១៤-មីនា-២០១៤៖ សកម្មភាពកាប់បំផ្លាញព្រៃរបស់ក្រុមហ៊ុនចិន ឡាន ហ្វេង នាឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
RFA/Tep Soravy
មន្ត្រី ឃ្លាំមើល បរិស្ថាន៖ ព្រៃឈើ ប្រទេសកម្ពុជា នឹងហិនហោច ក្នុងអាណត្តិទី៥ នេះ
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២៩ មីនា ២០១៤
សកម្មជន ការពារធនធាន ធម្មជាតិ បានអះអាងថា ព្រៃឈើប្រទេសកម្ពុជា នឹងវិនាសហិនហោចក្នុងរាជរដ្ឋាភិបាល អាណត្តិទី៥ នេះ ព្រោះ ពុំមានការទប់ស្កាត់ ការកាប់បំផ្លាញ ព្រៃឈើ អោយពិតប្រាកដទេ។ សង្គមស៊ីវិលបានចោទថា អ្នកនៅពីក្រោយ នៃវិនាសកម្មព្រៃឈើ នៅកម្ពុជា គឺមានមុខងារ ជាឧកញ៉ា និងជនល្មើសខ្លះទៀត ជាមនុស្សស្និទ្ធមន្ត្រី មានអំណាច ក្នុងជួររាជរដ្ឋាភិបាល។ ចំណែក មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ស្នើឲ្យ សង្គមស៊ីវិល ត្រូវមានភស្តុតាង ឲ្យបានត្រឹមត្រូវ ចំពោះករណីបទល្មើស ព្រៃឈើ។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនព្រៃឈើនៅតាមខេត្តមួយចំនួន ដែលធ្វើការងារទាក់ទងការការពារធនធានព្រៃឈើ បានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅកម្ពុជា បានធ្វើសកម្មភាពរាល់ថ្ងៃ ហើយគ្មានការបង្ក្រាប ឬទប់ស្កាត់ទេ។
លោកបន្តថា រាល់ថ្ងៃនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើកំពុងកើតមានធ្ងន់ធ្ងរ នៅខេត្តកំពង់ធំ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ជាដើម។ ហើយអ្នកបង្កល្មើសមានងារជាឧកញ៉ា ឬមនុស្សស្និទ្ធ មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល។ ជាងនេះ មន្ត្រីជំនាញថ្នាក់ក្រោមនៅតាមខេត្តភាគច្រើន មិនហ៊ានចេញមុខបង្ក្រាបសកម្មភាពបទល្មើសទាំងនេះទេ៖ «នៅមណ្ឌលគិរី ក៏ធ្ងន់ដែរ លោកឧកញ៉ា ទ្រី ភាព ឈានទៅយកព្រៃដល់ស្រុកសៀមប៉ាង របស់ក្រុមហ៊ុន ម៉ុង រិទ្ធី ថែមទៀត។ ហើយអ៊ីចឹងបានថា ស្ថានភាពកាប់បំផ្លាញព្រៃឈើបច្ចុប្បន្ននេះធ្ងន់ធ្ងរណាស់។ វាជាវិនាសកម្មចុងក្រោយនៃធនធានធម្មជាតិព្រៃឈើនៅកម្ពុជា គឺអត់អាចទប់បានទេនូវស្ថានភាពនេះ។ អ៊ីចឹងខ្ញុំអាចនិយាយបានថា បើសិនជាការកាន់កាប់របៀបនេះ សព្វថ្ងៃនេះតែមួយឆ្នាំទៀតទេ គឺអស់ទាំងស្រុងតែម្តងធនធានធម្មជាតិ នៅស្រុកខ្មែរ ពិសេសឈើប្រណីតនៅស្រុកខ្មែរ គឺអស់ទាំងស្រុងតែម្តង»។
លោក ឈឹម សាវុធ ព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់ចុងក្រោយក្នុងប្រទេសកម្ពុជា នឹងត្រូវវិនាសហិនហោចនាពាក់កណ្ដាលរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ព្រោះបទបញ្ជាទប់ស្កាត់ ឬបង្ក្រាបបទល្មើសព្រៃឈើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញកន្លងមក គ្មានប្រសិទ្ធភាព និងគ្មានមន្ត្រីអនុវត្តតាមទេ។
ឆ្លើយតបបញ្ហានេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលស្វាគមន៍ចំពោះការផ្តល់ភស្តុតាងនៃបទល្មើសព្រៃឈើនៅកម្ពុជា ប៉ុន្តែស្នើឲ្យសកម្មភាពរបស់មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះឈរលើភាពត្រឹមត្រូវ និងជៀសវាងការមួលបង្កាច់៖ «រដ្ឋាភិបាលតែងយកចិត្តទុកដាក់ អាហ្នឹងជាកាតព្វកិច្ច និងអាណត្តិរបស់រដ្ឋាភិបាល ចំពោះកិច្ចការពារព្រៃឈើ។ ហើយចំពោះសកម្មភាពរបស់សង្គមស៊ីវិល ដែលចង់រួមចំណែកក្នុងការការពារព្រៃឈើ យើងស្វាគមន៍ ក៏ប៉ុន្តែអ្វីដែលរដ្ឋាភិបាលចង់ឃើញនោះ គឺសង្គមស៊ីវិលកុំយកអាហ្នឹងមកគ្រាន់តែបង្អើលតាយរយៈសារព័ត៌មាន សូមឲ្យសកម្មភាពហ្នឹងជាសកម្មភាពមួយដែលអាចជួយដោះស្រាយបញ្ហាឲ្យបានជាផលប្រយោជន៍ទាំងអស់គ្នា គឺផលប្រយោជន៍ការពារព្រៃឈើ»។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា បើបទបញ្ជាផ្សេងៗរបស់លោកដែលបានដាក់ចេញ ហើយអនុវត្តមិនមានប្រសិទ្ធភាពទេ លោកនឹងកាត់កខ្លួនឯង។
បទបញ្ជារបស់ លោក ហ៊ុន សែន ក៏ត្រូវរងការរិះគន់ពីសំណាក់មន្ត្រីសង្គមស៊ីវិល និងមេដឹកនាំគណបក្សប្រឆាំងចំពោះភាពអវិជ្ជមាននៃការអនុវត្ត។
ករណីនេះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបែបចំអក ដោយបានអង្វរករទៅ លោក ហ៊ុន សែន ស្នើកុំឲ្យធ្វើឃាតខ្លួនឯងដោយសារគ្មានអ្នកអនុវត្តតាមបទបញ្ជារបស់ខ្លួន។ ប៉ុន្តែលោកអាចចុះចេញពីតំណែងជំនួសការកាត់ក ឬធ្វើឃាតខ្លួនឯង ព្រោះអាចនាំឲ្យមានបាបកម្មដល់គេឯង៖ «ដើម្បីឲ្យអ្នកដឹកនាំមានតម្លៃ គឺការសន្យាត្រូវតែធ្វើ គឺប្រជាពលរដ្ឋគេអត់ជំនឿទេ។ ហើយខ្ញុំមិនចង់ឲ្យគាត់កាត់កអីទេ គឺសុំឲ្យគាត់ចុះចេញពីតំណែង បើសិនជាខ្លួនធ្វើមិនបាននូវការសន្យារបស់ខ្លួន គឺសុំប៉ុណ្ណឹងទៅបានហើយ។ ប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាការតស៊ូ ដោយអហិង្សា ដើម្បីឲ្យមានការផ្លាស់ប្ដូរឲ្យបាន។ ហើយសុំឲ្យគណបក្សប្រជាជនកម្ពុជា ហ្នឹងសុំឲ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងទៅលើប្រជាពលរដ្ឋ ព្រោះខ្លួនឯងសន្យាជាមួយប្រជាពលរដ្ឋ អនុវត្ត ឬធ្វើអត់បានទេ ជាពិសេសការបំផ្លាញព្រៃឈើតែម្តង»។
យ៉ាងណាក៏ដោយ លោក ឈឹម សាវុធ ថ្លែងថា បទល្មើស ឬវិនាសកម្មព្រៃឈើដែលកំពុងធ្វើសកម្មភាពនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានឈានដល់ចំណុចប្រកាសអាសន្ន ទោះបីរដ្ឋាភិបាលបានកំណត់ទំហំផ្ទៃដីព្រៃឈើនៅតាមខេត្តខ្លះ ដើម្បីអភិរក្សបែបណាក្តី៕
No comments:
Post a Comment