Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ តវ៉ា​ សុំ​ដោះលែង​ តំណាង​ នៅ​មុខ​តុលាការ ​ខេត្ត​រតនគិរី

សកម្មភាព​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​នៅ​ស្រុក​អូរជុំ និង​តំណាង​សហគមន៍​មក​ពី​ស្រុក​មួយ​ចំនួន​ទៀត​តវ៉ា​សុំ​ដោះលែង​តំណាង​នៅ​ខាង​មុខ​តុលាការ​ខេត្ត​​រតនគិរី នៅ​ថ្ងៃ​១៧ មីនា ឆ្នាំ​២០១៤។

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ តវ៉ា​ សុំ​ដោះលែង​ តំណាង​ នៅ​មុខ​តុលាការ ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ១៧ មីនា ២០១៤
អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ជិត ១០០​នាក់ មក​ពី​ភូមិ​ម៉ាស់ ភូមិ​តងក្រពូ ស្រុក​អូរជុំ និង​តំណាង​សហគមន៍​មក​ពី​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​រតនគិរី បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​លើក​បដា​ស្រែក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​រតនគិរី ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្រធាន​សហគមន៍​ចេញ​ពី​ពន្ធនាគារ​ដោយ​គ្មាន​លក្ខខណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។
ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​ស្រុក​អូរជុំ បាន​ចាប់​ខ្លួន​ប្រធាន​សហគមន៍ លោក ហាំង នឿ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ហើយ​តុលាការ​បាន​ឃុំ​ខ្លួន​ប្រធាន​សហគមន៍​នោះ​នៅ​ពន្ធនាគារ​ក្នុង​បទ​ចោទ​ថា ប្រធាន​សហគមន៍​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។
អ្នក​តវ៉ា​ជា​ច្រើន​និយាយ​ថា ពួកគេ​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​ទេ ប្រសិន​តុលាការ​មិន​ដោះលែង​ប្រធាន​សហគមន៍​មក​វិញ។
អ្នក​តវ៉ា​បាន​អះអាង​ថា ពួក​គាត់​ទាំង​អស់​គ្នា​ជា​អ្នក​ដុត​គំនរ​ឈើ និង​រោង​ប្រក់​សំពត់​កៅស៊ូ​របស់​អ្នក​ជំនួញ​ឈ្មោះ លី សុខងីម ដែល​បាន​មក​សង់​នៅ​ក្នុង​ព្រៃ​សហគមន៍ ហើយ​ប្រើប្រាស់​កម្មករ​កាប់​រាន​ព្រៃ​យក​ដី៖ «លី សុខងីម ហ្នឹង ដឹក​កម្មករ ២០​នាក់​ទៅ​ដាក់​ក្នុង​ព្រៃ​សហគមន៍​យើង​ខ្ញុំ កាប់​បំផ្លាញ ៥​ហិកតារ ៦​ហិកតារ​បាត់​ហើយ ឥឡូវ​នៅ​តែ​កាប់​រហូត»
នៅ​ក្នុង​ការ​តវ៉ា​នោះ​មិន​ឃើញ​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​ចេញ​មុខ​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ​នោះ​ទេ ចំណែក​ទ្វារ​របង​សាលា​ដំបូង​ត្រូវ​បាន​បិទ ហើយ​ប៉ូលិស​ត្រូវ​បាន​ដាក់​ឲ្យ​មក​ឃ្លាំមើល​នៅ​កន្លែង​តវ៉ា​ខ្លាច​មាន​អំពើ​ហិង្សា​ពី​ប្រជាពលរដ្ឋ។
ចំណែក​អ្នក​តវ៉ា​ម្នាក់​និយាយ​ថា ដីធ្លី​សហគមន៍​ត្រូវ​គេ​រំលោភ ប៉ុន្តែ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នក​រំលោភ​ដី​សហគមន៍​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​រឹប​អូស​ដី​ប្រជាពលរដ្ឋ ហើយ​ចាប់​ខ្លួន​ប្រធាន​សហគមន៍​ដើម្បី​គំរាម​ស្មារតី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ការពារ​ដី​ពួកគាត់៖ «យើង​បាតុកម្ម​ដុត​ក្តារ មិន​មែន ហាំង នឿ ជា​អ្នក​បញ្ជា​ទេ ប្រជាពលរដ្ឋៗ​ឯកភាព​គ្នា​ទាំង​អស់។ ប្រជាពលរដ្ឋ​ទាំង​អស់​ស្រុះស្រួល​ធ្វើ​បាតុកម្ម​ហ្នឹង»
ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក សួស ឡា មាន​ប្រសាសន៍​បញ្ជាក់​ពី​ករណី​នេះ​តាម​ទូរស័ព្ទ​ថា តុលាការ​មិន​អាច​ដោះស្រាយ​ការ​ទាមទារ​របស់​សហគមន៍​ដោយ​ការ​ប្រមូល​ផ្តុំ​គ្នា​បែប​នេះ​បាន​ឡើយ៖ «គាត់​ស្នើ​សុំ​ដោះលែង គាត់​មក​ទាំងហ្វូង​ទាំងហ្វាយ ធ្វើ​អ៊ីចឹង​ក៏​អត់​មាន​ច្បាប់​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង។ បើ​គាត់​ចង់​ឲ្យ​ដោះលែង អ៊ីចឹង​ឲ្យ​គាត់​ដាក់​មេធាវី​ណា​មួយ ឬ​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​ទៅ»
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា អ្នក​តវ៉ា​ប្រើប្រាស់​រូបភាព​តស៊ូ​មតិ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្រធាន​សហគមន៍​ពួកគេ​មក​វិញ ហើយ​មិន​បាន​ប្រើ​អំពើ​ហិង្សា​អ្វី​នោះ​ទេ។
លោក​បន្ត​ថា មន្ត្រី​តុលាការ​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​នេះ៖ «ប្រជា​សហគមន៍​ព្រឹកមិញ​គាត់​ឈរ​បិទ​មាត់​ទ្វារ​តុលាការ ប៉ុន្តែ​យើង​ឃើញ​ថា មន្ត្រី​តុលាការ​ហាក់​បី​ធ្វើ​ព្រងើយកន្តើយ មិន​ដឹង​មិន​ឮ ហាក់​ដូច​មិន​មាន​អ្នក​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ​អ៊ីចឹង នេះ​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ»
របាយការណ៍​អង្កេត​របស់​មន្ត្រី​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ អ្នក​ភូមិ​ម៉ាស់ បាន​ព្រមព្រៀង​ប្រគល់​ដី ៤០០​ហិកតារ​ទៅ​ឲ្យ​ក្រុម​យោធា​ខេត្ត​ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ក៏ប៉ុន្តែ​អ្នក​ភូមិ​ដាក់​លក្ខខណ្ឌ​ឲ្យ​ក្រុម​យោធា​ផ្តល់​ប្រាក់ ២​ម៉ឺន​ដុល្លារ និង​សាងសង់​សាលារៀន ផ្លូវ​ថ្នល់​ជូន​ប្រជាពលរដ្ឋ​វិញ។ ករណី​នេះ ក្រុម​យោធា​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ ថែម​ទាំង​បាន​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​អ្នក​ជំនួញ​រស់​នៅ​ក្រុង​បានលុង គឺ​លោក សេង ពិសិដ្ឋ ដែល​មាន​ភាគ​ហ៊ុន​ជាមួយ​អ្នកស្រី លី សុខងីម ទើប​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អ្នក​ជំនួញ​ទាំង​ពីរ​បំពេញ​លក្ខខណ្ឌ​ដែល​យោធា​បាន​ព្រមព្រៀង​ជាមួយ​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​អ្នក​ជំនួញ​ទាំង​ពីរ​មិន​បាន​បំពេញ​លក្ខខណ្ឌ​នេះ​ជូន​សហគមន៍ ហើយ​ថែម​ទាំង​បន្ត​ជួល​កម្មករ​កាប់​រាន​យក​ដី​សហគមន៍​រហូត​បច្ចុប្បន្ន។
យ៉ាង​នេះ​ក្តី រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល ភរិយា​ជន​ជាប់​ចោទ​អ្នកស្រី ជួច ឆាជឺ បាន​ស្រែក​ទ្រហោយំ​អង្វរ​សុំ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​អ្នកស្រី​ឲ្យ​មាន​សេរីភាព ប៉ុន្តែ​ទ្វារ​របង​តុលាការ​នៅ​តែ​បិទ៖ «សុំ​ដោះលែង​ទៅ​ប្ដី​ខ្ញុំ... ដោះលែង​ប្ដី​ខ្ញុំ​ទៅៗៗៗៗ ខ្ញុំ​មិន​ចេះ​និយាយ​ខ្មែរ ដោះ​លែង​ប្ដី​ខ្ញុំ​ទៅ អត់​មាន​មនុស្ស​ធ្វើ​ការ កូន​ហូប​ពីរ​បី​នាក់»
រហូត​មក​ទល់​នឹង​រសៀល​ម៉ោង ៥ និង ៣០ ការ​តវ៉ា​របស់​សហគមន៍​មិន​មាន​លទ្ធផល​អ្វី​ទេ។ អ្នក​តវ៉ា​មិន​ព្រម​ចាកចេញ​ពី​មុខ​តុលាការ​ខេត្ត​ទេ ដោយ​ពួកគាត់​អះអាង​ថា នឹង​ប្រមូល​ផ្តុំ​នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​ស្អែក​ហើយ​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត៕




No comments:

Post a Comment