សម្ភារៈគ្រឿងចក្រ ដែលត្រូវបានដាក់នៅទីលានប្រជាធិបតេយ្យនៅថ្ងៃសៅរ៍នេះ(រូបភាពដោយអាដហុក)
រូបថតពីប្រព័ន្ធសង្គមហ្វេសប៊ុក
អាជ្ញាធរ ដាក់សម្ភារៈ គ្រឿងចក្រ និងកម្លាំង ការពារ នៅទីលានប្រជាធិបតេយ្យ
ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី29 ខែមិនា ឆ្នាំ2014
អាជ្ញាធរ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍នេះ ចាប់ផ្តើម ដាក់សម្ភារៈ គ្រឿងចក្រ និងកម្លាំង ការពារ នៅទីលានប្រជាធិបតេយ្យ ខណៈគណបក្ស សង្គ្រោះជាតិ ប្រកាស ធ្វើសមាជមហាជន នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា។
ការដាក់កម្លាំងនេះ ធ្វើឲ្យសង្គមស៊ីវិលយល់ថា អាចនឹងមានហិង្សាកើតឡើងនៅថ្ងៃអាទិត្យស្អែកនេះ ។សមាគមអាដហុក ឲ្យដឹងថា នៅជុំវិញទីលានប្រជាធិបតេយ្យ មានដាក់រាយសម្ភារៈគ្រឿងចក្រសម្រាប់យកទៅទប់ទល់ឬ បង្ក្រាបបាតុកម្ម។ សមាគមអាដហុក មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែធ្វើពិធីនៃការជួបជុំនេះ នោះអាចប្រឈមទៅនឹងការប្រើហិង្សារបស់កងកម្លាំងមានសមត្ថកិច្ច ដែលបានត្រៀមចាំរួចមកហើយ។ សមាគមបន្តថា សកម្មភាពនៃការហាមប្រាម ការរារាំង និងការរឹតបន្តឹងសេរីភាពរបស់មនុស្ស នៅក្នុងប្រទេសកម្ពុជានាពេលដើមឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ គឺជាសញ្ញាអាក្រក់មួយនៃការមិនគោរពរដ្ឋធម្មនុញ្ញ និងកាន់តែធ្វើឲ្យស្ថាប័នលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សចុះអន់ថយទៅជាលំដាប់ ។
នៅថ្ងៃនេះ មន្ត្រីសាលារាជធានីភ្នំពេញ លើកឡើងថា នឹងមិនពិចារណាសំណើជាថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលស្នើសុំធ្វើសមាជប្រជាជន នៅលើសួនមុខវត្តបុទុមវត្តី៕
No comments:
Post a Comment