Paris Peace Accords 23 Oct. 1991

Monday, March 10, 2014

សហគមន៍​ នៅ​កំពង់ឆ្នាំង ​ចាប់​បាន ​រទេះ​គោយន្ត កាប់​ឈើ​ ជាង​១០០​គ្រឿង

សហគមន៍​ នៅ​កំពង់ឆ្នាំង ​ចាប់​បាន ​រទេះ​គោយន្ត កាប់​ឈើ​ ជាង​១០០​គ្រឿង


ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ០៩ មីនា ២០១៤
ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បាន​បើក​យុទ្ធនាការ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ទំនប់​ថ្មី នៃ​ឃុំ​ជៀប។
ក្នុង​យុទ្ធនាការ​នេះ ក្រុម​សហគមន៍​ចាប់​បាន​រទេះ​គោយន្ត​កាប់​ឈើ​ជាង ១០០​គ្រឿង និង​បាន​ធ្វើ​កំណត់ហេតុ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ចំពោះ​ម្ចាស់​គោយន្ត​ទាំង​នោះ និង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
តំណាង​សហគមន៍​ឃុំ​ជៀប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មីនា ថា រទេះ​គោយន្ត​ជា​ច្រើន​គ្រឿង​មក​ពី ១៥​តំបន់​ផ្សេង​គ្នា​នៃ​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គីមានជ័យ ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ស្រុក​ឧត្ដុង្គ នៃ​ខេត្ត​កំពង់ស្ពឺ បម្រុង​ឡើង​ទៅ​កាប់​ឈើ​ត្រូវ​បាន​ហាមឃាត់។ ប្រភេទ​ឈើ​ដំ​សំបក​អុស​ស្ទែរ ឬ​អុស​គីប និង​អុស​សម្រាប់​ដុត​ឡ​ធ្យូង ត្រូវ​បាន​គេ​កាប់ និង​ដឹក​ចេញ​ពី​ចំណុច​ជើង​លាង ស្ថិត​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​នៅ​តាម​តំបន់​មួយ​ចំនួន​ក្បែរ​នោះ។
តំណាង​សហគមន៍​ឃុំ​ជៀប លោក អ៊ុក ផាត់ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ បាន​កើន​ឡើង​ទ្វេ​ដង ដោយ​ក្នុង ១​ថ្ងៃៗ គេ​ឃើញ​រទេះ​គោយន្ត​ដឹក​ឈើ​ចេញ​ចន្លោះ​ពី ១៥០ ទៅ ២០០​គោយន្ត ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​របស់​សហគមន៍​នេះ សកម្មភាព​ដឹក​ជញ្ជូន​ទាំង​នោះ​បាន​ស្ងប់ស្ងាត់​បន្តិច។
លោក​បន្ត​ថា សហគមន៍​នឹង​នាំ​យក​រូបភាព និង​ឈ្មោះ​ម្ចាស់​រទេះ​គោយន្ត​ដែល​ប្រមូល​បាន​ដាក់​ជូន​អាជ្ញាធរ​ឃុំ​ជៀប ដើម្បី​ចងក្រង​ជា​ឯកសារ៖ «ឃើញ​មាន​ទាំង​អស់​ឃើញ​អា​សកម្មភាព​ហ្នឹង​វា​ហួស​ពី​ការ​ស្មាន ហើយ​អា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ឃើញ​មាន​ទាំង​គ្រប់​ដែន​ជម្រក​បរិស្ថាន រដ្ឋបាល ដឺបេ និយាយ​រួម​អភិរក្ស​ឃើញ​ចម្រុះ​ទាំង​អស់ តែ​អា​បទ​ល្មើស​វា​និយាយ​រួម​អស់​រលីង អស់​ទាំង​ថ្នល់​អស់​ទាំង​ព្រៃ​ឈើ»
ក្រុម​សហគមន៍​បាន​បញ្ចេញ​សារ​តាម​រយៈ​ខិត្តប័ណ្ណ​ចំនួន ៤​ចំណុច ដូច​ជា ទី​១ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​បំផ្លាញ​ជីវិត​ខ្លួន​ឯង។ ទី​២ សូម​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដូច​ជា​អុស​ស្ទែរ ឬ​អុស​គីប អុស​សម្រាប់​ដុត​ឡ​ធ្យូង និង​កូន​ឈើ​ដំ​សំបក។ ទី​៣ សូម​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យក​ដី និង​ទី​៤ សូម​បញ្ឈប់​ការ​ឆក់​ត្រី។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន បាន​ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ពិត​ជា​កើត​មាន​ខ្លះ​មែន​នៅ​ក្នុង​ទឹក​ដី​ឃុំ​ជៀប និង​ការ​លួច​ដុត​ឡ​ធ្យូង​មួយ​ចំនួន​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់។ ប៉ុន្តែ​លោក​បាន​ដាក់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំង​នោះ​ហើយ។
លោក ពៅ ប៊ុនថន៖ «ហើយ​យើង​ក៏​បាន​ធ្វើ​របាយការណ៍​មួយ​ដែរ ឲ្យ​ខេត្ត ដើម្បី​ឲ្យ​គាត់​ជួយ​ទប់ទល់ និង​ផ្សព្វផ្សាយ​ខេត្ត​ក៏​បាន​យក​ចិត្ត​ទុក្ខ​ដាក់​ដែរ​លោក​ខេត្ត​រាល់ថ្ងៃ​នេះ គាត់​ចេះ​តែ​និយាយ​ជាប់ ប្រយ័ត្ន​អស់​ព្រៃ​អស់​ឈើ​ហ្នឹង ព្រោះ​ឈើ​វា​នៅ​តែ​តំបន់​អភិរក្ស​ហ្នឹង​ទេ ហើយ​ប្រជាជន​គាត់​សម្លឹង​ឃើញ​កន្លែង​ហ្នឹង ដូច​កន្លែង​ខ្លាញ់​អ៊ីចឹង​រាល់​ថ្ងៃ»
លោក​បញ្ជាក់​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​ដឹក​តាម​រទេះ​គោយន្ត គឺ​ពុំ​មាន​ចំនួន​ច្រើន​ដូច​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ឡើយ ហើយ​ឈើ​ទាំង​នោះ​ភាគ​ច្រើន​កាប់​ចេញ​តាម​ក្បាល​ស្រែ ឬ​ចម្ការ​របស់​អ្នក​ភូមិ និង​មួយ​ចំនួន​ទៀត​កាប់​ចេញ​ពី​ចំណុច​បឹង​ស្ទីញ ពាម​លោក និង​ភ្នំ​សុរិយា។ យ៉ាង​ណា​ខាង​មន្ទីរ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ទៅ​អាជ្ញាធរ​ស្រុក និង​ឃុំ​ឲ្យ​ជួយ​ទប់ស្កាត់​នូវ​សកម្មភាព​ទាំង​នេះ​ដែរ។
នាយិកា​នៃ​អង្គការ​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ AEC អ្នក​ស្រី ស សាត ថ្លែង​ថា សម្រាប់​ខេត្ត​កំពង់ឆ្នាំង សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​មាន​ការ​ថយ​ចុះ បន្ទាប់​ពី​ឈើ​ត្រូវ​បាន​កាប់​បំផ្លាញ​ស្ទើរ​គ្មាន​សល់​ពី​ក្នុង​ព្រៃ។
អ្នក​ស្រី​បន្ត​ថា សកម្មភាព​ចែក​ខិត្តប័ណ្ណ ធ្វើ​ញត្តិ និង​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ផ្សេងៗ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឡើយ៖ «យើង​អស់​ជម្រើស គឺ​ត្រូវ​តែ​លើក​គ្នា​ទៅ​ទប់​ស្កាត់​បទល្មើស ហើយ​ចាប់​បញ្ជូន​មក​ឲ្យ​រដ្ឋបាល​ព្រៃឈើ ព្រោះ​ធ្លាប់​សហគមន៍​ខាង​បរិបូរណ៍ ខាង​ទឹកផុស​ដែរ តែ​ក្រាំងស្គារ គាត់​ធ្វើ​កន្លង​មក​ហើយ អ៊ីចឹង​ឃើញ​ថា បទល្មើស​ហ្នឹង​ក៏​ថយ​ចុះ»
សហគមន៍​ដែល​បាន​ចង​បណ្ដាញ​ចំនួន ៦​ភូមិ នៃ​ឃុំ​ជៀប បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ក្នុង​រយៈពេល​បី​ថ្ងៃ​ថា នេះ​គឺ​ជា​ជំហាន​ជោគជ័យ​ទី​១ ហើយ​ខ្លួន​នឹង​ខំ​ប្រឹង​រិះរក​វិធីសាស្ត្រ​ជា​ច្រើន​ទៀត ដើម្បី​ទប់​ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន។ នៅ​ក្នុង​សកម្មភាព​នេះ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧៥​នាក់ និង​ចាប់​បាន​រទេះ​គោយន្ត​ចំនួន ១១៨​គ្រឿង៕




No comments:

Post a Comment