនពិធីរៀបចំនៅក្នុងភូមិ ឬសហគមន៍។ ក៏ប៉ុន្តែ បើគូថ្មីថ្មោងនេះចូលស្ដីដណ្ដឹងត្រឹមត្រូវតាមប្រពៃណី ដែលមានចាស់ទុំទាំងសង្ខាងដឹងឮគ្រប់គ្នាហើយ គឺពិធីរៀបការគេត្រូវធ្វើនៅផ្ទះខាងស្រីតែម្ដង។
លោកស្រី ខ្វើយ តុំ៖ «បើសិនថា អត់មានតំណម អត់មានខុសរបៀបនិងទំនៀមទម្លាប់ទេ បើសិនថា អត់មានជាប់សាច់ឈាមទេ ការទំនៀមទម្លាប់ហ្នឹងធម្មតា។ វាស្រលាញ់គ្នាហ្នឹង ចូលសួរតាមឪម៉ែគេទៅ ចូលសួរនៅផ្ទះខាងស្រីហ្នឹង»។
បើទោះជាថា ពិធីរៀបការដែលឆ្លងកាត់ដំណាក់កាលពីរខុសគ្នាក៏ដោយចុះ ក៏ពិធីរៀបអាពាហ៍ពិពាហ៍នេះ នៅតែប្រព្រឹត្តទៅត្រឹមរយៈពេល ២ថ្ងៃ ដូចគ្នាដដែល។ នៅថ្ងៃទី១ នៃពិធីត្រូវចាប់ផ្ដើម គឺគេរៀបចំដោយពុំមានរណ្ដាប់សែនពោរពាសដូចប្រពៃណីរបស់ខ្មែរយើងទេ។ដោយហេតុថា ជនជាតិដើមភាគតិចព្នងមានជំនឿខ្លាំងបំផុតទៅលើអារក្សអ្នកតា ព្រៃឈើ ឬទីកប់ខ្មោចជាដើម ហេតុនេះ បើពិធីសែនត្រូវចប់ស្រេចបាច់ទៅតាមប្រពៃណី គឺពិធីបន្ទាប់គេពិសាអាហាររួមគ្នា រួចហើយភ្ញៀវដែលគេអញ្ជើញឲ្យចូលរួមនោះ ត្រូវមានទ្រនាប់ដៃមកជាមួយផង។ កាដូរដែលគេតែងជូននោះ ជាទម្លាប់ពីអតីតកាលមាន ពាង មាស ឬជាគោក្របីជាដើម។
មានដើមកំណើតជាជនជាតិដើមភាគតិចព្នង លោកស្រី ខ្វើយ តុំ រៀបរាបថា នៅថ្ងៃទីពីរនៃពិធីមង្គលការនោះ ភ្ញៀវដែលបានចូលរួម មានអ្នកខ្លះត្រូវនៅរង់ចាំច្រៀងរាំរហូតដល់ពិធីបិទបញ្ចប់ ហើយពិធីច្រៀងរាំ កាលណោះ គឺគេត្រូវយកដើមរកាដុតគរជាពំនូក រួចបង្កាត់ភ្លើង ហើយរាំជុំវិញ។
លោកស្រីបន្តថា ពេលរាំនោះអ្នកដែលចំណូលទទួលទានគ្រឿងស្រវឹង គឺគេរាំបណ្ដើរក្រេបស្រាពាងបណ្ដើរ៖ «ការហ្នឹងដល់ពេលយប់ឡើង គេនាំគ្នារាំវ៉ៃឈ្មុសវ៉ៃអីហ្នឹង។ វ៉ៃឈ្មុសហ្នឹងហើយយើងលេងដុតដើមឈើដូចដើមរកា ហើយយើងកោសទៅ ហើយយើងដុតមួយទៅ ឲ្យវាដាច់ដើមហ្នឹង។ សប្បាយលេងអ៊ីចឹងទេកាលពីមុនហ្នឹង ហើយសែនស្រូវក៏អ៊ីចឹងដែរ»។
ឆ្លងកាត់ការវិវត្តន៍រាប់ពាន់ឆ្នាំ ពិធីមង្គលការរបស់ជនជាតិដើមភាគតិចព្នងនេះ បានប្រែក្លាយជាអន្លើខ្លះហើយនៅក្នុងសម័យទំនើបនេះ។ អ្វីដែលមានការប្រែប្រួលនោះ នៅត្រង់ថា ពិធីមង្គលការបច្ចុប្បន្ន ក្រៅពីបង្គាប់ថ្លៃបណ្ដាការហើយ ជាងនេះទៀត គឺមានរៀបចំរោងការ បោះធៀប និងអញ្ជើញភ្ញៀវ ហើយថែមទាំងមានភ្លេងសម័យដូចជាធុងបាសជាដើម សម្រាប់កំដរពិធីផង។
លោកស្រី ខ្វើយ តុំ យល់ឃើញថា ពិធីមង្គលការតាមរបៀបសម័យទំនើប ថ្វីបើត្រូវហត់នឿយ និងចំណាយខ្ពស់បន្តិចមែន ក៏ប៉ុន្តែថា ការរៀបចំតាមមធ្យោបាយនេះ នឹងមិនមែនជាបន្ទុកដូចមុនទៀតឡើយ សម្រាប់គ្រួសារដែលរៀបចំពិធីមង្គលការ។ លើសពីនេះទៀត គេក៏អាចរកកម្រៃខ្លះៗ ពីចំណងដៃនេះដែរ។
លោកស្រីបន្តថា ផ្ទុយពីសម័យមុនគ្រួសារដែលរៀបចំពិធីអាពាហ៍ពិពាហ៍ ត្រូវចំណាយផ្ទាល់ ហើយពុំមានចំណងដៃថែមទៀតផង ពីភ្ញៀវដែលចូលរួម៖«ឥឡូវបើការតាមខ្មែរខ្លះ ជនជាតិខ្លះអត់សូវខាតទេ។ ដូចពីមុនហ្នឹងខាតច្រើនណាស់។ ការកាប់តែក្របីកាប់តែគោ នាំគ្នាស៊ីទទេ នាំបងប្អូនស៊ីអស់ ចែកគ្នាស៊ីអស់»។
ពាក់ព័ន្ធនឹងការប្រែប្រួលនៃប្រពៃណី និងទម្លាប់ទម្លាប់នេះ ក្នុងនាមជនជាតិដើមភាគព្នង លោកស្រី យន់ ម៉ាណេ ចាត់ទុកថា ការវិវត្តន៍ដ៏លឿន ហើយពុំមានឯកសារចងក្រងរក្សាទុកពីពិធីនានាទៀតសោតនោះ វាពិតជាក្តីកង្វល់យ៉ាងខ្លាំងនៅចំពោះមុខ ចំពោះការបាត់បង់ទៅនៃប្រពៃណីដែលបានចាក់ឫស អស់រាប់ពាន់ឆ្នាំមកហើយនេះ។
លោកស្រីយល់ឃើញថា ការចម្លងនៃពិធីរៀបមង្គលការតាមបែបសម័យទំនើបបន្តិច ក៏ដោយចុះ ក៏ប៉ុន្តែថា សូមឲ្យរៀបចំតាមបែបទំនៀមទម្លាប់របស់ខ្លួនឲ្យចប់រួចរាល់ជាមុនសិន ទើបជាការប្រសើរ៖ «ជាទូទៅពិធីប្រពៃណីខ្លួនឯងមិនសូវបានធ្វើឲ្យបានចប់ចុងចប់ដើមដូចពីមុនទេ ធ្វើកាត់ៗ។ ហើយមានកម្មវិធីចូលរោង មានកម្មវិធីហូបអាហារពេលល្ងាចអីហ្នឹង ហើយជាពិសេស មានការតុបតែងរបៀបជាខ្មែរ ច្រើនឥឡូវ ហើយសម្រាប់ខ្ញុំផ្ទាល់។ ខ្ញុំមានការព្រួយបារម្ភខ្លាំងមែនទែន ទាក់ទងនឹងការបាត់បង់ប្រពៃណី ព្រោះអានេះជាអត្តសញ្ញាណមួយដែរ ដើម្បីសម្គាល់អំពីមង្គលការរបស់ជនជាតិដើមភាគតិចព្នង»។
ថ្វីបើពិធីមង្គលការបានប្រែក្លាយដោយអន្លើខ្លះក្ដី ក៏ផ្នែកខ្លះនៅតែត្រូវគេរក្សាបានយ៉ាងខ្ជាប់ខ្ជួននៅឡើយ ដូចពិធីសែនអារក្ស ឬពិធីលីសលៀង ឬហៅថា ពិធីខមាទោស។ លើសពីនេះទៀត អ្វីដែលនៅតែអនុវត្ត ហើយប្រកាន់បំផុតនោះ គឺមិនអាចឲ្យកូនរៀបមង្គលការជាមួយអ្នកដែលមានឈាមជ័រសាច់ជិតគ្នា ដូចជាត្រូវជាបងប្អូន ឬបងប្អូនជីដូនមួយជាដើមនោះទេ៕
No comments:
Post a Comment